កែប ជាខេត្តនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូង ជាអតីតរមណីយដ្ឋានដែលត្រូវបានគេស្គាល់ពេញប្រទេសកម្ពុជាដោយសារ ឆ្នេរសមុទ្រសម្រាប់ការសម្រាកកំសាន្តនិងការគេងហាលថ្ងៃ និងក្ដាមសមុទ្រស្រស់យ៉ាងឆ្ងាញ់ពិសា។ ប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត នេះមានជីវិតរស់ឡើងវិញជាមួយភ្ញៀវបរទេសនិងក្នុងស្រុកដែលធ្វើ ដំណើរទៅរមណីយដ្ឋានដ៏ប្រណីតតាមឆ្នេរសមុទ្រ កោះតំបន់ត្រូពិក និងអាហារសមុទ្រដ៏ឆ្ងាញ់ពិសា។
អំឡុងយុគមាសរបស់ប្រទេសកម្ពុជាមុន ឆ្នាំ១៩៧០, តំបន់ឆ្នេរសមុទ្រនេះជាកន្លែងកំសាន្ដសម្រាប់អ្នកមាន។ ទោះបីជាឆ្នេរកែបមិនធំដូចឆ្នេរខេត្តព្រះសីហនុក្ដី ក៏អ្នកធ្វើដំណើរទៅទីនោះអាចទទួលបានបរិយាកាសស្ងប់ស្ងាត់ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។
ផ្នែកតូចមួយនៃឆ្នេរសមុទ្រមានការលក់ ក្ដាមជាទៀងទាត់ (ផ្សារក្ដាម) នៅជាប់មាត់ទឹកនោះដែលបម្រើជាទិសដៅទេសចរយ៉ាងមានប្រជាប្រិយ។ អ្នកនេសាទនាំយកមកកន្រ្តកក្ដាមពីលើទូក និងមានភោជនីយដ្ឋាននៅជិតទឹកសមុទ្រដែលចម្អិនយ៉ាងស្រស់ៗ ជាធម្មតាមានស្ងោរជាមួយគ្រឿងក្រអូបដែលជាម្រេចដ៏ល្បីល្បាញរបស់ខេត្តកំពត។ នៅទីនោះក៏មានត្រី មឹក បង្គា ដែលត្រូវបានគេចម្អិនយឺតៗនៅលើឆ្នេរខ្សាច់នៅខាងមុខភោជនីយដ្ឋាន។
សម្រាប់ការសម្រាកពីការធ្វើដំណើរពេញ មួយថ្ងៃ ជាញឹកញាប់ភ្ញៀវក៏អាចធ្វើដំណើរទៅកោះជិតៗនោះដូចជាកោះទន្សាយ ដែលអាចជិះទូកតែបន្តិចពីឆ្នេរកែប។ នៅទីនេះអ្នកនឹងឃើញទេសភាពមាត់សមុទ្រ ព្រៃឫស្សី បឹងកាឡូ ភាពស្រស់ស្អាតនៃជនបទផ្សេងទៀត។ ទូកនឹងវិលត្រលប់វិញនាពេលល្ងាចដែលមិនខកខានមើលថ្ងៃលិចឡើយ។ចំពោះអ្នកដែលចូលចិត្តសម្រាកចេញពីការដេកលេងឆ្នេរសមុទ្រ ក៏អាចទៅលេងរូងថ្មកំបោរ ដែលខ្លះក៏មានទីសក្ការៈផងដែរ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia