ភ្នំពេញ ៖ មន្ដ្រីនគរបាលពាក់ស័ក្ដិមួយ ដែលបម្រើការងារនៅនាយកដ្ឋានបំភ័ន្ដអក្ខរៈ នៃក្រសួងមហាផ្ទៃ បានបើករថយន្ដយ៉ាង លឿន ហើយជ្រុលឡើងទៅលើរង្វង់មូលវត្ដ ភ្នំ ត្រង់កន្លែងនាឡិកា បណ្ដាលឱ្យបាក់របង អស់មួយផ្ទាំង និងខូចបង្គោលភ្លើងមួយដើម រីឯរថយន្ដបង្ក ក៏រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍បុកបំផ្លាញ ទ្រព្យសម្បត្ដិរបស់រដ្ឋនៅរមណីយដ្ឋានវត្ដភ្នំ ពីសំណាក់មន្ដ្រីនគរបាលរូបនេះ បានកើត ឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
មន្ដ្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹង ថា អ្នកបើករថយន្ដមានឈ្មោះសំ បូរ៉ា អាយុ ២៨ឆ្នាំ ជាមន្ដ្រីនគរបាលនៅនាយកដ្ឋាន បំភ័ន្ដអក្ខរៈក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះ លេខ៥៧E0 ផ្លូវលេខ១៥៦ ភូមិ១ សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
តាមមន្ដ្រីនគរបាល មុនពេលកើតហេតុ មន្ដ្រីនគរបាលរូបនេះ បានបើករថយន្ដម៉ាក លុច្សស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-7776 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះនរោត្ដម ក្នុងទិសដៅពីត្បូង ទៅជើង លុះ ពេលមកដល់ចំណុចផ្លូវបត់ ស្រាប់តែរថយន្ដ ជ្រុលទៅមុខឡើងទៅលើខឿន មុខនាឡិកា នៃរមណីយដ្ឋានវត្ដភ្នំ បណ្ដាលឱ្យបាក់របង មួយផ្ទាំង និងខូចបង្គោលភ្លើងមួយដើម ។
យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ នេះ មិនបណ្ដាលឱ្យអ្នកបើករថយន្ដរងរបួស ធ្ងន់ធ្ងរនិងប៉ះពាល់ ដល់អាយុជីវិតនោះទេ។
តាមការបញ្ជាក់ពីសមត្ថកិច្ច គ្រោះថ្នាក់ ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើករថយន្ដ បើកលឿនពេក ហើយយកចង្កូតមិនទាន់នៅ ពេលមកដល់ផ្លូវបត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ទាក់ទងទៅមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បី យករថយន្ដមកស្ទូច ទៅរក្សាទុកនៅការិយាល័យ រង់ចាំការដោះស្រាយ និងផ្ដល់សំណង ចំពោះការខូចខាតទាំងនេះ ។
ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល