ផ្ការីកចុងរដូវ
នៅប្លុកភ្នំខៀវក្រុងព្រះសីហនុ...ប្រហែលជាវេលាម៉ោង១១ព្រឹក នាងម៉ារ៉ាថ្ងៃនេះមិនចេញទៅលក់មឹកអាំង បង្គាស្រុស និងក្ដាមស្ងោរទេ ដោយ សារតែជម្ងឺបេះដូងធ្វើទុក្ខ និងម្យ៉ាងទៀតលោកវណ្ណរ័ត្នមកមើលថែផង...នាង អង្គុយលើគ្រែបង្អែកខ្នងទៅនឹងជញ្ជាំងហាក់ដូចជារង់ចាំអ្វីមួយ...បន្ដិចនេះ លោកវណ្ណរ័ត្នមកដល់ ព្រមទាំងបន្លឺសម្លេងផង
-តេន ! តេន ! តេន ! តេន !...បាយនិងម្ហូបអាហារមកដល់ ហើយ !...ម៉ារ៉ា...អូនក្រោកម៉ោ...ញាំអាហារ !...មើលណែ៎ ! បងទិញស៊ុបមាន់ ខ្មៅ និងឡុកឡាក់សាច់គោមកឱ្យអូនញាំណា៎ !...
នាងម៉ារ៉ាញញឹមទាំងទឹកមុខស្ងួត អាការៈហាក់នៅល្វើយនៅ ឡើយ ម្នីម្នាក្រោកចេញពីគ្រែមកអង្គុយនៅតុដោយលោកវណ្ណរ័ត្នជាអ្នកស្រាយ ថង់បាយនិងម្ហូបអាហារដាក់ចូលទៅក្នុងចាន និងរៀបចំស្លាបព្រា សម ជូននាង ទាំងអស់
-ម៉ារ៉ា !... អូនញាំស៊ុបមាន់ខ្មៅនេះឱ្យអស់ទៅ...អូននឹងមាន កម្លាំងឡើងវិញខ្លះ !...
ម៉ារ៉ាញញឹមពេញចិត្ដចំពោះការយកចិត្ដទុកដាក់
-អូនមិនទាន់ញាំទេ...ចាំស៊ីណាគេមកពីរៀនវិញសិន !...
-អូនញាំបណ្ដើរៗទៅ...បន្ដិចទៀតកូននឹងមកដល់ហើយ !...ណា មួយម្ហូបក៏ច្រើនដែរ...កូនមកដល់ឱ្យកូនញាំតាមក្រោយទៅ !...
នាងម៉ារ៉ាងក់ក្បាល ព្រមជាមួយដៃលូកចាប់កាន់ស្លាបព្រា សម ហើយដួសស៊ុបមាន់ខ្មៅហូប
-អ្ហា៎...ស៊ុបនេះមានជាតិណាស់ !...បងញាំដែរទៅ...ញាំតែខ្ញុំ ម្នាក់អញ្ចឹងក៏មិនកើតដែរ !...
-អ៊ឺ...អ៊ឺ... (វណ្ណរ័ត្នងក់ក្បាលយល់ព្រម) អូណែ៎... ព្រឹកមិញ គ្រូពេទ្យមកចាក់ថ្នាំឱ្យអូន...បានធូរបន្ដិចទេ ?...
-បានធូរបន្ដិចហើយ !...
-អ៊ឺ...អូនងងឹតមុខដួលនៅឯឆ្នេរសមុទ្រមែនទេ ?...
-ចា៎...សុខៗស្រាប់តែងងឹតមុខដួលតែម្ដង !...កុំតែបានគូសង្សារ ចិត្ដធម៌នោះជួយទេ !...
-អូនស្គាល់គូសង្សារនោះទេ ?...
-មិនស្គាល់ទេ...ប៉ុន្ដែធ្លាប់ជួបគេ២លើកហើយ !...ពួកគេចិត្ដល្អ ណាស់...គ្រាន់តែអូនដួលភ្លាម ពួកគេស្ទុះមកជួយភ្លាម...ម្នាក់រឹត...ម្នាក់ច្របាច់ ដៃ ច្របាច់ជើង...ថ្នាំខ្សោយបេះដូងនេះក៏ពួកគេទិញឱ្យដែរ !...ពួកគេសមគ្នា ហើយមានគុណធម៌គួរឱ្យចូលចិត្ដណាស់ !
-ហ៊ឺយ !...បងមិនគួរសោះ...មិនគួរទុកឱ្យអូននៅលំបាកម្នាក់ឯង បែបនេះសោះ !...
ជាបន្ទាន់នេះស្រាប់តែកុមារីស៊ីណាមកដល់ ហើយនិយាយកាត់ ចង្វាក់ឪពុកម្ដាយរបស់នាង
-សួស្ដី លោកប៉ា...អ្នកម៉ាក់ !...អា៎...ហ៊ានញាំបាយចោលខ្ញុំផង អ្ហេះ ?...
បុរស-ស្ដ្រីងាកទៅញញឹមដាក់កូនដោយកាយវិការរីករាយ...វណ្ណ រ័ត្ននិយាយរួសរាយ
-ម៉ាក់របស់កូនមានអាការៈខ្សោយ...ប៉ាឱ្យញាំមុនបណ្ដើរៗទៅ ! ហក ម៉ស៎ !...ផ្លាស់សំលៀកបំពាក់ទៅ អាលមកញាំជុំគ្នា !...
នាងតូចចូលទៅក្នុងវាំងននផ្លាស់សំលៀកបំពាក់សិស្សសាលា ចេញ...រួចហើយចូលមកអង្គុយជុំគ្នា...ញាំអាហារបានបន្ដិច នាងតូចស៊ីណា ផ្ដើមពោលពាក្យ
-លោកប៉ាដឹងទេ ?...ពេលម៉ាក់ងងឹតមុខដួល...បានលោកពូនិង អ្នកមីងចិត្ដធម៌នោះជួយ...ពួកគាត់ឈ្លីក្បាលនិងទ្រូងឱ្យអ្នកម៉ាក់ !...ហើយ បន្ទាប់មកលោកពូចិត្ដធម៌នោះនៅមើលអ្នកម៉ាក់...ឯអ្នកមីងចិត្ដធម៌រត់ទៅទិញ ថ្នាំ !...ហ៊ឺ...កូនចង់ឱ្យលោកប៉ានៅមើលថែអ្នកម៉ាក់ដូចពួកគាត់អញ្ចឹង !...
លោកប៉ានិងអ្នកម៉ាក់របស់នាងតូចនេះសើចហួសចិត្ដចំពោះកូន ស្រីដែលឆ្លាត ចេះប្រើពាក្យពេចន៍បានសមទំនង...លោកវណ្ណរ័ត្នលើកដៃអង្អែល ក្បាលកូនស្រី
-ប៉ាដឹងហើយ !...ប៉ាកំពុងតែគិតគូរពីរឿងនេះហើយ !...អ៊ឺ...មួយ រយៈនេះប៉ាសន្សំលុយបានច្រើនគួរសមហើយ...(លោកវណ្ណរ័ត្នងាកទៅបញ្ជាក់ ជាមួយប្រពន្ធរបស់គេ)...អូនឈប់រែកមឹកអាំងបង្គាស្រុសហ្នឹងដើរលក់ទៀត ទៅ !...អូនដើររកមើលទិញតូបលក់ដូរណាមួយក្នុងផ្សារទៅ...បើស្រឡាញ់ ពេញចិត្ដតូបណា...មុខរបរណា...ប្រាប់បង...បងនឹងប្រមែប្រមូលលុយយកមក ឱ្យអូន !...លក់អីវ៉ាន់ក្នុងផ្សារវាធូរស្រាលជាងរែកអីវ៉ាន់ដើរលក់ !...
-ជយោលោកប៉ា !...នេះបានហៅថាលោកប៉ាស្រឡាញ់ម៉ាក់ !... (នាងតូចស៊ីណាទះដៃសប្បាយចិត្ដ)
ចំណែកនាងម៉ារ៉ាដិតដាមដោយទឹកមុខស្រពោន សម្ដែងអាការៈ ខ្វល់ខ្វាយ
-តូបនៅផ្សារឥឡូវថ្លៃៗណាស់ !...ខ្លាចតែយើងគ្មានលទ្ធភាព ទេ ?...
-មិនអីទេអូន !...យ៉ាងច្រើនណាស់ ៧-៨ពាន់ដុល្លារប៉ុណ្ណោះ !... បងអាចរកបាន !...
-ហ៊ឺ...អូនឧស្សាហ៍ឈឺបែបនេះខ្លាចតែរត់មិនរួចទេ ?...
-មិនអីទេអូន...ទ្រាំបន្ដិចទៅ !...ពេលដែលបងសន្សំប្រាក់បាន ហើយ បងនឹងឱ្យអូនពង្រីកមុខរបរ...បន្ទាប់មកបងនឹងមកនៅជុំគ្នាជាមួយអូន និងកូន !...
ឮលោកវណ្ណរ័ត្នពោលពាក្យបង្កភាពកក់ក្ដៅបែបនេះ នាងភរិយា ហាក់ធូរអារម្មណ៍បន្ដិច...ចំណែកក្មេងតូចស៊ីណា សើចតិចៗរួចហើយឧទាន ឡើង
-មែនហើយ...អង្គុយលក់ដូរក្នុងផ្សារប្រហែលជាអ្នកម៉ាក់មិន ងងឹតមុខដួលទៀតទេ ?...
ពីរនាក់ប្ដី-ប្រពន្ធនេះមើលមុខគ្នាសើចហាក់ព្រមព្រៀងទៅតាម ផែនការដែលគិតគូរ ហើយញាំបាយក្រោមបរិយាកាសរីករាយ...។
២ថ្ងៃបានកន្លងផុតទៅ...លោកវណ្ណរ័ត្នបានត្រឡប់មកដល់ភ្នំពេញ វិញតាមការណាត់ជួបរបស់លោកនាយកវីរៈ...នៅក្នុងការិយាល័យរបស់លោក វីរៈនៃសណ្ឋាគារកុលាប២ (ក្រុងភ្នំពេញ)
លោកវណ្ណរ័ត្នកំពុងអង្គុយទល់មុខ លោកនាយករបស់គេ
-លោកនាយក...ហៅខ្ញុំមកមានការអីអ្ហេះ ?...
លោកវីរៈញញឹមងក់ក្បាល
-ត្រូវហើយ !...ភ្ញៀវបារាំង៤នាក់គេត្រូវការបន្ទប់៤នៅសណ្ឋា គាររបស់យើងឯក្រុងសៀមរាប...ពួកគេចង់ជិះរថយន្ដដើម្បីមើលទេសភាពតាម ផ្លូវផង...ឯងកក់សំបុត្ររថយន្ដឱ្យហើយទៅ...
ថ្ងៃស្អែកចេញដំណើរហើយ...ឯង ត្រូវជូនគេទៅ !...
-តែប៉ុណ្ណឹងទេអ្ហេះ ?...(វណ្ណរ័ត្ន)
-នៅមានទៀត !...ឯងត្រូវរៀបចំសាលធំមួយដើម្បីឱ្យពួកគេធ្វើ សិក្ខាសាលាស្ដីពីការវិនិយោគកាណូតទេសចរនៅរមណីយដ្ឋានភូមិចុងឃ្នាស បឹងទន្លេសាប ! អ៊ឺ... ពេលជិះឡានធ្វើដំណើរតាមផ្លូវឯងសួរនាំពួកគេបន្ថែម ទៀតទៅនឹងដឹងហើយ !...
-បាទលោកនាយក !...កុំបារម្ភអី ខ្ញុំនឹងចាត់ចែងឱ្យបានល្អ !...
-អ៊ឺ...អ៊ឺ...ខ្ញុំប្រគល់ភារកិច្ចនេះឱ្យឯងហើយ !...អស់ការអីហើយ ឯងប្រញាប់ទៅកក់សំបុត្ររថយន្ដទៅ !...
-បាទលោកនាយក !...
ចប់ពាក្យសម្ដី លោកវណ្ណរ័ត្នក៏ចាកចេញពីបន្ទប់លោកនាយក របស់គេ...ពេលមកដល់ខាងក្រៅ ស្រាប់តែវាក់អើនឹងពិសិដ្ឋដែលកំពុងតែបោះ ជំហានចេញពីជណ្ដើរយន្ដ ដោយអាការៈស្ងួតមុខ ស្ងួតមាត់ក្រៀមក្រំ...លោក វណ្ណរ័ត្នឧទានឡើង
-អូ៎...គឺលោកទេ ?...សុខសប្បាយជាទេ ?...
ពិសិដ្ឋបែរមុខទៅរកកន្លែងផ្សេង ឯកន្ទុយភ្នែកដៀងមករកលោក វណ្ណរ័ត្នបន្ដិច
-លោកមិនបញ្ឈឺខ្ញុំទេអ្ហេះ ?...
-អត់ទេ !...លោកជាមនុស្សថ្លៃថ្នូរ...ខ្ញុំមិនហ៊ានបញ្ឈឺលោកទេ... គឺខ្ញុំសួរសុខទុក្ខលោកដោយស្មោះ !...
ពិសិដ្ឋជ្រែងហោប៉ៅ ញញឹមស្ងួតដាក់លោកវណ្ណរ័ត្ន
-ល្អហើយ !...ខ្ញុំអាចទ្រាំបាន...ខ្ញុំមិនអីទេ...ជួបលោកនៅទីនេះ ចំពេលល្អតែម្ដង...ខ្ញុំមានរឿងខ្លះចង់និយាយជាមួយលោក !...
លោកវណ្ណរ័ត្នញញឹមដាក់ពិសិដ្ឋដោយភាពម៉ឺងម៉ាត់ ហើយលូក ដៃជ្រែងហោប៉ៅដូចគ្នា
-OK !...លោកនិយាយទៅ !...
ពិសិដ្ឋសំរួលខ្យល់ដង្ហើម រួចហើយបោះជំហានចេញទៅខាង ក្រៅ ដោយលោកវណ្ណរ័ត្នដើរតាមពីក្រោយ...ទៅដល់កន្លែងមួយដែលមាន កំរាលសួនស្មៅ និងដើមផ្កាចំរុះពណ៌ ព្រមជាមួយខ្យល់បក់ប៉ើយៗផងនោះ ពិសិដ្ឋផ្ដើមបោះប្រយោគ
-ខ្ញុំចាញ់លោកហើយ...លោកមើលថែធារីឱ្យបានល្អផង !...
-លោកត្រៀមខ្លួនរួចហើយមែនទេ ?...
-ខ្ញុំសង្ឃឹមថា ពេលវេលានឹងបន្សាបមនោសញ្ចេតនាដ៏ឈឺចាប់ របស់ខ្ញុំ...ហើយខ្ញុំនឹងរក្សាមិត្ដភាពរវាងខ្ញុំនិងធារីឱ្យក្លាយជាមិត្ដភាពអមតៈ ទុក គ្រាន់ពេលជួបគ្នាញញឹមរួសរាយដាក់គ្នា ?...
លោកវណ្ណរ័ត្នសម្លឹងមុខពិសិដ្ឋដោយក្រសែភ្នែកស្រទន់ ហាក់ រំលែកទុក្ខព្រួយ
-លោកព្រមចុះចាញ់នៅត្រឹមសន្លឹកបៀទី៤បែបនេះ លោកមិន រង់ចាំបើកសន្លឹកបៀទី៥បន្ដទៀតទេអ្ហេះ ?...
ពិសិដ្ឋដើរ២-៣ជំហានសើចខឹសៗហាក់ដូចជាចំអកផង និង កំលាបរិយាកាសផង
-ប្រសិនបើហ៊ានបើកសន្លឹកទី៥ លោកនឹងចាញ់ខ្ញុំជាមិនខាន... ល្បែងនេះលោកលេងមិនឈ្នះខ្ញុំទេនៅទឹកចុងក្រោយនោះ !...ហាស់ ! ហាស់ ! (ពិសិដ្ឋសើចបន្ដិច) ដោយសារខ្ញុំគោរពការប្រកួតប្រជែងដោយយុត្ដិធម៌...ខ្ញុំ ព្រមចុះចាញ់លោកនៅសន្លឹកបៀទី៤ចុះ !...
