រមណីដ្ឋានអាងត្រីផ្សោតអន្លុងស្វាយធំ ឬក៏អាចហៅម្យ៉ាងទៀតថា ត្រីផ្សោតព្រះរំកិល គឺជារមណីដ្ឋានមួយ ក្នុងចំណោមកន្លែងដ៏មានសារៈសំខាន់ជាច្រីន សម្រាប់តំបន់អភិរក្សសត្វព្រៃ ទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា ហើយក៏ដូចជា សម្រាប់តំបន់អាស៊ីអាគេ្នយ៍។ តំបន់នេះគឺជាតំបន់ មួយក្នុងចំណោមតំបន់បីបួនទៀតនៅអាស៊ីអគ្នេយ៍ ដែលជាកន្លែងអំបូរថនិកសត្វ នៅតែត្រូវបាន គេឃើញនៅក្នុងព្រៃនៅឡើយ។ រមណីដ្ឋាននេះ មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងឃុំព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តំបន់នេះមិនត្រឹមតែជាតំបន់អភិរក្សប៉ុណ្ណោះទេ ក៏បានផ្តល់នូវទស្សនីយ៍ភាពដ៏គួរឲគយគន់ទស្សនា នូវត្រីផ្សោតទន្លមេគង្គផុស និងលោតឡើងពីទឹកដ៏ថ្លាយង់ដូចកញ្ចក់ ឲ្យភ្ញៀវទេសចរបានទស្សនា។ កាលពី៣-៤ឆ្នាំមុន តំបន់នេះក៏បានទាក់ទាញភ្ញៀវទេសចរបរទេសដែលហូរចូលតាម ព្រំដែនប្រទេសឡាវផងដែរ។ ការទាក់ទាញដ៏សំខាន់បំផុតនោះគឺ ត្រីផ្សោតទន្លេ និងខ្សាច់ពណ៌ ស ព្រមទាំង ឆ្នេរខ្សាច់ដ៏វែងអន្លាយតាមបណ្តាយដងទន្លេ។
នៅរដូវប្រាំង អាងត្រីផ្សោតនៃរមណីដ្ឋានអន្លុងស្វាយធំ កាន់តែមានភាពទាក់ទាញខ្លាំងឡើង ៗ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍បានមើលឃើញយ៉ាងងាយស្រួល នូវប្រភេទថនិកសត្វទន្លេ មេគង្គមួយនេះ ពីកោះខ្សាច់ពណ៌សដ៏តូចមួយ ដែលនៅផ្នែកខាងកើតនៃទីនោះ។ នៅពេលនោះ ទឹកទន្លេ កាន់តែថ្លាច្បាស់ ហើយត្រីផ្សោតក៏បានផុសឡើង និងមានសកម្មភាពជាច្រើននៅ ក្នុងអន្លុងនោះ។ ជួនកាល ប្រសិនបើអ្នកមានសំណាង អ្នកអាចឃើញវាលោតផុតពីទឹកទាំងគូ ឬទាំង កូនវា ដូចជាត្រីផ្សោត ដែលអ្នកបានឃើញតាមទូរទស្សន៍យ៉ាងដូច្នេះដែរ។
ម្យ៉ាងទៀត មានភ្ញៀវទេសចរណ៍ជាច្រើន មិនដែលធ្វើឲ្យបាត់បង់ឱកាសក្នុងការហែលទឹកលេង កំសាន្ត នៅក្នុងទឹកដ៏ថ្លានៃទន្លេមេគង្គ នៅជុំវិញកោះនេះ ឬក៏ដេកលំហែក្រោមកំដៅព្រះអាទិត្យ នៅលើឆ្នេរខ្សាច់ពណ៌សដ៏ស្រស់ស្អាតនោះឡើយ។
ពេលវេលានៃ ការធ្វើដំណើរកំសាន្តដ៏ល្អបំផុត ទៅរមណីដ្ឋានផ្សោតអន្លុងស្វាយធំ គឺចន្លោះខែធ្នូ ទៅខែ មីនា ដែលផ្លូវធ្វើដំណើរទៅទីនោះងាយស្រួល ហើយមានចំងាយត្រឹមតែ៥៧គ.ម និងចំណាយពេលត្រឹមតែ ១ម៉ោង កន្លះប៉ុណ្ណោះតាមផ្លូវជាតិលេខ៧ ឬមានចំងាយ៧៨គ.ម ដោយធ្វើដំណើរតាមទូក ចេញពីក្រុងស្ទឹងត្រែង តាមបណ្តោយទន្លេមេគង្គ។
សូមបញ្ជាក់ថា នៅរដូវទឹកឡើងមានការពិបាកនឹងឃើញត្រីផ្សោតលោតឡើង នៅក្នុងទឹកទន្លេ ដ៏ធំល្ហល្ហេវនេះណាស់ ។ ពីព្រោះតែទឹកទន្លេហូរខ្លាំង ពីល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ ។ ដែលមានទីតាំងស្ថិតក្នុងឃុំព្រះរំកិល ដូចគ្នា ហើយភ្ញៀវទេសចរ ក៏អាចទស្សនាទឹកធ្លាក់ សុភមិត្រ ដែលហូរចូលទៅទន្លេមេគង្គ។
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia