CamNews

ទេសចរណ៍ 

រមណីដ្ឋានធម្មជាតិដ៏អច្ឆរិយ សម្បរទៅដោយត្រីផ្សោត អន្លុងស្វាយធំ

រមណីដ្ឋាន​អាងត្រី​ផ្សោត​អន្លុង​ស្វាយ​ធំ ឬក៏​អាច​ហៅ​ម្យ៉ាងទៀត​ថា ត្រី​ផ្សោត​ព្រះ​រំកិល គឺជា​រមណីដ្ឋាន​មួយ ក្នុងចំណោម​កន្លែង​ដ៏​មាន​សារៈសំខាន់​ជាច្រីន សម្រាប់​តំបន់​អភិរក្ស​សត្វព្រៃ ទន្លេមេគង្គ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ដូចជា សម្រាប់​តំបន់​អាស៊ី​អាគេ្នយ៍​។ តំបន់​នេះ​គឺជា​តំបន់ មួយ​ក្នុងចំណោម​តំបន់​បី​បួន​ទៀត​នៅ​អាស៊ី​អ​គ្នេយ៍ ដែល​ជា​កន្លែង​អំបូរ​ថនិកសត្វ នៅតែ​ត្រូវបាន គេ​ឃើញ​នៅក្នុង​ព្រៃ​នៅឡើយ​។ រមណីដ្ឋាន​នេះ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បូរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

​ តំបន់​នេះ​មិន​ត្រឹមតែ​ជា​តំបន់​អភិរក្ស​ប៉ុណ្ណោះ​ទេ ក៏បាន​ផ្តល់​នូវ​ទស្សនីយ៍ភាពដ៏​គួរឲ​គយគន់​ទស្សនា នូវ​ត្រី​ផ្សោត​ទន្លមេគង្គ​ផុស និង​លោត​ឡើង​ពី​ទឹក​ដ៏​ថ្លាយង់​ដូច​កញ្ចក់ ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ទស្សនា​។ កាលពី​៣-៤​ឆ្នាំមុន តំបន់​នេះ​ក៏​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ដែល​ហូរ​ចូល​តាម ព្រំដែន​ប្រទេស​ឡាវ​ផងដែរ​។ ការទាក់ទាញ​ដ៏​សំខាន់​បំផុត​នោះ​គឺ ត្រី​ផ្សោត​ទន្លេ និង​ខ្សាច់​ពណ៌ ស ព្រមទាំង ឆ្នេរ​ខ្សាច់​ដ៏​វែង​អន្លាយ​តាម​បណ្តា​យ​ដង​ទន្លេ​។​

​នៅ​រដូវប្រាំង អាង​ត្រី​ផ្សោត​នៃ​រមណីដ្ឋាន​អន្លុង​ស្វាយ​ធំ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើង ៗ និង​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បាន​មើល​ឃើញ​យ៉ាង​ងាយស្រួល នូវ​ប្រភេទ​ថនិកសត្វ​ទន្លេ មេគង្គ​មួយ​នេះ ពី​កោះ​ខ្សាច់​ពណ៌​ស​ដ៏​តូច​មួយ  ដែល​នៅ​ផ្នែក​ខាងកើត​នៃ​ទីនោះ​។ នៅពេលនោះ ទឹកទន្លេ កាន់តែ​ថ្លា​ច្បាស់ ហើយ​ត្រី​ផ្សោត​ក៏បាន​ផុស​ឡើង និង​មាន​សកម្មភាព​ជាច្រើន​នៅ ក្នុង​អន្លុង​នោះ​។ ជួនកាល ប្រសិនបើ​អ្នក​មាន​សំណាង អ្នក​អាច​ឃើញ​វា​លោត​ផុត​ពី​ទឹក​ទាំង​គូ ឬ​ទាំង កូន​វា ដូចជា​ត្រី​ផ្សោត ដែល​អ្នក​បាន​ឃើញ​តាម​ទូរទស្សន៍​យ៉ាង​ដូច្នេះ​ដែរ​។​

​ម្យ៉ាងទៀត  មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន មិន​ដែល​ធ្វើឲ្យ​បាត់បង់​ឱកាស​ក្នុង​ការហែល​ទឹកលេង កំសាន្ត នៅក្នុង​ទឹក​ដ៏​ថ្លា​នៃ​ទន្លេ​មេគង្គ នៅ​ជុំវិញ​កោះ​នេះ ឬក៏​ដេក​លំហែ​ក្រោម​កំដៅ​ព្រះអាទិត្យ នៅលើ​ឆ្នេរ​ខ្សាច់​ពណ៌​ស​ដ៏​ស្រស់​ស្អាត​នោះឡើយ​។​

​ពេលវេលា​នៃ​ ការធ្វើដំណើរ​កំសាន្ត​ដ៏​ល្អ​បំផុត ទៅ​រមណីដ្ឋាន​ផ្សោត​អន្លុង​ស្វាយ​ធំ គឺ​ចន្លោះ​ខែ​ធ្នូ ទៅ​ខែ មីនា ដែល​ផ្លូវ​ធ្វើដំណើរ​ទៅ​ទីនោះ​ងាយស្រួល ហើយ​មាន​ចំងាយ​ត្រឹមតែ​៥៧​គ​.​ម  និង​ចំណាយពេល​ត្រឹមតែ ១​ម៉ោង កន្លះ​ប៉ុណ្ណោះ​តាម​ផ្លូវជាតិ​លេខ​៧ ឬ​មាន​ចំងាយ​៧៨​គ​.​ម ដោយ​ធ្វើដំណើរ​តាម​ទូក ចេញពី​ក្រុង​ស្ទឹងត្រែង តាម​បណ្តោយ​ទន្លេមេគង្គ​។​
​ សូមបញ្ជាក់​ថា នៅ​រដូវ​ទឹក​ឡើង​មានការ​ពិបាក​នឹង​ឃើញ​ត្រី​ផ្សោត​លោត​ឡើង នៅ​ក្នុង​ទឹកទន្លេ ដ៏​ធំ​ល្ហល្ហេវ​នេះ​ណាស់ ។ ពីព្រោះ​តែ​ទឹកទន្លេ​ហូរ​ខ្លាំង ពី​ល្បាក់ខោន ឬ​ទឹកធ្លាក់​សុភ​មិត្រ ។ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ព្រះ​រំកិល ដូចគ្នា ហើយ​ភ្ញៀវទេសចរ ក៏​អាច​ទស្សនា​ទឹក​ធ្លាក់ សុភ​មិត្រ ដែល​ហូរ​ចូល​ទៅ​ទន្លេមេគង្គ​៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Anlong Svay Thom Dolphin Pool