CamNews

ព័ត៌មានជាតិ 

ប្រឡង បាក់ឌុបឆ្នាំនេះ អាចមានប្រឡង លើកទី២ បើមានករណីចាំបាច់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យម សិក្សាចំណេះដឹងទូទៅ បានលើកឡើងថា ប្រឡងបាក់ឌុបនៅក្នុងឆ្នាំ២០១៥នេះ បើសិនមានករណី ចាំបាច់ណាមួយកើតឡើងនោះ ក្រសួងអាចនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីសុំការប្រឡងជាលើក ទី២។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំការប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០១៥ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នាទីស្តីការក្រសួង លោក អ៊ឹង ង៉ោហុក បានមានប្រសាសន៍ ថា ការប្រឡងលើកនេះ មិនដូចការប្រឡងដូចឆ្នាំកន្លងទៅនោះទេ បេក្ខជនគ្រប់រូបក៏បានដឹងស្រាប់ ហើយ ព្រោះថា កំណែទម្រង់នេះក្រសួងអប់រំ គឺធ្វើមែន ហើយបេក្ខជនក៏បានត្រៀមខ្លួនរួចជាស្រេច តាំងតែពីដើមឆ្នាំ ដែលឆ្នាំនេះ គឺគ្មានការប្រឡងលើកទី២ទេ ប៉ុន្តែ មានបញ្ហាអ្វីជាលក្ខណៈធ្ងន់ធ្ងរអាច ស្នើទៅរាជរដ្ឋាភិបាលសុំនូវ គោលការណ៍។

លោកថា “ក្រសួងបានទុកច្រកមួយថា មិនមានការប្រឡងលើកទី២ហ្នឹង គឺយើងមានពាក្យ មួយម៉ាត់បើកច្រកថា បើសិនជាមាន ប្រធានស័ក្តិ កើតឡើងជាយថាហេតុធ្ងន់ធ្ងរ ឯកឧត្តមរដ្ឋមន្ត្រី អាចនឹងស្នើសុំគោលការណ៍ សម្តេចនាយកវិញក៏ថាបាន ប៉ុន្តែ ប្រធានស័ក្តិហ្នឹង យើងមិនរំពឹងថា កើតឡើងបានទេ”។

លោក អ៊ឹង ង៉ោហុក បានបញ្ជាក់ថា តាមការប្រជុំជាមួយថ្នាក់ដឹកនំាក្រសួង ដែលមានលោក រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដឹកនំាកន្លងមកនោះបានវាយតម្លៃថា លទ្ធផលប្រឡងសញ្ញាបត្រនៅថ្ងៃ ខាងមុខនេះ នឹងបានល្អ ឬខ្ពស់ជាងឆ្នាំមុន ឬអាចនិយាយបាន បើយកពីឆ្នំាមុនៗបូកគ្នាទៅទៀត។ ព្រោះក្រសួងបានរៀបចំ ឯកសារវិញ្ញាសារឲ្យមានលក្ខណៈ តាមលទ្ធភាពដែលសិស្សអាច ធ្វើបានពី កម្រិតទាបទៅខ្ពស់។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលី បានមានប្រសាសន៍ថា សម្រាប់ការ ប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជន ៨៨.៤៨៨នាក់ និងមាន១៤៩មណ្ឌល និងចែកចេញ ជាបន្ទប់៣៥៧៦បន្ទប់។

លោក បន្តថា “ចំពោះអ្នកសង្កេតការណ៍ ដែលចូលរួមសង្កេតការណ៍ នៅក្នុងសម័យប្រឡងក្នុង ថ្ងៃទី២៤-២៥ ខែសីហា ខាងមុខនេះ បើតាមការឲ្យដឹងជាបឋម របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា មានប្រហែលជាង ៣ពាន់នាក់ហើយ”។

គួរបញ្ជាក់ថា ការប្រលងបាក់ឌុប កាលពីឆ្នាំ២០១៤ មានអ្នកសង្កេតការណ៍ប្រមាណ ៤.០០០ នាក់ មកពីគ្រប់មជ្ឈដ្ឋាន រួមទាំង អង្គការសង្គមស៊ីវិលផងដែរ និងមានចំនួនសិស្សប្រឡង ជាង៩ម៉ឺននាក់។ សម្រាប់សិស្សណា ដែលល្មើសបទបញ្ជាក្នុង ពេលប្រឡង ត្រូវជាប់ពន្ធនាគារ រយៈពេល៦ខែទៅមួយឆ្នាំ ប៉ុន្តែអនុវត្តទោសសូន្យថ្ងៃ៕

Photo by DAP-News


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល