CamNews

ព័ត៌មានជាតិ 

បញ្ហា​អតីត​បុគ្គ​លិក ក្រុម​ហ៊ុន​អឹម​ហ្វូន អាស្រ័យ​លើ​តុលា​ការ ជា​អ្នក​ដោះ​ស្រាយ

ភ្នំពេញៈ អតីតបុគ្គលិកក្រុមហ៊ុន អឹមហ្វូន មានពន្លឺចំពោះប្រាក់ខែ និងប្រាក់អតីតភាពរបស់ពួក
គេហើយ បន្ទាប់ពីមានការសម្របសម្រួល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ
សម្បទា ដោយតម្រូវឲ្យសំណុំរឿងនេះ ទៅតុលាការជាអ្នកដោះស្រាយ ដោយមូលហេតុថា
ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ បានក្ស័យធនពិតប្រាកដ។

លោកនីម សូលីដា ជាវិស្វករបច្ចេកទេសនៃក្រុមហ៊ុន MFONE និងជាតំណាងបុគ្គលិក ក្រុមហ៊ុន
អឹមហ្វូនទាំងអស់ បានថ្លែងបន្ទាប់ពីកិច្ចជំនួប ដោយបិទទ្វារ រវាងក្រសួងសង្គមកិច្ច ដឹកនាំដោយ
លោក វង្ស សុវណ្ណ អនុប្រធានដោះស្រាយបាតុកម្ម និងកូដកម្មគ្រប់ជំនាញ និងអភិបាលបណ្តោះ
អាសន្នក្រុមហ៊ុន MFONE នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នំា២០១៣នេះថាពេលនេះពួកលោក បាន
យល់ព្រមទៅតាមការសម្របសម្រួល របស់ក្រសួងសង្គមកិច្ចហើយ ដោយក្រសួងបាន ឲ្យសំណុំ
រឿងនេះទៅតុលាការ ជាអ្នកដោះស្រាយ ក៏ប៉ុន្តែលោកនៅតែបន្តធ្វើ កូដកម្មដដែលរហូតដល់
ទទួលបាន លទ្ធផលជាស្ថាពរ។

លោកនីម សូលីដា បានបញ្ចាក់ថា "ដោយសារតែសំណុំរឿង ក្រុមហ៊ុនវាស្ថិតនៅក្នុងសំណុំរឿង
ក្ស័យធនអញ្ចឹងហើយយើង ត្រូវការរង់ចាំ តុលាការជាអ្នកធ្វើការរឿងហ្នឹង។ ហើយម្យ៉ាងទៀតតុលាការ បានចេញដីការសម្រេចជម្រះបញ្ជីហើយ អភិបាលបណ្តោះអាសន្ន របស់ក្រុមហ៊ុនគាត់មានសិទ្ធិ
សម្រេចលក់ឥវ៉ាន់ក្រុមហ៊ុន យកមកឲ្យយើងខ្ញុំ"។

បុគ្គលិកក្រុមហ៊ុនអឹមហ្វូន បាននាំគ្នាធ្វើការតវ៉ាអស់ រយៈពេលបីថ្ងៃមកហើយដើម្បី ស្វែងរកកិច្ច
អន្តរាគមន៍ពី រាជរដ្ឋាភិបាលចំពោះបញ្ហារបស់ពួក ដែលបំរើការងារជាច្រើនឆ្នាំ ហើយមិនទាន់
ទទួលបានប្រាក់ខែ និងប្រាក់អ្វីផ្សេងបន្ទាប់ពី ក្រុមហ៊ុននេះបានបិទទ្វារ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល