CamNews

ព័ត៌មានជាតិ 

WB Finance និង លីហួរ ផេប្រ៉ូ ចុះអនុស្សរណៈយោគយល់នៃការសហការគ្នាជាផ្លូវការ លើសេវាហិរញ្ញវត្ថុទូទាត់កម្ចី

"ដាប់ប៊ែលយូប៊ី ហ្វាយនែន និង លី ហួរ ផេប្រ៉ូ ចុះអនុស្សរណៈយោគយល់នៃការសហការគ្នាជាផ្លូវការ លើសេវាហិរញ្ញវត្ថុទូទាត់កម្ចីសម្រាប់អតិថិជន"


រាជធានីភ្នំពេញថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ - ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា បានចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់ នៃការសហការគ្នាជាផ្លូវការ ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចីប្រកបដោយភាពងាយស្រួលតាម រយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា។


 លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ​ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតសម្រាប់អតិថិជន តាមរយៈការផ្តល់នូវជម្រើសសម្បូរបែបក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនបានកាន់តែប្រសើរ។ ភាពជាដៃគូនេះបានពង្រឹង និងពង្រីកបណ្តាញទូទាត់ប្រាក់កម្ចីឱ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រៅពីការទូទាត់ប្រាក់កម្ចី តាមរយៈបណ្តាយសាខាទាំង ១៣៦ ទូទាំងប្រទេស សេវាធនាគារចល័ត និងភាគីដៃគូដទៃទៀត។ យើងកំពុងរង់ចាំការចាប់ផ្តើមធ្វើ ប្រតិបត្តិការសេវាហិរញ្ញវត្ថុ ជាមួយ លី​ ហួរ​​ វេរលុយ ដែលនេះជាការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ប្រសើរមួយដល់អតិថិជនរបស់យើង។ យើងនឹងបន្តចាប់ដៃគូលើកិច្ច​សហប្រតិបត្តិការ​សេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀតនាពេលខាង       មុខ។

 

ដោយឡែក  លោក ឧកញ្ញ៉ា  លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី​ ហួរ​​ វេរលុយ  និងជាអនុប្រធានក្រុមហ៊ុន លីហួរគ្រុប  មានប្រសាសន៍ថា  លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ធំមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយឈរលើចក្ខុវិស័យ ច្បាស់លាស់ និងរឹងមាំ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុក្រៅប្រព័ន្ធធនាគារ  មានដូចជា សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ បង់ទឹក បង់ភ្លើង សំរាម បសស​ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ  សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ជាច្រើនទៀត ជាមួយកម្រៃសេវាសមរម្យ ។ លីហួរ វេរលុយ មានបំណងពង្រីកភ្នាក់ងារឱ្យបានចំនួន ១០.០០០ ទីតាំងនៅទូទាំងប្រទេសក្នុងឆ្នាំ២០២១។ លើសពីនេះ យើងមានគម្រោងដាក់ឱ្យដំណើរការកម្មវិធី លី ហួរ ផេ (APP) ដើម្បីឱ្យអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀតមានជម្រើសសម្បូរបែប និងមានភាពងាយស្រួលក្នុងកាប្រើប្រាស់សេវារបស់យើង តាមរយៈទូរសព្ទដៃផ្ទាល់ខ្លួន។ យោងតាមចក្ខុវិស័យ និងបេសកម្មនេះ  យើងជឿជាក់ថា លី ហួរ ផេប្រ៉ូ និងដាប់ប៊ែលយូប៊ី ហ្វាយនែន  នឹងសហការគ្នាលើផ្នែកដទៃទៀតនៃសេវាហិរញ្ញវត្ថុដែលខ្លួនមាន ក្នុងន័យជួយសន្សំសំចៃ និងផ្តល់ភាពងាយស្រួលជូនអតិថិជន។



ដើម្បីអបអរសាទរ ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ​ភាពជាដៃគូនេះ អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលធ្វើការទូទាត់ប្រាក់កម្ចីតាមរយៈភ្នាក់ងារលី​ ហួរ​​ វេរលុយ នឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទស្មាតហ្វូនជាច្រើនគ្រឿង រយៈពេលបីខែ ចាប់ពីខែសីហា រហូតដល់ ខែតុលា ឆ្នាំ ២០២០។



 

 អំពី ដាប់ប៊ែលយូប៊ី ហ្វាយនែន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ ដែលកំពុងប្រតិបត្តិការនៅ ២៥ ខេត្ត ក្រុង តាមរយៈ ១៣៦ សាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាសមាជិកគ្រួសាររបស់ ធនាគារ អ៊ូរី ដែលជាធនាគារឈានមុខគេមួយនៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាជាង 20 ឆ្នាំ មកហើយ ជាមួយនឹងការផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប រួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវាអេធីអឹម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន ៦១២.៩៨ លានដុល្លារអាមេរិក និងផលប័ត្រឥណទានសរុបចំនួន  ៥០៦.៣១  លានដុល្លារ       អាមេរិក។



 អំពី លី​ ហួរ​​ ផេប្រ៉ូ

ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានលោក ឧកញ៉ា លី ហួរ ជាប្រធាន។ នៅឆ្នាំ ២០១៥ លោកបានទទួលពានរង្វាន់អន្តរជាតិ “ISQ” ស្តីពីភាពជាអ្នកដឹកនាំ និងគុណភាព        អន្តរជាតិ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស និងពានរង្វាន់ “សហគ្រាសឆ្នើម” ពីចក្រភពអង់គ្លេស។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ” ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាលេខ ២០-០១-១៦ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដើម្បីផ្តល់សេវាផ្ទេរប្រាក់ ដាក់ប្រាក់​ ដកប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់វិក្កយបត្រ និងសេវាទូទាត់ជាច្រើនផ្សេងទៀត។ លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ឈានមុខគេមួយ  ដែលបាននឹងកំពុងបម្រើអតិថិជនប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តទ្វេដងតាមរយៈភ្នាក់ងារទូទាំងប្រទេសកម្ពុជា៕