CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន មុខសញ្ញា ប្លន់ប្រដាប់អាវុធ ក្លែងឯកសណ្ឋានយោធា ពាក់ស័កិ្តនិងផ្កាយ

កំពង់ស្ពឺ៖ មុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ ដែលក្លែងឯកសណ្ឋានយោធា ពាក់ស័កិ្ត៤កន្លះ និងផ្កាយ១ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលខេត្តតាកែវ ចាប់ខ្លួនយកមកសួរនាំ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិខ្នាច់ខាងជើង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ក្រោយពីជននេះបានគេចខ្លួនអស់រយៈពេលជាយូរមកហើយ និងមានដីកាតាមចាប់ខ្លួនពីសំណាក់តុលាការទៀតផង។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនត្រូវចោទរូបនេះឈ្មោះ ខៀវ រិទ្ធ អាយុ ៤៧ឆ្នាំ ស្រុកកំណើត នៅភូមិត្រពាំងកោះ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមមន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា ក្រៅពីប្លន់ប្រដាប់អាវុធ រូបគេក៏ជាឈ្មួញរកស៊ីដឹកឈើខុសច្បាប់ ពីទឹកដីខេត្តព្រះវិហារយកទៅលក់ នៅតំបន់ផ្សេងៗផងដែរ ។

យោងតាមដីការបស់លោក ប៊ុន្នីយ ប៊ុណ្ណារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជននេះ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១ ពីបទប្លន់ប្រដាប់អាវុធ ស្ថិតនៅភូមិចាស់ ឃុំព្រៃងៀត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៧ កន្លងទៅ។ ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕


ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល