CamNews

ព័ត៌មានជាតិ 

ដាប់ប៊ែលយូប៊ី ហ្វាយនែន ដំឡើងឆ័ត្រធំៗសម្រាប់អ្នកដំណើរក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ -  ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដំឡើងឆ័ត្រធំៗនៅតាមភ្លើងស្តុប និងតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ​ ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងជួយសម្រួលដល់អ្នកធ្វើដំណើរទៅមក។ ឆ័ត្រធំនេះមានទំហំ ៣ ម៉ែត្រ ធ្វើឡើង យ៉ាងរឹងមាំ ដែលអាចផ្តល់ជាម្លប់នារដូវក្តៅ និងជារបាំងទឹកភ្លៀងនារដូវវស្សា។ អ្នកធ្វើដំណើរទាំងអស់នឹងប្រទះឃើញឆ័ត្ររបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន នៅតាមដងផ្លូវមាត់ទន្លេ និងផ្លូវធំៗមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ ខណៈពេលដែលពួកគេកំពុងរង់ចាំភ្លើងស្តុបដើម្បីឆ្លងផ្លូវ។



 លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន​ បានមានប្រសាសន៍ថា “ការដំឡើងឆ័ត្រធំៗ នៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញនេះ គឺជាសកម្មភាពសង្គមមួយរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការរួមចំណែកដល់សហគមន៍កម្ពុជា និងជួយលើកទឹកចិត្តអ្នកធ្វើដំណើរថ្មើរជើង ឱ្យកាត់បន្ថយការប្រើប្រាស់យានយន្តលើដងផ្លូវ និងរួមគ្នាកាត់បន្ថយបរិយាកាសកខ្វក់ក្នុងទីក្រុង។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលារាជធានីភ្នំពេញ ដែលបានផ្តល់ការគាំទ្រ និងផ្តល់ការប្រឹក្សាបន្ថែមដើម្បីធ្វើឲ្យការដំឡើងឆ័ត្រទទួលបានជោគជ័យ​ និងមានភាពរលូន។  


 ដាប់ប៊ែលយូប៊ី ហ្វាយនែន តែងតែយកចិត្តទុកដាក់ចូលរួមចំណែកលើកស្ទួយសុខុមាលភាពសហគមន៍ តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម (CSR) នានារបស់ខ្លួន។ នាពេលថ្មីៗនេះដាប់ប៊ែលយូប៊ី ហ្វាយនែន បានរៀបចំកម្មវិធីបរិច្ចាគឈាមដល់មជ្ឍមណ្ឌលជាតិផ្តល់ឈាមនៃកម្ពុជា ការចូលរួមយុទ្ធនាការប្រឆាំងជម្ងឺឆ្លង COVID-១៩ និងការបរិច្ចាគសៀវភៅជូនដល់សាលារៀននៅតាមទីជនបទនានា។ ការដំឡើងឆ័ត្រតាមដងផ្លូវ គឺជាសកម្មភាពសង្គមដ៏សំខាន់មួយផងដែរ ហើយយើងនឹងបន្តដំឡើងឆ័ត្រធំៗបែបនេះបន្ថែមទៀតនៅតាមទីតាំងដទៃទៀតក្នុងរាជធានីភ្នំពេញ ក្នុងន័យជួយសម្រួលសុខុមាលភាពសហគមន៍។​​


 ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញប្រតិបត្តិការតាមរយៈ ១៣៦ សាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាបុត្រសម្ព័ន្ធ ធនាគារអ៊ូរី ដែលជាធនាគារឈានមុខគេមួយនៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនដល់ សហគមន៍កម្ពុជាអស់រយៈពេលជាង ២០ឆ្នាំ ជាមួយនឹង ផលិតផល និងសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែប មានដូចជា ប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត ការទូទាត់វិក្កយបត្រ និងអេធីអឹម។ គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ​​​​​​​​ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ៦២៨.១៩ លានដុល្លារអាមេរិក          ផលប័ត្រឥណនទានសរុបចំនួន ៥២៥.១៦ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ៩៥.៥០ លានដុល្លារអាមេរិក៕