(បន្ទាយមានជ័យ)៖ លោក តាន់ គឹមរិទ្ធ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជាអ្នកគ្រប់គ្រងតំបន់ទេសចរណ៍ថ្មី បានថ្លែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះថា ក្រុងប៉ោយប៉ែតមានទីកម្សាន្តធម្មជាតិតិចណាស់ ក្នុងនោះក៏មានទីតាំងអាងទំនប់កុកអាន ដែលមានទំហំដី ធំ មានផ្ទៃទឹកស្រស់ស្អាត ខ្យល់ឱកាសបរិសុទ្ធ មានសត្វស្លាបជាច្រើនប្រភេទ ទើបលោករាយការណ៍ទៅកាន់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ជ្រាបយកគំនិតគិតគូរ រកវិធីកែច្នៃទីតាំងនេះ ជាកន្លែងកម្សាន្តសំរាប់ភ្ញៀវជាតិ អន្តរជាតិមកកម្សាន្តឲ្យបានច្រើនកុះករ។
លោកបន្តថា ទីតាំងនេះលោកក៏ស្នើសុំឲ្យលោកឧកញ៉ាកុក អាន ដែលជាម្ចាស់ដី និងម្ចាស់អាំងឯកភាព និងយល់ព្រម ដើម្បីអភិវឌ្ឍន៍តំបន់ខាងលើនេះរបៀបធម្មជាតិ។លោកបានបញ្ជាក់ថា ទីតាំងរៀបចំមានកញ្ចុះជិត១០០កញ្ចុះ និងកញ្ចុះ១ មានទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ មានអនាម័យត្រឹមត្រូវ មិនឲ្យការធ្លាក់សំរាមចូលលើផ្ទៃទឹកជាដាច់ខាត ប្រសិនជាកញ្ចុះមួយណាធ្លាក់សំរាមចូលទឹក ចំនួន៣ដង និងបញ្ឈប់ ឬដកចេញមិនឲ្យលក់ដូរបន្តទៀតឡើយ។
ចំណែកអនាម័យវិញ លោកបានឲ្យក្រុមប្រជាការភូមិជាទទួលខុសត្រូវ និងមានទូកសំរាប់ រើសសំរាមក្នុងទឹកអាង ហើយទីនេះក៏មាន បង្គន់អនាម័យត្រឹមត្រូវ មានសន្តិសុខ មានប្រពន្ធ័អគ្គិសនី មានផ្លូវចាក់គ្រួស តូចៗជៀសវាង ជាប់កង់រថយន្ត រអិលជាដើម។
អាជីវករមានដែលទីតាំងលក់ដូរបានប្រាប់ភ្នាក់ងារ Fresh News ថា ពួកគាត់សប្បាយចិត្តណាស់ដែលអាជ្ញាធរក្រុង គិតគូរបញ្ហា និងបង្កើតទីតាំងអាងកុក អាន ប្រែក្លាយជាតំបន់ទេសចរណ៍កម្សាន្ត ធ្វើឲ្យពួកគាត់កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយជីវភាពគ្រួសារ របស់គាត់ ជាពិសេសកូនៗតូចធំគាត់អាចបន្តការសិក្សារថែមទៀត។
ដោយឡែកលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានសំណូមពរដល់អាជីវករ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ជួយរក្សាបរិស្ថាន និងអនាម័យ ដើម្បីរក្សាសោភ័ណភាព និងអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់មេត្តាកុំបរបាញ់សត្វស្លាប និងនេសាទលក្ខណៈទ្រុងទ្រាយធំ តែចំពោះនេសាទលក្ខណៈគ្រួសារ គឺអាជ្ញាធរ មានសមត្ថកិច្ចជំនាញមិនហាមឃាត់ឡើយ សូមតែកុំបំផ្លាញតំបន់នេះទៅជា តំបន់បំពុលបរិស្ថានអោយសោះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី