ភ្នំពេញ ៖ អតីតតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ មានជម្ងឺដែលព្យាបាលអស់រយៈពេល ៤ ឆ្នាំមកហើយ ប៉ុន្តែប្រមាណជាពីរខែចុងក្រោយនេះស្ថានភាពជម្ងឺរបស់កញ្ញា ក៏ចាប់ផ្តើមធ្ងន់ធ្ងរជាងមុនគួរឲ្យកត់សម្គាល់ រហូតធ្វើឲ្យក្រុមគ្រួសាររបស់នាងបានបញ្ចូនទៅព្យាបាលខ្លួននៅមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពជម្ងឺរបស់ កញ្ញា ខេមរៈ ស្រីពៅ ពិតជាមិនអាចសង្រ្គោះបាននោះទេ ដោយសារតែកញ្ញាមានជម្ងឺសួត និងក្រលៀនយ៉ាងធ្ងន់ធ្ងររហូតមិនអាចព្យាបាលបាន ដោយបណ្តាលឲ្យម្ចាស់បទ "នៅនឹងគេបងបានសុខអត់" រូបនេះទទួលមរណភាពនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ។
ទទ្ទឹមនឹងនេះផងដែរ ក៏មានសិល្បៈករ សិល្បៈការនីជាច្រើនដួងបានចូលរួមរំលែកទុក្ខដល់តារាស្រីរូបនេះផងដែរ ។ នៅក្នុងនោះផងដែរយើងក៏សង្កេតឃើញមានវត្តមានរបស់តារាចម្រៀងស្រីគឺកញ្ញា សុខ ពិសី បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនិងម្តាយរបស់ លោក ខេមរៈ សិរីមន្ត ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនពេលស្ដាប់គាត់រៀបរាប់ទាំងទឹកភ្នែកមុនពេលពៅឃ្លាតទៅឆ្ងាយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងម៉ាក់អុំសំរាប់ការបាត់បង់ប្អូនពៅដែលជាក្មេងឆ្លាតនិងគួរអោយស្រលាញ់" ។
គួរបញ្ជាក់ឲ្យដឹងថា សពរបស់ កញ្ញា ខេមរៈ ស្រីពៅ នឹងធ្វើការបូជានៅវត្តសំរោងអណ្តែង វេលាម៉ោង ១ រសៀល ថ្ងៃនេះ ៕
ដោយ ៖ គន្ធា