i. ឱ! បាត់ដំបងបណ្តូលចិត្តអើយ ...... ខ្ញុំសូមលាហើយលាទាំងអាល័យ
តាំងពីរូបខ្ញុំបានឃ្លាតទៅឆ្ងាយ ........ខ្វល់ខ្វាយសោកស្តាយពុំមានពេលល្ហែ។
ii. ឱ! បាត់ដំបងកងកម្មវាសនា ............ដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរ
បើសិនជាគូរខ្ញុំពីបុព្វេ ......................សូមឲ្យមាសស្នេហ៍នឹកឃើញគ្រាដើម។
r. កន្លងយូរឆ្នាំចាំទេស្ងួន .....................មានតែរូបអូនដែលជាដង្ហើម
ចំពោះនួនល្អងចិត្តបងសង្ឃឹម ............សង្ឃឹមញញឹមថាបានជាគូរវាសនា។
iii. ឱ! បាត់ដំបងខ្ញុំប៉ងយូរហើយ ............តើថ្ងៃណាឡើយបានយល់ភក្រ្តា
ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា ........ចង់បានចំប៉ាបាត់ដំបងអើយ។
ចង់បានចំប៉ាបាត់ដំបងអើយ!!!!!
.................................................................................................... ...............
ចំប៉ាបាត់ដំបង!!!!!
តាមរយៈចំណងជើងបទចម្រៀងមួយបទនេះដែលជាស្នាដៃនិពន្ធរបស់រាមច្បងកវីជំនាន់
មុន គង្គ ប៊ុនឈឿន ក្នុងប្រមាណទសវត្សទី៦០ និង៧០ រួមជាមួយនឹងទឹកដមសម្លេងដ៏
ក្រអួនក្រអៅ បកស្រាយដោយអាធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ផងនោះ បាន
ឧប្បតិកឡើងធ្វើឲ្យបុប្ផាចំប៉ាមួយទងដែលដុះលូតលាស់លើទឹកដីដ៏ល្អវិចិត្រនាតំបន់
ភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានសម្រស់ស្រស់ស្អាត ជាទីប្រាថ្នានៃ
បុរសទាំងពួងរួមទាំងអ្នកចម្រៀងនិងកវីនិពន្ធផ្ទាល់ផងដែរ ដែលទោះបីជាឃ្លាតកាយ
ឆ្ងាយរាប់ឆ្នាំទៅហើយនោះ ក៏ចំប៉ាបាត់ដំបងមួយទងនេះនៅតែឋិតក្នុងប្រអប់បេះដូង
ដ៏បរិសុទ្ធនៃកវីកម្លោះជានិរន្តន៍។
បាត់ដំបង ជាខេត្តមួយដែលមានវ័យចំណាស់ ក្នុងចំណោមខេត្តចាស់ៗទាំងអស់ក្នុង
ប្រទេសកម្ពុជាយើង។ បាត់ដំបងជាតំបន់មួយដែលពោរពេញទៅដោយដីសម្បូរជីជាតិ ដែលអំណោយផលដល់ការប្រកបរបរកសិកម្មយ៉ាងមានគុណភាព។ ប្រជាជននៅក្នុង
ខេត្តនេះ សឹងតែ៥០ភាគរយគឺជាកសិករ ដែលរួមមានទាំងអ្នកធ្វើស្រែ ធ្វើចម្ការ និងបើក
កសិដ្ឋានចិញ្ចឹមសត្វជាដើម។ ដំណាំនៅក្នុងខេត្តបាត់ដំបងមានដូចជា ស្រូវ ពោត សណ្តែក
ល្ង ប៉េងប៉ោះ ត្រសក់ ដំឡូងមី.....ចំណែកឯផ្លែឈើមាន ក្រូចពោធិ៍សាត់ ក្រូចថ្លុង មៀន
សាវម៉ាវ ទំពាំងបាយជូរ ស្វាយ ស្វាយខ្ទិះ ដូង ដូងខ្ទិះ ធុរេនជាដើម.....រួមជាមួយផលិត
ផលក្នុងស្រុកមួយចំនួនទៀត ដែលកើតចេញពីស្នាដៃបងប្អូនជនជាតិខ្មែរសុទ្ធសាធ។ ផលិតផលដែលល្បីល្បាញក្នុងប្រទេសប្រចាំខេត្តនេះគឺ ស្រូវ ក្រូចពោធិ៍សាត់ ដូងខ្ទិះ
ណែម និង ក្រឡាន។
មិនត្រឹមតែជាខេត្តដែលល្បីល្បាញខាងផ្នែកកសិកម្មនោះទេ បាត់ដំបងក៏ជាខេត្តមួយដែល
សម្បូរទៅដោយទិន្នផលនេសាទទឹកសាបផងដែរ។ បឹង ស្ទឹង ព្រែក ជាពិសេសគឺបឹងទន្លេ
សាបជាប្រភពត្រីយ៉ាងសំខាន់ ដែលបានផ្តល់ទិន្នផលរាប់រយតោនក្នុងមួយឆ្នាំៗ។ ក្រៅពី
ត្រីស្រស់ៗ អ្នកស្រុកបាត់ដំបងបានកែច្នៃទិន្នផលទាំងនោះទៅជាផលិតផលដែលអាចទុក
បានក្នុងរយៈពេលមធ្យម ឬក្នុងរយៈពេលយូរដូចជា ត្រីឆ្អើ ប្រហុក ផ្អក ម៉ាំ ត្រីប្រៃ...ជាដើម។ ប្រហុកបាត់ដំបងក៏ជាប្រហុកដែលមានគុណភាពល្អ ឈ្ងុយ ឆ្ងាញ់ ដែលមានការទទួលស្គាល់
ពីសំណាក់បងប្អូនជនរួមជាតិផងដែរ។
មិនតែប៉ុណ្ណោះ បាត់ដំបងក៏ជាទីតាំងមជ្ឈមណ្ឌលវប្បធម៌ និងអរិយធម៌ផងដែរ។ ប្រពៃណី
ទំនៀមទម្លាប់ ស្នាដៃសំណង់ស្ថាបត្យកម្មរបស់បុព្វបុរសដូនតាជំនាន់ដើមដែលរស់នៅលើ
ទឹកដីខេត្តបាត់ដំបងបានបន្សល់ទុកមកដល់សព្វថ្ងៃដែលធ្វើឲ្យខេត្តបាត់ដំបងក្លាយទៅជា
តំបន់ទេសចរវប្បធម៌។ រួមជាមួយនឹងតំបន់ទេសចរធម្មជាតិ និង តំបន់ទេសចរកែច្នៃទៀត
នោះ បានធ្វើឲ្យបាត់ដំបងក្លាយទៅជាតំបន់មួយដែលមានភាពសុខដុមរមនាជាទីក្រៃលែង
និងជាទីប៉ងប្រាថ្នានៃអ្នកទេសចរគ្រប់ទិសទី។ តំបន់ទេសចរក្នុងខេត្តបាត់ដំបងមានដូចជា ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្នឹងកើត ប្រាសាទស្នឹងលិច ប្រាសាទបាណន់
ភ្នំបាណន់ ភ្នំសំពៅ ភ្នំអណ្តើក ភ្នំទ្រុងមាន់ទ្រុងទា សេកសក ពពុះពេជ្រចិន្តា អូរដារ អាង
ទឹកកំពីងពួយ និងជាពិសេសគឺតំបន់ព្រៃលិចទឹកនាមាត់បឹងទន្លេសាបដែលជាតំបន់អភិរក្ស និងជាជម្រកសត្វស្លាបរាប់រយប្រភេទ។
ក្រៅពីរបរកសិកម្ម នេសាទទឹកសាប និងជាតំបន់ទេសចរ បាត់ដំបងក៏ជាមជ្ឈមណ្ឌល
ពាណិជ្ជកម្មមួយដែរ ដែលខេត្តនេះ ជាខេត្តដែលមាន ច្រកចេញចូលខ្លោងទ្វាររវាងប្រទេស
កម្ពុជា និងប្រទេសថៃជាច្រើនកន្លែងនៅតាមបណ្តោយព្រំដែនភាគខាងលិច។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទនភាពណាស់ដែលខ្ញុំមានសំណាងបានកើតលើទឹកដីខេត្ត
បាត់ដំបងដ៏មានសក្តានុពលមួយនេះ។ បាត់ដំបងតែងតែឋិតក្នុងដួងចិត្តខ្ញុំជានិច្ចទោះជា
ទៅដល់់ទីណា ឬពេលវេលាណាក៏ដោយ។ ជាក់ស្តែងដូចជាក្នុងពេលនេះ ខ្ញុំបានឃ្លាត
ចាកឆ្ងាយពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញអស់រយៈពេលជាងបីឆ្នាំមកហើយ។ ក្នុងរយៈពេលបីឆ្នាំជាងនេះ ពេលបានធ្វើឲ្យខ្ញុំនឹករឮកដល់ខេត្តបាត់ដំបងដែលជាទឹកដី
ផ្តល់កំណើតឲ្យខ្ញុំជាអនេកប្បការ។ ខ្ញុំចាំបានយ៉ាងច្បាស់ នាថ្ងៃដំបូងដែលខ្ញុំឈានជើង
ចូលក្នុងរថយន្តក្រុងធ្វើដំណើរចាកចេញពីខេត្តបាត់ដំបងមកបន្តការសិក្សានៅទីក្រុង ជើង
របស់ខ្ញុំសឹងតែលើកឡើងទៅលើរថយន្តក្រុងមិនរួច ហើយអារម្មណ៍របស់ខ្ញុំជ្រួលច្របល់
យ៉ាងខ្លាំង។ ដើមករបស់ខ្ញុំចាប់ផ្តើមអួល ហើយទឹកភ្នែករបស់ខ្ញុំដូចជាចង់ ផ្ទុះស្ទុះរមៀល
ចេញមកខាងក្រៅ តែវាមិនអាចចេញមករួចទេ ព្រោះវាចាញ់អំណាចនៃ កែវភ្នែកពីសម្នាក់
អ្នក ធ្វើដំណើររួមគ្នា នៅលើរថយន្ត ព្រមទាំងអំណាចនៃការគ្រប់គ្រង អារម្មណ៍របស់
ខ្លួនខ្ញុំផ្ទាល់តែម្តង (បើមិនចង់ខ្មាស់ គេកុំបង្ហូរទឹកភ្នែកឲ្យសោះ!!!)។ តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំដឹងច្បាស់ថាទឹកភ្នែកដែលមិនបានហូរចេញមកក្រៅកាត់ថ្ពាល់របស់ខ្ញុំនោះ បានហូរបញ្ច្រាស់ ទៅលិចលង់ ក្នុងបេះដូងខ្ញុំស្ទើរតែទាំងស្រុង។ ទឹកភ្នែកនេះហូរព្រោះតែ
នឹកដល់អ្វីៗគ្រប់យ៉ាងដែលធ្លាប់មាន ធ្លាប់សាងតាំងពីក្មេងៗ និងទីតាំងដែលធ្លាប់លេង
កម្សាន្តតាំងពីតូចៗ។ វាហូរព្រោះ តែដឹងថាខ្លួនត្រូវឃ្លាតចាកឆ្ងាយពីបងប្អូន គូ អ៊ី កុង ម៉ា
ញាតិ សណ្តាន មិត្តភក្តិ និងជាពិសេស គឺប៉ាម៉ាក់ដែលជាជំហដ៏សំខាន់ណាស់សម្រាប់
ជីវិតរបស់ខ្ញុំមួយនេះ។
ពេលនេះរដូវរងារបានមកដល់ហើយ។ រដូវនេះបានធ្វើឲ្យខ្ញុំស្រង៉េះ ស្រង៉ោចក្នុងចិត្តនឹក
ទៅដល់ស្រុកកំណើតរឹតតែខ្លាំងឡើងៗ។ អានុស្សាវរីរាប់ម៉ឺនសែនជំពូក បានផុសចេញមក
នៅក្នុងអារម្មណ៍របស់ខ្ញុំយ៉ាងច្បាស់ ដែលមើលទៅវាហាក់បីដូចជាទើបនឹងកើតឡើងថ្មី
នៅនឹងមុខខ្ញុំតែម្តង។ នៅខេត្តបាត់ដំបងផ្ទះខ្ញុំស្ថិតនៅជាយទីរួមខេត្ត។ ទីនោះមានដីធំ
ទូលាយ ហើយនៅរដូវវស្សារគ្រួសារខ្ញុំតែងតែប្រើប្រាស់ដីនោះដាំដំណាំផ្សេងៗជាច្រើន
មានដូចជា ននោងត្រលាច ល្ពៅ ត្រសក់ សណ្តែក និងជាពិសេសគឺពោត។
ជាការពិតណាស់ មនុស្សយើងម្នាក់ៗតែងស្រលាញ់ស្រុកកំណើតរបស់ខ្លួន ហើយតែងតែ
ប្រកាន់ថាទីនោះជាកន្លែងដ៏ពិសិដ្ឋ មិនមានកន្លែងណាប្រើបប្រដូចស្មើបានឡើយ ជាពិសេសគឺមាតុភូមិកំណើតតែម្តង។ ដូចនេះ ចូរយើងម្នាក់ៗប្រឹងឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ
កម្លាំងចិត្ត ទាំងប្រាជ្ញា ស្មារតី ទាំងចំណេះវិជ្ជា បំនិន និងបទពិសោធ ដើម្បីជួយស្តារអភិវឌ្ឍ
ស្រុកកំណើតរបស់យើងឲ្យមានភាពរីកចម្រើនលូតលាស់រៀងដរាបទៅ។ យើងជាខ្មែរ
យើងស្រលាញ់មាតុភូមិកម្ពុជា ទោះនៅពេលណា ទីកន្លែងណា ប្រទេសកម្ពុជា ទឹកដីកម្ពុជា ប្រជាជនកម្ពុជា គឺឋិតនៅក្នុងដួងព្រលឹងយើងជានិច្ច។ សូមមេត្តាកុំភ្លេចដើមកំណើតរបស់ខ្លួន
កុំភ្លេចទឹកដីដែលបានផ្តល់កំណើតដល់ខ្លួន និងជាពិសេសកុំស្តាយឲ្យសោះនូវរាល់ពលិកម្ម
ទាំងឡាយដើម្បីជាតិ៕
ដោយ: ប៉ូ ប៊ុនពិសិដ្ឋ
និសិ្សតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