ក្រោយពីថ្ងៃដែលបងចាកចេញទៅ អូនត្រូវបានបាត់បង់ក្តីស្រលាញ់ពីបង ប៉ុន្តែអូន
ទទួលបានក្តីស្រលាញ់ច្រើនជាងមុនពីមនុស្សដែលនៅជុំវិញខ្លួន។
ក្រោយពីថ្ងៃបងចេញទៅ អូនស្រលាញ់ខ្លួនឯងច្រើនជាងមុន
អូនមានពេលវេលាច្រើនជាងមុនដើម្បីគិតពីខ្លួនឯង សំរាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
អូនមិនបាននៅដល់យប់អាធ្រាត្រ ដើម្បីនិយាយរឿងលេងជាមួយបង គេងពីព្រលប់ជាងមុន
និងក្រោកពីគេងពេលព្រះអាទិត្យរះ ដើម្បីបានស្គាល់នូវរឿងតូចៗស្តីពីជីវិតខាងក្រៅដែលកំពុង
កើតឡើង រឿងដែលកាលពីមុនអូនតែងតែបោះបង់ រំលងចោល។
អូនបានស្គាល់ពីការរៀនរស់ដោយខ្លួនឯង ក្នុងការប្រឈមមុខនឹងការលំបាកគ្រប់យ៉ាងក្នុងជីវិត។
ដែលធ្វើឲ្យអូនបានដឹងថា បើទោះជារស់នៅម្នាក់ឯង ក៏អូនអាចនៅតែតស៊ូរស់បាន និងខិតខំធ្វើ
នូវអ្វីដែលល្អៗតាមតែអាចធ្វើទៅបាន។
ក្រោយថ្ងៃបងចេញទៅ អូនស្រលាញ់គ្រួសារច្រើនជាងមុន
អូនបានឃើញកែវភ្នែកស្រងូតស្រងាត់ ព្រួយបារម្ភរបស់ម៉ាក់អូនពេលឃើញអូនកំពុងទុក្ខព្រួយ។
តាមរយះនេះបានធ្វើឲ្យអូនដឹង ពីការស្រលាញ់ប៉ាម៉ាក់ច្រើនជាងមុន។ អូនបានយល់ពីសេចក្តីស្រ
លាញ់ដ៏ជ្រាលជ្រៅរបស់ប៉ាអូន ពេលប៉ានិយាយថា: "កូនស្រីប៉ាកុំកើតទុក្ខអី អ្នកដែលស្រលាញ់កូន
ស្មោះពិតប្រាកដ គេនឹងមិនធ្វើឲ្យកូនស្រីយំ និងឈឺចាប់ដូច្នេះឡើយ"។
ជំនួសឲ្យការទូរស័ព្ទ ផ្ញើសារទៅបង អូនទូរស័ព្ទទៅប៉ាម៉ាក់រៀងរាល់ថ្ងៃ
អូនបានស្គាល់ និងយល់យ៉ាងច្បាស់ពីអារម្មណ៍រង់ចាំ ដែលអូនធ្លាប់រង់ចាំបង។ ព្រោះដូច្នេះអូននឹង
មិនធ្វើឲ្យប៉ាម៉ាក់ទន្ទឺងរង់ចាំអូនឡើយ។ អូននឹងទូរស័ព្ទ និងទៅលេងគាត់ដើម្បីទទួលបាននូវភាព
កក់ក្តៅពីពួកគាត់ តាមដែលអាចធ្វើទៅបាន។
ក្រោយថ្ងៃបងចេញទៅ អូនស្រលាញ់មិត្តភក្តិច្រើនជាងមុន
បងអាចទុកអូនចោលឲ្យនៅកើតទុក្ខយំម្នាក់ឯងជារៀងរាល់យប់ ប៉ុន្តែមិត្តភក្តិអូន គឺជាអ្នកកំដរអូន
រាល់យប់ និងលួងអូនឲ្យឈប់យំ។ បងបានយកក្តីស្រលាញ់របស់បងទៅឲ្យមនុស្សស្រីផ្សេង ឯអូន
ទទួលបានមកវិញនូវសេចក្តីស្រលាញ់ដ៏កក់ក្តៅ ច្រើនជាងក្តីស្រលាញ់ដែលបងធ្លាប់បានប្រគល់
ជូនអូន។
បងអាចប្រលែងដៃអូនចោលម្នាក់ឯងនៅលើដងផ្លូវ ចំណែកមិត្តភក្តិគឺជាអ្នកដែលចាប់ដៃអូន
ដើរទៅផ្លូវមួយផ្សេងទៀត។ ក្រោយថ្ងៃបងចាកចេញទៅ អូនបានបាត់បង់ក្តីស្រលាញ់ពីបង
ប៉ុន្តែអូនទទួលបានក្តីស្រលាញ់ច្រើនជាងមុន ពីមនុស្សនៅជុំវិញខ្លួនអូន។
ដូច្នេះគួរដល់ពេលអូនត្រូវក្រោកឈរវិញហើយ។ វាគ្មានអ្វីត្រូវព្រួយបន្តទៀតឡើយ បើមេឃ
នៅតែមានពណ៌ខៀវ ថ្ងៃនៅតែមានពន្លឺពណ៌មាស ពពកនៅតែហោះ ហើយអូននៅមានការ
ស្រលាញ់ និងទទួលការស្រលាញ់ជារៀងរាល់ថ្ងៃនោះ។
តាមរយះអត្ថបទខាងលើនេះដែរ Camnews ក៏សូមផ្ញើជាសារដាស់តឿនដល់មិត្តនារីៗ ដែល
កំពុងជួបការបោះបង់ចោលពីអ្នកដែលខ្លួនស្រលាញ់ ហើយកំពុងតែផ្តេកផ្តួលវាសនារបស់ខ្លួន
ឲ្យធ្លាក់ចូលទីងងឹតមួយដ៏សែនជ្រៅ សូមភ្ញាក់ខ្លួនឡើងវិញ ហើយគិតសារជាថ្មី។ សូមចងចាំ
ថាបើសិនជាគេពិតជាស្រលាញ់យើង តើគេចាកចោលពីយើង ទុកឲ្យយើងយំសោក និងឈឺ
ចាប់ដូច្នេះរឺ? តើមានប្រយោជន៍អ្វីទៅក្នុងការធ្វើបាបខ្លួន ទន្ទឹងរង់ចាំមនុស្សដែលចាកចោល
យើងគ្មានស្តាយស្រណោះសូម្បីបន្តិចនោះ? សូមគ្រវែងចោលក្តីស្រលាញ់ក្លែងក្លាយនោះ
ចោលទៅ កុំអោបក្រសោបវាទុកធ្វើអ្វី។ វាគ្មាតំលៃសំរាប់ឲ្យយើងថែរក្សាវាទុកឡើយ។
ត្រូវដឹងថា មានមនុស្សដទៃផ្សេងដែលនៅជុំវិញខ្លួនយើង រង់ចាំ និងផ្តល់ក្តីស្រលាញ់ពិតដល់
យើង (ប៉ាម៉ាក់ បងប្អូន មិត្តភក្តិ...) ។ ដូច្នេះត្រូវក្រោកឈរឡើងវិញ ធ្វើនូវអ្វីល្អៗសំរាប់ខ្លួនឯង
គ្រួសារ មិត្តភក្តិ ព្រោះអ្នកមិនមែននៅឯកាឡើយ។ ត្រូវធ្វើឲ្យគេដឹងថា បើទោះជាគ្មានគេ យើង
ក៏នៅតែអាចរស់បាន និងរកសេចក្តីសុខសំរាប់ជីវិតបាន នេះទើបជាមនុស្សស្រីម្នាក់ដ៏អស្ចារ្យ
និងគួរឲ្យកោតសរសើរ៕
ដោយ៖ សិលា
ប្រភព៖ k14