(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងមគ្គុទេសក៍ ទេសចរណ៍ទាំងអស់ ត្រូវចូលរួមរៀបចំទស្សនកិច្ច ឱ្យបានល្អប្រសើរសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ ព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលនឹងកើតឡើង នៅចន្លោះ ថ្ងៃទី២២និង២៣ ខែកញ្ញាខាងមុខ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងចំនួន២ដងក្នុងមួយឆ្នាំ លើកទី១ នៅក្នុងខែមីនា និងលើកទី២នៅក្នុងខែកញ្ញា។ បាតុភូតនេះ ស្ដែងឱ្យឃើញពីអច្ឆិយភាពនៃប្រាសាទអង្គរ ដែលត្រូវបានបុព្វបុរសខ្មែរ មានការគិតគូអំពីស្ថាបត្យកម្ម និងការផ្សាភ្ជាប់ជាមួយធម្មជាតិ យ៉ាងច្បាស់គួរឱ្យស្ញប់ស្ញែង។
ក្រសួងទេសចរណ៍ ក៏បានស្នើឱ្យភ្នាក់ងារទេសចរណ៍ពាក់ព័ន្ធទាំងអស់់ ត្រូវជួយផ្សព្វផ្សាយបន្តទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនានា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យព្រឹត្តិការណ៍នេះ ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ដែលជាផ្នែកមួយនៃយុទ្ធនាការ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្ដៅ»៕
សូមអានខ្លឹមសារទាំងស្រុង ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី