CamNews

ព័ត៌មានជាតិ 

បុរសដើមកំណើតក្នុងខេត្តស្វាយរៀងម្នាក់ ផលិតយន្តហោះដោយខ្លួនឯង តាម YouTube

ជាងបី​ឆ្នាំ​មក​ហើយ ដែល​ជាង​ជួសជុល​ឡាន​ម្នាក់ លោក ប៉ែន ឡុង បាន​ចំណាយ​ពេល​វេលា​ជា​ច្រើ​នមើល​ YouTube ដើម្បី​ផលិត​យន្តហោះ​ក្នុង​ក្តី​សុបិនរបស់​គាត់។

លោក ប៉ែន ឡុង និយាយ​ថា៖ «ដំបូង​ឡើង ខ្ញុំ​គ្រាន់​តែ​សរសេរពាក្យ​ “Jet”។» បន្ទាប់​មក​វា​ក៏​ចាប់​ផ្តើ​ម​បង្ហាញ​វីដេអូ​ផ្សេងៗទៀត ដូច​ជា​ការ​ហោះឡើង ការ​ចុះ​ចត និង​ការ​ផលិតយន្ត​ហោះ​ជា​ដើម។


ក្រោយ​ពេល​បាន​ឃើញ  ឧទ្ធម្ភាគចក្រ កាល​ពី​គាត់មាន​អាយុ ៦​ឆ្នាំ  ធ្វើ​ឲ្យ​ចំណង់​នៃ​ការ​ហោះ​ហើរ តែង​តែ​លេច​ឡើង​ក្នុង​ខួរក្បាល​របស់​គាត់។ «ខ្ញុំ​យល់​សប្តិពី​យន្តហោះ​ជា​រៀង​រាល់​យប់។ ខ្ញុំ​តែ​ង​តែ​ចង់​បាន​យន្ត​ហោះ​ផ្ទាល់​ខ្លួន។»

លោក ឡុង​ បាន​ពោល​ថា៖ «ខ្ញុំ​បាន​ចាប់​ផ្តើម​បង្កើត​យន្តហោះដោយ​អាថ៌កំបាំង។ ខ្ញុំខ្លាច​អ្នក​​ដទៃគេ​សើច​ចំអក​ខ្ញុំ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ភាគ​ច្រើន​ធ្វើ​វានៅ​​ពេល​យប់»។

ឧទ្ធម្ភាគចក្រ របស់​លោក​ឡុង​ មាន​ស្លាប​ប្រវែង ៥.៥ ម៉ែត្រ ដែល​ធ្វើ​ឲ្យ​លោក​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ ក្នុង​ការ​ផលិត ពី​របស់​កែច្នៃ​ឡើង​វិញ។ សម្រាប់​កៅអី​របស់​ ពីឡុត​ វិញ គឺ​ជា​កៅអីជ័រ ហើយ​តួយន្តហោះគឺ​ធ្វើ​ពី​ធុង​ហ្គាស់ចាស់ៗ។

កាល​ពី​ថ្ងៃទី​ ០៨ ខែ​មិនា មុន​ម៉ោង​ ៣​រសៀល លោក​ឡុងបាន​ចាប់​ផ្តើម​បញ្ជេះ​ម៉ាស៊ីន​យន្ត​ហោះ​គាត់។ មាន​មនុស្ស​បី​នាក់​ផ្សេងទៀតជួយ​រុញវា ទៅ​កាន់​ផ្លូវ​ហោះ​ហើរ ម្តុំ​វាល​ស្រែ។

គាត់​បាន​ពាក់​មួក​ការពារ​សុវត្ថិភាព ហើយ​អង្គុយ​នៅ​ក្នុង​កន្លែងពីឡុត។ លោក​ឡុង​និយាយ​ថា យន្តហោះ​របស់​លោក ហោះ​បាន​កម្ពស់​ ៥០ ម៉ែត្រ បន្ទាប់​មក​ក៏​ធ្លាក់​ចុះ​មក​ក្រោម។

សម្លេង​សើច បាន​ស្វាគមន៍​គាត់​នៅ​ពេល​គាត់​ធ្លាក់​មក​ដី​វិញ។ «ខ្ញុំ​កំពុង​ឈរ​នៅ​ទី​នោះ ហើយ​ទឹក​ភ្នែក​ខ្ញុំ​ស្រក់។ ខ្ញុំ​ពិត​ជា​ក្តុកក្តួល​ណាស់ ព្រោះ​មិន​អាច​ទ្រាំ​នឹង​រឿង​ទាំង​អស់​ដែល​ពួក​គេ​ថា​ឲ្យ​ខ្ញុំ»។

ឥលូវនេះ លោក​ឡុង បាន​ងាក​មក​ធ្វើ​លើ​គម្រោង​ថ្មី​មួយ​ទៀត គឺ​ការ​ផលិត​ seaplane (យន្តហោះដែល​មិន​ប្រើ​កង់ អាច​ចេញ​ហោះហើរ និង​ចុះ​ចត តែ​លើ​ទឹក​ប៉ុណ្ណោះ)។

នៅ​ពេល​ដែល​លោក​បាន​សម្រេចនូវ seaplane គាត់​មាន​គម្រោង​ទៅ​សាក​ល្បង​វា​នៅ​ទន្លេ​វ៉ៃកូ ក្នុង​ខេត្ត​ស្វាយ​រៀង។ តាម​ការ​សន្និដ្ឋាន លោក​ប្រហែល​ជា​ចំណាយ​ប្រាក់​ប្រមាណ 10,000ដុល្លារ ដើម្បី​ផលិត ហើយ​ឥលូវ​នេះ លោក​បាន​ចំណាយ​ប្រាក់​ជាង 3,000ដុល្លារ ទៅ​លើ​ seaplane។

ប្រពន្ធ​របស់​លោក​ឡុង ឈ្មោះ ហ៊ឹង មួយហេង អាយុ ២៩ ឆ្នាំ ជា​អ្នក​លក់​គ្រឿង​បន្លាស់​រថយន្ត បាន​សម្តែងការ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ប្តី​នាង ជាពិសេស​ឥលូវ​នេះ ពួកគេ​មាន​កូន​ប្រុសតូចៗ ២ នាក់​ក្នុង​បន្ទុក។

«ខ្ញុំ​មិន​ដឹង​ថា​យន្តហោះ​វា​ដំណើរ​ការដូចម្តេចទេ ហើយគាត់​ក៏​គ្មាន​អ្នក​ជំនាញ​ណា​ម្នាក់​ជួយគាត់​ដែរ។» គាត់​បាន​បន្តថា៖« ខ្ញុំ​បាន​ព្យាយាមប្រាប់​គាត់​ឲ្យ​ឈប់​ដែរ ពីព្រោះ​ខ្ញុំ​ខ្លាច ប៉ុន្តែ​គាត់​និយាយ​ថា គាត់​នឹង​មិន​បង្កគ្រោះ​ថ្នាក់អ្វី​ឡើយ។ ចឹង​ខ្ញុំ​មាន​តែ​សម្រប​តាម​គាត់»។

ទោះបី​ជា​លោក​ឡុង បាន​កាត់​បន្ថយ​ហានិភ័យចំពោះ​គាត់​ និង​អ្នក​ដទៃ​ដោយ​ការ​សាកល្បង​ហោះ​ហើរ​ម្តង​ទៀត​លើ​ទឹក ក្នុង​ខែ​កក្កដានេះ​ក្តី គាត់​ដឹងថា​អាច​មាន​រឿង​មួយចំនួន​ ដែល​គាត់​មិន​អាច​គ្រប់​គ្រង​បាន។

គាត់​បាន​បញ្ជាក់​ថា៖ «គ្រោះ​ថ្នាក់ គ្មាន​នរណា​ម្នាក់​អាច​ទាយ​ទុក​មុន​បាន​ទេ»៕

 



ប្រភព៖ BBC

ប្រែសម្រួល៖ High