ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP) បានលើកឡើង ក្នុង អង្គមទ្ទិញអបអរសាទរ ខួបលើកទី៦៤ នៃថ្ងៃបង្កើត គណបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៥) នាស្នាក់គណបក្សប្រជាជនកម្ពុជា ថា CPP បានទទួលរ៉ាប់រង នូវភារកិច្ចរាប់ម៉ឺន ជំពូកពីប្រជាពលរដ្ឋ ម្ចាស់ឆ្នោត។
ក្នុងអង្គមទ្ទិញនេះ មានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង ១ម៉ឺននាក់ ព្រមទាំងព្រះវត្តមាន ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអង្គទូតប្រចាំកម្ពុជា ជាច្រើនរូបផ្សេងទៀត។
នេះជាលើកទី១ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលឡើងកាន់តំណែង បន្ទាប់ពីអតីត ប្រធានគណបក្សចាស់ គឺសម្តេច ជា ស៊ីម ដែលទើបតែ ទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។ ក្នុងឱកាសនោះ ក្នុងនាមប្រធាន គណបក្សប្រជាជនកម្ពុជាថ្មី សម្តេចតេជោ ក៏បានស្នើឲ្យសមាជិក សមាជិកាបក្ស និងភ្ញៀវកិត្តិយស ដែលបានចូលរួមទាំងអស់ អញ្ជើញក្រោកឈរ ដើម្បីស្មឹងស្មាតស្មារតី គោរពវិញ្ញាណក្ខន្ធសម្តេចជា ស៊ីម ផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ទាំងអស់បានធ្វើឱ្យប្រជាជាតិខ្មែរ ឤចងើបមុខឡើងវិញ ក្នុងនាម ជាប្រជាជាតិមួយ ដែលធ្លាប់មានវប្បធម៌ និងអរិយធម៌ដ៏រុងរឿង, ជាប្រជាជាតិដែលមាន សេរីភាព, មានសាមគ្គីភាព និងមានមូលដ្ឋានខាងស្មារតី និងសម្ភារៈ ដើម្បីធ្វើជាម្ចាស់លើជោគវាសនា របស់ខ្លួន។ ការផ្លាស់ប្តូរជាវិជ្ជមាន ទាំងអស់នេះ គឺជាមោទនភាពដ៏ធំធេងបំផុត របស់សង្គមជាតិ កម្ពុជា។
សម្តេចបន្តថា “នៅលើកំណាត់ផ្លូវជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជាបានកសាង, ពង្រឹង និងពង្រីកខ្លួនឥតឈប់ឈរ លើគ្រប់វិស័យ ដើម្បីរ៉ាប់រងនូវភារកិច្ចរាប់ម៉ឺនជំពូក ដែលប្រជាជនបានប្រគល់ឱ្យ។ ផ្អែកលើ គោលការណ៍ “ប្រជាធិបតេយ្យប្រជាជន” គណបក្សបានធ្វើជាស្នូល នៃសាមគ្គីភាព និងឯកភាពជាតិទាំងមូល ហើយដឹកនាំប្រទេសជាតិ ឱ្យឈានទៅមុខជានិច្ច តាមទិសដៅដ៏ត្រឹមត្រូវ”។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា លើមូលដ្ឋាននេះ គណបក្សសរុបបានបណ្តាមេរៀន ជាបទពិសោធន៍ដ៏មានតម្លៃ និងជាកត្តានៃជ័យជម្នះ ក្នុងការដឹកនាំ រំដោះជាតិ ព្រមទាំងការពារ និងកសាងជាតិ គឺៈ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈ, មានការគាំទ្រ ដ៏រឹងមាំពីប្រជាជន, មានវិន័យម៉ឺងម៉ាត់ និងរបៀបធ្វើការម៉ត់ចត់, មានជួរធនធានមនុស្ស ដ៏សំបូរបែប ប្រកបដោយសមត្ថភាព មនសិការស្នេហាជាតិ និងការទទួល ខុសត្រូវខ្ពស់ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។ ស្នាដៃ និងសមិទ្ធផលធំៗទាំងអស់នេះ មិនគ្រាន់ តែជាបុព្វបទសម្រាប់ ការបន្តកសាង និងការពារមាតុភូមិកម្ពុជា ជាទីស្រឡាញ់ ទាំងអស់គ្នា ប៉ុណ្ណោះទេ, តែក៏ជាមរតកមានតម្លៃ សម្រាប់មនុស្សជំនាន់ ក្រោយៗផងដែរ។
សូមបញ្ជាក់ថា នៅក្នុងអង្គមទ្ទិញលើកនេះ សម្តេចតេជោ ហ៊ុន សែន មិនបានមានប្រសាសន៍ពាក់ព័ន្ធ ទៅនឹងដំណើរការកាត់ក្តី មេដឹកនាំខ្មែរក្រហម នោះទេ ខណៈដែលអង្គមទ្ទិញកន្លងទៅសម្តេច តែងតែបានលើកឡើងអំពី ដំណើរការនៃការកាត់ក្តីនេះ៕


ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល