CamNews

ព័ត៌មានជាតិ 

អ្នកម្នាង អ៊ុក ផល្លា ត្រូវបានបញ្ជូន ទៅសង្រ្គោះ នៅថៃ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែ មេសា ឆ្នាំ២០១៥ អ្នកម្នាង អ៊ុក ផល្លា កំពុងស្ថិតនៅលើយន្តហោះរបស់ពេទ្យ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះនៅក្រៅ ប្រទេស បន្ទាប់រងគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងហេតុការណ៍រថយន្តដឹកដី បើកបុកក្បួនព្រះទីនាំង (រថយន្ត) របស់សម្តេច ក្រុមកាលពីម្សិលមិញនេះ។

លោក ញ៉េប ប៊ុនជិន បានឲ្យដឹងថា អ្នកម្នាង អ៊ុក ផល្លា ដែលរងរបួសចំក្បាលនោះ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះ នៅក្នុងប្រទេសថៃ។

ហេតុការណ៍គ្រោះថ្នាក់ពីម្សិលមិញនេះ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា គឺជារឿងចេតនា សុទ្ធសាធមិនមែន ជារឿងអចេតនានោះឡើយ លោកទទូចឲ្យសមត្ថកិច្ចស៊ើបអង្កេតលើករណីនេះ ឲ្យជាក់ច្បាស់ និងយកចិត្តទុកដាក់ ជាទីបំផុត។

លោក ញ៉េប ប៊ុនជិន បានរៀបរាប់ហេតុការណ៍ម្សិលមិញថា «វាមិនជារឿងចៃដន្យនោះទេ ហេតុអីរថយន្តដឹកដីនេះ គ្រាន់តែផុតរថយន្តសារ៉ែនក្នុងក្បួនភ្លាម ស្រាប់តែកាច់ចង្កូតសំដៅមកបុកព្រះទីនាំងរបស់ សម្តេចក្រុមព្រះ ដែល នៅពីក្រោយរថយន្តសារ៉ែនតែម្តង។ ខ្ញុំសូមឲ្យសមត្ថកិច្ច ចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើ រឿងនេះ ខ្ញុំគិតថា ជាចេតនាក្នុងការធ្វើគត់សម្តេចក្រុមព្រះ»។

កាលពីម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ រថយន្ដដឹកដីមួយគ្រឿង  បានបើកបុកចូល ក្បួនព្រះទីនាំងរបស់សម្ដេចក្រុមព្រះ ដែលកំពុងធ្វើដំណើរត្រឡប់មកពីជួបសំណេះសំណាលជាមួយអ្នកគាំទ្រ របស់ព្រះអង្គនៅក្នុងខេត្តកំពង់ចាម ឆ្ពោះមករាជធានីភ្នំពេញ។

រថយន្តដឹកដីបានបើកកៀរព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ម៉ាក BMW យ៉ាងធ្ងន់ធ្ងរ និងបន្តបុក រះរថយន្តក្នុងក្បួនដទៃទៀត បណ្ដាលឱ្យអ្នកម្នាង អ៊ុក ផល្លា រងរបួសត្រង់ក្បាល សម្តេចក្រុមព្រះរងរបួសបន្តិច បន្តួច រីឯអ្នករួមដំណើរក្នុងក្បួន ៤នាក់ផ្សេងទៀត ក៏រងរបួសធ្ងន់-ស្រាលផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរ នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។

អធិការនគរបាលស្រុកព្រៃឈ លោក កែវ សៀងហ៊ន បានបញ្ជាក់ថា ខណៈដែលក្បួនរថយន្ដរបស់សម្ដេចក្រុម ព្រះ ដែលមានរថយន្ដស៊ីរ៉ែននាំមុខ កំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញនោះ ស្រាប់តែរថយន្ដដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាសទិសក្បួន ហើយពេលផុតរថយន្ដស៊ីរ៉ែន រថយន្ដដឹកដីបាន បើកចូលក្បួនទៅកៀរព្រះទីនាំងរបស់ព្រះអង្គ រួចបន្ដទៅបុកគល់ឈើ។

ទោះបីជាយ៉ាងក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តដឹកដីឈ្មោះ លី សុផាត អាយុ ៤៨ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ក៏បានចូលបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ច និងប្រាប់អត្តសញ្ញាណអ្នកបើកបរបង្គ្រោះថ្នាក់ ដែលកំពុងរត់គេចខ្លួនផងដែរ។

អ្នកបើកបរបង្កគ្រោះថ្នាក់ខាងលើ មានឈ្មោះ ឈឿន រ៉ុន រស់នៅភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម អាយុ ២៥ឆ្នាំ។ អ្នកស៊ីឈ្នួលបើករថយន្តដឹកដីរូបនេះ ទទួលបានប្រាក់កម្រៃថ្លៃបាយ ២៥០០០រៀល ក្នុង១ថ្ងៃ និង ទទួលបានប្រាក់ខែ ១៧០ដុល្លារ ក្នុង១ខែ រូបគេបានបើករថយន្តដឹកដីតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដោយ យកទៅចាក់នៅការដ្ឋានទឹកឆា។

ស្នងការខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន បានបញ្ជាក់ថា តាមការសន្និដ្ឋានជាជំហានដំបូង គ្រោះថ្នាក់ចរាចរនេះ បាន កើតឡើង ដោយសារតែអ្នកបើករថយន្តដឹកដី ប្រជែងគេប្រជែងឯង ដែលអ្នកផ្សេងទៀតអែបខាងឲ្យក្បួនទៅស្រាប់ តែរេចង្កូតបើកបុកចូលក្បួនតែម្តង៕

ព្រះទីនាំងសម្តេចក្រុមព្រះ ដែលរថយន្តដឹកដីបុកកៀរយ៉ាងដំណំ


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP