CamNews

ព័ត៌មានជាតិ 

លោកមេធាវី សំរេច កុសល ចេញមកច្រានចោល​ព័ត៌មានថា លោកស្រវឹង​បើករថយន្ត បុករបាំងដែក និងបុករះម៉ូតូ

(ភ្នំពេញ)៖ លោកមេធាវី សំរេច កុសល នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញមកច្រានចោលព័ត៌មាន ដែលចោទប្រកាន់លោកថា បានបើករថយន្តទាំងស្រវឹង រួចទៅបុករបាំងដែក និងបុករះម៉ូតូចំនួន៣គ្រឿង កាលពីយប់មិញ ស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចមុខហាងលក់ផ្លែឈើស្រស់ ឡោ មុយស្រេង ក្នុងខណ្ឌចំការមន។

លោកមេធាវី សំរេច កុសល បានបញ្ជាក់ថា នៅពេលសមត្ថកិច្ចចរាចរណ៍ យកឧបករណ៍មកវាស់ជាតិអាល់កុលនោះឃើញថា មិនគ្រប់កំរិតនៃការផាកពិន័យផង គឺ0,26មីល្លីក្រាមក្នុងមួយលីត្រខ្យល់ ដូច្នេះលោកមិនស្រវឹង ដូចការលើក​ឡើង​មួយចំនួននោះទេ។ ដោយឡែក សម្រាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានលោកមេធាវី អះអាងថា ពេលលោកកំពុងបើករថយន្តនោះ ស្រាប់តែមានម៉ូតូជនរងគ្រោះមកពីមុខ ពេលនោះលោកបង្ខំចិត្តរេចង្កូត ទៅបុករបាំងដែកតែម្តង បើកមិនបង្ខំចិត្តកាច់ចង្កូតទេនោះ នឹងបុកជនរងគ្រោះបណ្តាលឲ្យរងរបួសកាន់តែខ្លាំងហើយ។

សូមបញ្ជាក់ថា មេធាវីម្នាក់ បានបើករថយន្ដ Land Cruiser មួយគ្រឿង រេចង្កូតទៅបុករបាំងដែក ចែកទ្រូងផ្លូវអស់៧ផ្ទាំង រួចបន្ដបុករះម៉ូតូ៣គ្រឿង ទើបរថយន្ដទៅមុខលែងរួច ប៉ុន្តែមិនមានអ្នកណារងរបួសនោះទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh