CamNews

ព័ត៌មានជាតិ 

កូនប្រុសភ្លោះ រៀបអាពាហ៍ពិពាហ៍ នៅថ្ងៃតែមួយ នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ អាពាហ៍ពិពាហ៍ ដែលកម្រមួយ  គឺកូនប្រុសភ្លោះពីរនាក់ បានសុំឪពុកម្តាយ
រៀបអាពាហ៍ពិពាហ៍   នៅថ្ងៃតែមួយ  នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិនា ឆ្នាំ២០១៣ ដែល
បានប្រារព្ធធ្វើនៅគេហដ្ឋានខាងប្រុស ស្ថិតក្នុងភូមិមាឃទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម។

កូនកម្លោះភ្លោះជាបងមានឈ្មោះ វ៉ាន់ហ៊ឹម កែវឡុង អាយុ២១ឆ្នាំ ជាគូនឹងកូនក្រមុំឈ្មោះ
ហាក់ វ៉ាន់ថា អាយុ ២០ឆ្នាំ និង កូនកំឡោះប្អូន   មានឈ្មោះ វ៉ាន់ហ៊ឹម   កែវឡាយ អាយុ
២១ឆ្នាំជាគូ នឹងកូនក្រមុំឈ្មោះ ឌិន ម៉ូលីកា អាយុ២០ឆ្នាំ ។

បើតាមលោក វ៉ាន់ ហំ និង អ្នកស្រី ជុំ រិនឌី  ជាឪពុកម្តាយ  បានឲ្យដឹងថា កូនប្រុសភ្លោះ
ទាំងពីរនាក់ នេះ គឺជាទី៣ក្នុងគ្រួសារ ។

លោក វ៉ាន់ ហំ បានបញ្ជាក់ថា   ភរិយារបស់លោក   បានកើតកូន  ៤លើករួចមក ហើយ
លើកទី១ បាន១នាក់ .ទី២បាន១នាក់ .ទី៣ បានកូនប្រុសភ្លោះ២នាក់(កូនកម្លោះ)និងទី៤
បានកូនស្រីភ្លោះ២នាក់ទៀត អញ្ចឹងកើតបាន៤លើក បានកូន៦នាក់។

ឪពុកកូនកម្លោះ បន្តឲ្យថា ដំបូងលោក គិតរៀបមង្គលការឲ្យកូនប្រុសភ្លោះម្តងម្នាក់ ប៉ុន្តែ
កូនប្រុសភ្លោះ ទាំងពីរនាក់នេះ  បានទទូចសុំឲ្យរៀបអាពាហ៍ពិពាហ៍ឲ្យពួកគេរួមគ្នា ទើប
គាត់ និងប្រពន្ធ បានសម្រេច ចិត្តរៀបចំតាមបំណងរបស់ពួកគេទៅ ។

លោក វ៉ាន់ ហំ បានបន្ថែមថា តាមប្រពៃណី  ខាងកូនប្រុស   តែងតែប្រារព្ធពិធីមង្គលការ
នៅផ្ទះខាងស្រី ប៉ុន្តែ ដោយសារតែលោក  មានកូនប្រុសភ្លោះ   ហើយត្រូវរៀបមង្គលការ
ម្តងពីរនាក់ ទើបលោក បានស្នើសុំអាណា ព្យាបាល  ខាងកូនស្រី   ក៏មានការឯកភាពគ្នា
ធ្វើពីធីមង្គលការនៅផ្ទះរបស់លោកតែម្តងទៅ។

ម្តាយកូនកម្លោះអ្នកស្រី ជុំ រិនឌី បានមានប្រសាសន៍ថា កូនក្រមុំឈ្មោះ ឌិន ម៉ូលីកា ជាគូ
និង កូនឈ្មោះ កែវឡាយ។ ចំណែក កូនស្រី ឈ្មោះហាក់ ចាន់ថា ជាគូនិងកូនប្រុសគាត់
ឈ្មោះ កែវឡុង នាងមានទីលំនៅក្នុងភូមិជាមួយគ្នា។

កូនកម្លោះឈ្មោះ កែវ ឡុង   បានឲ្យដឹងថា   ខ្លួនបានចាប់ចិត្តស្រឡាញ់ នារីម្នាក់ ឈ្មោះ
ចាន់ថា  អស់រយៈពេល  ៣ឆ្នាំមកហើយ ប៉ុន្តែ ខ្លួនមិនហ៊ានប្រាប់ឪពុកម្តាយឲ្យចូលស្តីទេ
ប៉ុន្តែថ្មីៗ នេះ ខ្លួនឃើញប្អូនប្រុស កែវ ឡាយ  ទើបត្រូវចិត្ត   ចេះស្រឡាញ់ស្រី ហើយឲ្យ
ឪពុកម្តាយ ចូលស្តីពេលឃើញដូច្នោះ ខ្លួនក៏ជម្រាបឪពុកម្តាយ   ឲ្យចូលស្តីកញ្ញា ចាន់ថា
ដែរទៅ។ ព្រមជាមួយគ្នានេះ ខ្លួននិងប្អូនប្រុស កែវឡាយ   បានស្នើសុំ  លោកឪពុក អ្នក
ម្តាយ រៀបមង្គលការពួកខ្លួនរួមគ្នា ព្រោះពួកខ្លួន ជាកូនភ្លោះ។

លោក ជា ធារិទ្ធ ជាសាច់ញាតិ   ឪពុកខាងកូនកម្លោះ   បានឲ្យដឹងផងដែរថា    គូស្រករ
ទាំងពីរគូខាងលើ ពិតជាមាន សំណាងដែលបានរៀបមង្គលការរួមគ្នាដោយរលូន ។

លោក ធារិទ្ធបានបន្តថា អាចនិយាយថា ពួកគេមានសំណាង ព្រោះ កូនក្រមុំទាំងពីរនាក់
មានអាយុ  ២០ឆ្នាំដូចគ្នា ចំណែកកូនប្រុសទាំងពីរនាក់  មានអាយុដូចគ្នាដែរ ដូច្នេះ ខាង
លោកអាចារ្យដេញវេលាល្អត្រូវគ្នា ដូច្នេះហើយទើបពួកគេបានរៀបអាពាហ៍ពិពាហ៍រួមគ្នា
ដោយសប្បាយរីករាយ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល