CamNews

ព័ត៌មានជាតិ 

ខ្លាត្រីដ៏កម្រ ត្រូវបានគេថតជាប់ក្នុងប្រទេសកម្ពុជា

ពូជ​សត្វ​ខ្លាត្រី​នេះ ត្រូវ​បាន​ផុត​ពូជនៅ​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​ទាន់​មានរបាយការណ៍ណាមួយ​ថា​ វា​បាន​ផុត​ពូជ​នៅ​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ថៃ​ និង​កម្ពុជា​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កុម្ភៈកន្លង​ទៅ អ្នក​ស្រាវ​ជ្រាវ​ ពី Cambodian Fishing Cat Project បាន​បំពាក់​នូវ​កាមេរ៉ា​ចំនួន​ ៣០ នូវ​ជម្រក​ព្រៃ​កោង​កាង ដែល​ជា​តំបន់​អភិរក្សសម្រាប់​ពូជ​សត្វ​ខ្លា​ត្រី​នេះ។

លទ្ធផល​បាន​ផ្តល់​នូវ​ រូបភាព​ដំបូង​នៃ សត្វ​ខ្លា​ត្រី ក្នុង​ប្រទេស​កម្ពុជា គិត​តាំង​ពី​ការ​ស្រាវ​ជ្រាវ​កាល​ពី​ឆ្នាំ​២០១៥។

Dr. Jan F. Kamler អ្នកសម្របសម្រួលកម្មវិធីសត្វ​ខ្លារខិន អាស៊ីអាគ្នេយ៍ សម្រាប់អង្គការអភិរក្សសត្វ​ខ្លា​ព្រៃ​ពិភពលោក Panthera បាន​និយាយ​ថា៖ « ការ​ថត​រូប​សត្វ​ខ្លា​ត្រី បាន​ម្តង​ទៀត​ ក្រោយ​រយៈពេល​២​ឆ្នាំនេះ ពិត​ជាដំណឹង​ល្អ​ណាស់។»

អ្នក​ស្រាវ​ជ្រាវ​ Sarady Moul បាន​ប្រទះ​ឃើញ​ ខ្លា​ត្រី​មួយ​ក្បាល​កណ្តាល​ថ្ងៃ​ កំឡុង​ពេល​ទៅ​ពិនិត្យ​មើល​កាមេរ៉ា នៅ​តាម​ព្រែក​តូចៗ។ គាត់​បាន​រំលឹកថា៖ «ខ្ញុំ​មាន​ភាព​ភ្ញាក់​ផ្អើល​មែន​ទែន ដែល​ខ្ញុំ​សឹង​តែ​លោត​ចេញ​ពី​ទូក​ទៅ​ហើយ។ ម៉ោង​ប្រហែល 8:45 ព្រឹក ខ្ញុំ​បាន​ឃើញ​វា​ចេញ​ពី​ម្តុំ​ឬស​ដើម​កោង​កាង ដែល​ខ្ញុំ​មិន​ដែល​រំពឹង​ថា​ឃើញ​វា​នៅ​ពេល​នោះ​ឡើយ។»​

លោក Moul បាន​ស្នើរ​ឲ្យ​អ្នក​បើក​ទូក ខិត​ចូល​ទៅជិត​ដើម្បី​ថត​រូប ប៉ុន្តែ​ខ្លា​ត្រី​នោះ​បាន​បែរ​ខ្លួន បាត់​ទៅ​ក្នុង​ព្រៃ​កោង​កាង។ លោក Moul បាន​និយាយ​ថា៖ «ឃើញ​សត្វ​ខ្លា​ត្រី​ ក្នុង​ព្រៃ​បែប​នេះ ពិត​ជា​អស្ចារ្យ​មែន​ទែន។»

បើ​តាម​អ្នក​ស្រាវ​ជ្រាវ លោក Herranz Muñoz បាន​និយាយ​ថា៖ «តាម​ការ​សនិ្នដ្ឋាន​របស់​ខ្ញុំ សត្វ​ខ្លា​ត្រី​នោះទំនង​ជា​រក​កន្លែ​ង​ហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត។ ខ្លា​ត្រី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សត្វ​រាត្រី។ កាល​ដែល​ឃើញ​វា​នៅ​ពេល​ថ្ងៃ​បែប​នេះ ពី​ព្រោះ​តែ​ជំនោរ​ទឹក​ទាប ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​ពី​ត្រើយ​ម្ខាង ទៅ​ម្ខាង​ទៀត»។​

លោក Moul បាន​បំពាក់​នូវ​កាមេរ៉ា​ ឲ្យ​កាន់​តែ​ជិត​កន្លែង​នោះ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ «ពួក​យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ដែល​កាមេរ៉ា​របស់​ពួក​យើង​បាន​ថត​ជាប់​សត្វ​ខ្លា​ត្រី ហែល​ទឹក​ក្នុង​ព្រៃ​បែបនេះ»៕

 

ប្រភព៖ mongabay

ប្រែសម្រួល៖ High