CamNews

ព័ត៌មានជាតិ 

អង្គការ​សង្គម​ស៊ីវិល​ ​ស្នើ​រាជរដ្ឋាភិបាល​ ​ផ្តល់​ឱកាស​ដល់​កុមារ​ចូលរួម​ពិភាក្សា​បញ្ហា​អំពើ​ហិង្សា

ភ្នំពេញ​៖​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​កុមារ​មួយចំនួន​ ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ​និង​អ្នក​ពាក់ព័ន្ធ​ ​ផ្តល់​ឱកាស​ដល់​កុមារ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជុំវិញ​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ​ ​និង​បង្កើន​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ​នៅ​ថ្នាក់​មូលដ្ឋាន​ ​ដើម្បីឲ្យ​ពួកគេ​បាន​ចូលរួម​ដោះស្រាយ​ ​និង​ឆ្លើយតប​បាន​ទាន់ពេល​វេលា​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​។​

​ក្នុង​សន្និសីទ​កុមារ​ ​និង​យុវជន​ ​ស្តី​ពី​ការទប់ស្កាត់​ ​និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ ​នៅ​រាជធានី​ភ្នំពេញ​ ​លោក​ ​សុន​ ​ពេញ​ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ជាច្រើន​ឆ្នាំ​កន្លងមក​ ​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​ទប់ស្កាត់​ ​និង​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​ ​ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​កើតមាន​។​

​លោក​ថា​៖​ ​«​អំពើ​ហិង្សា​លើ​កុមារ​ ​ក៏​ជា​បញ្ហា​មួយ​ដែល​ពិបាក​ដោះស្រាយ​ដែរ​ ​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ ​អីចឹង​ទោះជា​មានការ​ផ្សព្វផ្សាយ​ ​ឬ​យុទ្ធនាការ​ណាមួយ​ក៏ដោយ​ ​ប៉ុន្តែ​បើ​មិន​មានការ​ចូលរួម​ពី​ឪពុក​ម្តាយ​ ​ពីសំណាក់​អាជ្ញាធរ​ ​និង​អាណាព្យាបាល​ក្នុង​ការ​លប់​បំបាត់​ទេ​នោះ​ក៏​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ​»​។​

ករណីនេះ​ ​លោក​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​និង​អ្ន​ក​ពាក់់​ព័ន្ធ​ ​បន្ត​បង្កើន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ ​ផ្តល់​ឱកាស​ដល់​កុមារ​ក្នុង​ការចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោ​បល់​ផ្សេង​ៗ​ជុំវិញ​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ​ ​និង​ត្រូវ​ធ្វើការ​រួមគ្នា​ក្នុង​ការទប់ស្កាត់​និង​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​គ្រប់​ទម្រង់​។​


លោក​ថា​៖​ ​«​ការចូលរួម​របស់​កុមារ​ ​គឺ​មាន​សារ​សំ​ខាន់់​ណាស់​ ​ព្រោះ​កុមារ​គាត់​ជា​ម្ចាស់​សិទ្ធិ​ ​និង​ជា​អ្នក​ជួប​បញ្ហា​ផ្ទាល់​ ​អីចឹង​ទេ​អ្នកធ្វើ​គោលនយោបាយ​ ​អ្នកធ្វើការ​សម្រេចចិត្ត​ ​គួរតែ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ពួកគាត់​ ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​អ្វី​ដែល​ជា​បទ​អន្តរាគមន៍​របស់​យើង​ ​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​របស់​យើង​ ​អាច​ឆ្លើយតបទៅនឹង​ស្ថានភាព​ពិត​ដែល​បាន​កើតឡើង​ចំពោះ​កុមារ​»​។​

​កុមារី​ ​ញ៉​ ​សៀ​វយៀ​ក​ ​អាយុ១៤ឆ្នាំ​ ​រៀន​ថ្នាក់​ទី៩​ ​នៅ​អនុវិទ្យាល័យ​កោះ​ស្លា​ ​ខេត្តកំពត​ ​បាន​និយាយ​ថា​ ​នៅ​តំបន់​ដែល​គាត់​រស់នៅ​ ​កុមារ​ភាគច្រើន​នៅតែ​រង​អំពើ​ហិង្សា​ពីសំណាក់​ឪពុក​ម្តាយ​ ​និង​អាណាព្យាបាល​របស់​ពួកគេ​ ​ខណៈ​ការប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​តាម​សាលារៀន​ ​កើតមាន​តិចតួច​។​

កុមារី​រូប​នេះ​ ​និយាយ​ថា​៖​ ​«​នៅ​តំបន់​ខ្ញុំ​ ​ឪពុក​ម្តាយ​ភាគច្រើន​បាន​រុញ​កូន​ឲ្យ​ទៅ​ធ្វើការ​តាម​រោងចក្រ​ ​ឬ​ធ្វើជា​កម្មករ​គេ​ ​ហើយ​នៅពេល​ពួក​ខ្ញុំ​ចុះទៅ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​របស់​កុមារ​ ​និង​ស្នើសុំ​ឲ្យ​កុមារ​ចូល​រួម​ចឹង​ ​ឪពុក​ម្តាយ​របស់​ពួកគាត់​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ​ ​ហើយ​ម្យ៉ាងទៀត​ឪពុក​ម្តាយ​មួយចំនួន​ចូលចិត្ត​ទទួលទាន​ស្រា​ ​អីចឹង​ពេល​មកដល់​ផ្ទះ​រករឿង​កូន​ ​និង​ប្រើ​អំពើ​ហិង្សា​ជាដើម​»​។​កុមារី​ ​សៀ​វយៀ​ក​ ​ក៏បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ​និង​អាជ្ញាធរ​មានសមត្ថកិច្ច​ ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​កុមារ​នៅ​តាម​មូលដ្ឋាន​ជនបទ​ ​ដើម្បីឲ្យ​ឪពុក​ម្តាយ​ ​អាណាព្យាបាល​ ​និង​អ្នក​ពាក់ព័ន្ធ​មានការ​យល់ដឹង​ ​និង​ចូលរួម​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​។​

​ចំណែក​ ​កុមារី​ ​ម៉ៅ​ ​រស្ម៊ី​ ​អាយុ១៧ឆ្នាំ​ ​មក​ពី​បណ្តាញ​កុមារ​អ្នកតស៊ូ​មតិ​ខេត្តបាត់ដំបង​ ​ក៏បាន​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​បង្កើត​បន្ថែម​នូវ​សាច់រឿង​វីដេអូ​អប់​រំ​ខ្លី​ៗ​ ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​លើ​កុមារ​ ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ដើម្បី​បញ្ជ្រាប​ការយល់​ដឹងពី​បញ្ហា​នេះ​ដល់​សាធារណជន​។​ ​រស្ម៊ី​ ​បាន​និយាយ​ថា​៖​ ​«​កន្លងមក​ ​ធ្លាប់​មានការ​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ខ្លះ​ៗ​នៅ​តាម​ផ្ទះ​និង​តំបន់​មួយចំនួន​ហើយ​ ​ប៉ុន្តែ​បើ​អាច​ ​ខ្ញុំ​ចង់​ឲ្យ​បង្កើត​ជា​វីដេអូ​អប់រំ​ចាក់​បញ្ចាំង​បន្ថែម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម​»​។​

​យោង​តាម​ការសិក្សា​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ ​កាលពី​ឆ្នាំ២០១៨​ ​បាន​ឲ្យដឹង​ថា​ ​កុមារ​ដែល​មាន​អាយុ១២​ ​ទៅ១៨ឆ្នាំ​ ​ប្រមាណ​ ​៤៩.៣​%​ ​ឬ​ស្មើនឹង​ជិត​ពាក់កណ្តាល​នៃ​កុមារ​នៅ​កម្ពុជា​ ​ត្រូវ​បាន​រាយការណ៍​ថា​បាន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ​រាងកាយ​ ​ហើយ​ឪពុក​ម្តាយ​ ​និង​អ្នកថែទាំ​សមាជិក​គ្រួសារ​ ​គឺជា​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​កុមារ​ញឹកញាប់​ជាងគេ​។​ ​

ការសិក្សា​បាន​បន្ត​ថា​ ​ជាង​ពាក់កណ្តាល​នៃ​កុមារ​ដែល​មាន​អាយុ១៣ឆ្នាំ​ដល់១៧ឆ្នាំ​ ​ត្រូវ​បាន​រាយការណ៍​ថា​ធ្លាប់​ទទួលរង​អំពើ​ហិង្សា​លើ​រាងកាយ​ពីសំណាក់​គ្រូបង្រៀន​ជា​បុរស​យ៉ាងហោចណាស់​ម្តង​ ​និង២៩​%​នៃ​កុមារ​ដែល​មាន​អាយុ១២ឆ្នាំ​ដល់១៥ឆ្នាំ​ ​ធ្លាប់​រងគ្រោះ​ដោយ​ផ្ទាល់​ពី​ការ​ដាក់ទណ្ឌកម្ម​លើ​រា​កាយ​ពីសំណាក់​គ្រូបង្រៀន​។​

លោក​ ​តូច​ ​ចាន់​នី​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុវ​នីតិសម្បទា​ ​បាន​មានប្រសាសន៍​ថា​ ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ ​និង​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ក្នុង​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​ ​និង​លើកកម្ពស់​សិទ្ធិ​កុមារ​ ​តាមរយៈ​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​តាម​វេទិកា​នានា​ ​ការបង្កើត​នៅ​គោលនយោបាយ​ ​និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធនា​នា​ ​ប៉ុន្តែ​កុមារ​នៅតែ​ប្រឈម​នឹង​បញ្ហា​អំពើ​ហិង្សា​។​

​លោក​ថា​៖​ ​«​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅតែ​មានកម្រិត​ ​អ្នកខ្លះ​យល់ដឹង​ហើយ​តែ​គាត់​នៅតែ​ធ្វើមិនដឹង​ហើយ​នៅតែ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​ដដែល​ ​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ដោះស្រាយ​»​៕​


ប្រភព ៖ ខ្មែរថាម


Tags: Local news Social news