លោកវណ្ណរ័ត្នក៏សើចកំលាបរិយាកាសដូចគ្នា
-លោកសំអាងអី ?...សន្លឹកទី៥របស់លោកជាសន្លឹកអ្វី ?...ខ្ញុំ ចង់ដឹងខ្លាំងណាស់ !...
ពិសិដ្ឋហាក់បន្ដឹងទឹកមុខមាំមករកលោកវណ្ណរ័ត្ន
-សន្លឹកបៀទី៥នោះ គឺនាងម៉ារ៉ា និងស៊ីណាកូនស្រីរបស់លោក ហ្នឹងណា៎ !....
លោកវណ្ណរ័ត្នសម្ដែងអាការៈភ្ញាក់ផ្អើល និងធ្លាក់ទឹកចិត្ដស្រឺតៗ តែម្ដង
-លោកដឹងរឿងរបស់ខ្ញុំអស់ហើយអ្ហេះ ?...
-ត្រូវហើយ !...លោកមិនគប្បីនឹងប្រពន្ធរបស់លោកសោះ !... លោកមិនគួរឱ្យនាងពីរនាក់ម្ដាយ-កូនរែកពុនដើរលក់អីវ៉ាន់ទាំងឈឺ ទាំង លំបាកបែបនោះទេ !...
លោកវណ្ណរ័ត្នប្រែមកបន្ដឹងទឹកមុខបញ្ជាក់ពីភាពក្លាហាន
-នេះជារឿងឯកជនរបស់ខ្ញុំទេ មិនពាក់ព័ន្ធនឹងធារីឡើយ...ខ្ញុំចេះ ដោះស្រាយហើយ !...លោកជាមនុស្សថ្លៃថ្នូរ សង្ឃឹមថា លោកមិនប្រើល្បិចនេះ ប្រាប់ធារីទេ !...
-ហ៊ឹស !...ការប្រកួតប្រជែងដោយយុត្ដិធម៌...បើខ្ញុំប្រាប់ធារី ខ្ញុំ ព្រមចុះចាញ់លោកធ្វើអី ?...លោកត្រូវតែល្អជាមួយធារី...ប្រសិនបើធារីស្រក់ ទឹកភ្នែកដោយសារលោក...ខ្ញុំនឹងមិនអត់អោនឱ្យលោកទេ !...ធ្វើម៉េចបើធារី ស្រឡាញ់លោកទៅហើយ ទុកឱ្យខ្ញុំធ្វើដំណើរតាមយថាកម្មរបស់ខ្ញុំចុះ !...ខ្ញុំទៅ សិនហើយ !...
ចប់ប្រយោគ ពិសិដ្ឋបែរខ្លួនបោះជំហានទៅកាន់រថយន្ដ ហើយ ប្រាប់ឱ្យអ្នកបើកបរបញ្ជាយានចេញទៅ ក្រោមការសម្លឹងមើលដ៏ច្របូកច្របល់ របស់លោកវណ្ណរ័ត...។
មកដល់ទីតាំងផលិតរថយន្ដនៅស្រុកអង្គស្នួល...រថយន្ដឈប់ង៉ក់ ពិសិដ្ឋបើកទ្វារចុះបោះជំហានញាប់សំដៅទៅខាងក្នុង...មកដល់សាលដំឡើងរថយន្ដ ឃើញកម្មករជាច្រើនកំពុងមមាញឹកចាប់មួលខ្ចៅខ្ចងភ្ជាប់រថយន្ដ និង ស្វានកន្លែងដែលត្រូវបន្ថែមខ្ចៅ អ្នកខ្លះកាន់ក្បាលផ្សារបាញ់ផ្សារនៅបាតខាង ក្រោមរថយន្ដ...។
ឃើញពិសិដ្ឋទៅដល់កម្មករជាច្រើននាក់បានផ្អាកការងារមួយ ភ្លែតងាកមកគោរពគួរសម
-សួស្ដីលោកនាយក !...(កម្មករម្នាក់)
-សួស្ដីលោកនាយក !...(កម្មករជាច្រើននាក់)
ពិសិដ្ឋញញឹមព្រមទាំងលើកដៃរា
-បានហើយ !...បានហើយ !...ធ្វើការបន្ដទៀតទៅ !...
ពួកជាងទាំងអស់ងាកទៅធ្វើការរៀងៗខ្លួនវិញ...ពិសិដ្ឋបន្ដ ដំណើរទៅមុខទៀត...មកដល់កន្លែងស្លដែក និងចាក់ពុម្ព កម្មករជាច្រើននាក់ លំអោនគោរព
-សួស្ដីលោកនាយក !...(កម្មករច្រើននាក់)
-ល្អហើយ !...ធ្វើការបន្ដទៀតចុះ !...(ពិសិដ្ឋ)
កម្មករញញឹមដាក់ពិសិដ្ឋបន្ដិចរួចងាកទៅបន្ដការងារ...ពិសិដ្ឋ ដើរហួសទៅកន្លែងការងារជាច្រើនទៀតដើម្បីពិនិត្យមើលសកម្មភាពផ្សេងៗ... ពិនិត្យគ្រប់កន្លែងហើយ កំលោះបៀមទុក្ខក៏ចេញមកក្រៅវិញ ហើយប្រាប់អ្នក បើកបរឱ្យចេញដំណើរ
-ទៅកសិដ្ឋានល្ហុងខ្វងស្រុកកណ្ដាលស្ទឹង !...
រថយន្ដចេញវឹងសំដៅទៅស្រុកកណ្ដាលស្ទឹង...មួយសន្ទុះធំរថ យន្ដបានលូនមកដល់បរិវេណកសិដ្ឋានល្ហុងខ្វង...ពិសិដ្ឋចុះដើរពិនិត្យមើល កន្លែងបណ្ដុះបណ្ដាលអមដោយបុរសសុខា...គ្រូបង្គោលកំពុងតែបង្ហាត់ពីបច្ចេកដាំល្ហុងខ្វងដល់កម ្មករជាច្រើននាក់ រហ័សងាកមកគោរព
-សួស្ដីលោកនាយក !...(គ្រូបង្គោល)
-សួស្ដីលោកនាយក !...(កម្មករជាច្រើននាក់)
ពិសិដ្ឋញញឹមងក់ក្បាលជាសញាគួរសមតបវិញ រួចហើយបន្ដ ជំហានទៅកន្លែងមួយទៀត...ពិសិដ្ឋងាកមកនិយាយជាមួយបុរសសុខា
-ប៉ាធម៌នៅបន្ដការងាររបស់ប៉ាធម៌ចុះ...ខ្ញុំដើរមើលសកម្មភាព តែម្នាក់ឯងបានហើយ !...
ថាហើយពិសិដ្ឋបន្ដជំហានទៅមុខទៀត ទុកឱ្យបុរសសុខានៅទី នេះដើម្បីធ្វើការងាររបស់គាត់...មកដល់កន្លែងក្រោលគោ ឃើញកម្មករកំពុងឱ្យ ចំណីសត្វមានស្មៅលាយដើមបន្លែផ្សេងៗ និង
មានបសុពេទ្យ២នាក់កំពុងចាក់ វ៉ាក់សាំងទៅលើគោ ដើម្បីការពារជម្ងឺ និងចាក់ថ្នាំបំប៉ន...ពិសិដ្ឋដើរហួសទៅ កន្លែងចិញ្ចឹមពពែ ឃើញហ្វូងពពែរាប់សិបក្បាលនៅក្នុងក្រោល និងមានកម្មករ ៤-៥នាក់នៅមើលថែ និងឱ្យចំណី...ដើរមកដល់ស្រះចិញ្ចឹមត្រីឃើញកម្មករ២ នាក់កំពុងឱ្យចំណីឱ្យចំណី និងរៀបចំបច្ចេកទេសចិញ្ចឹមទៅតាមជំនាញកសិ កម្ម...។
ភាពសោះកក្រោះបានរោយរាយលើផ្ទៃមុខពិសិដ្ឋជាថ្មីម្ដងទៀត សបញ្ជាក់ថា អ្នកកំលោះម្នាក់នេះមុនដំបូងខំប្រឹងកុហកខ្លួនឯង ដោយប្ដូរទឹក មុខពីព្រួយ ក្រៀមស្រពោនចេញ មកដាក់ជំនួសនូវទឹកមុខស្រស់ស្រាយ ប៉ុន្ដែ មិនបានជោគជ័យ ក្ដីឈឺចាប់ ក្ដីទុក្ខសោកនៅតែមករួមរឹតលើផ្ទៃមុខរបស់គេ វិញដដែល...ទោះជាខំប្រឹងសើចញញឹមញញែមយ៉ាងណា ក៏នៅតែមិនដូចគ្រា ដើម ព្រោះវាមិនមែនជាបេះដូងពិតរបស់គេ ។
ដើរមកដល់សួនបន្លែ ឃើញមនុស្ស២-៣នាក់ ខ្លះដកស្មៅចេញ ខ្លះកាន់ទុយោបាញ់ទឹកស្រោចស្រពលើរងបន្លែ...ពិសិដ្ឋវិលមុខខ្ញាល់ស្ទើរតែ ដួលទៅហើយ ដោយសារតែភាពច្របូកច្របល់ខ្វល់ក្នុងអារម្មណ៍ពន់ពេក...មក ដល់វាលចំការល្វើយល្វឹង លាតសន្ធឹងដាច់កន្ទុយភ្នែក ល្ហុងខ្វងលូតខ្ពស់ៗត្រឹម ចង្កេះទៅហើយ...កន្លែងខ្លះមិនទាន់ដាំ ឃើញមានគ្រឿងចក្រឈូសឆាយនិងភ្ជួរ រាស់...ទុយោបាញ់ទឹកដែលជាប្រព័ន្ធស្រោចស្រព ឃើញបាញ់ទឹកជាផ្កាសរសៃ តូចៗឡើងទៅលើដើម្បីផ្សើមដី និងផ្សើមដល់ដើមល្ហុងខ្វង ដែលកំពុងលូត លាស់ ។
ពិសិដ្ឋដាក់អង្គុយលើបង់ថ្មមួយក្រោមដើមឈើជ្រកម្លប់ត្រឈឹង ត្រឈៃនឹកដល់ស្រីជាទីស្រឡាញ់...ប្រុសល្អហាក់អង្វរចិត្ដកុំឱ្យខ្វល់ តែនៅតែ នឹកដល់ធារីដដែល...អ្នកកំលោះស្រមៃឃើញរូបភាព ជូនដំណើរស្រស់ស្រីដើរ កំសាន្ដមើលហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ ហាក់ដូចជានៅថ្មីៗ ឮសម្លេងស្រី ជាប់នឹងសោតា...។
នៅការិយាល័យនៃសណ្ឋាគារកុលាប២ឯណោះវិញ សំណាង អ្នកនាងសូលីដា និងវិសាល កំពុងតែជួបជុំគ្នា ពិភាក្សារកគន្លឹះ ដើម្បីធ្វើឱ្យ ពិសិដ្ឋ និងធារីបានជួបគ្នា ព្រោះពួកគេទើបតែស្រាវជ្រាវរកឃើញដំណឹងថ្មី មួយ...សូលីដាឧទានសួរ
-ពួកលោកហៅខ្ញុំមកប្រញាប់យ៉ាងនេះមានការអ្វីដែរ ?...
សំណាងប្រញាប់ឆ្លើយទាំងតក់ក្រហល់
-ពួកយើងទាំងអស់គ្នាត្រូវតែប្រញាប់ទៅបំបែកសំណុំអាថ៌កំបាំង របស់លោកវណ្ណរ័ត្ន !...
-លោកវណ្ណរ័ត្នមានអាថ៌កំបាំងអីទៅ ?...(សូលីដាសួរទាំងភ្ញាក់ ផ្អើល)
សំណាងច្រាសច្រាលដើរទៅដើរមកបណ្ដើរ និយាយបណ្ដើរ
-ពិសិដ្ឋប្រាប់ថាលោកវណ្ណរ័ត្នមានប្រពន្ធនិងកូនស្រីម្នាក់កំពុង រស់នៅទាំងលំបាកនៅក្រុងព្រះសីហនុ...ដំបូងខ្ញុំមិនជឿពិសិដ្ឋនិយាយទេ...តែ ពួកខ្ញុំបានស៊ើបអស់ហើយ គឺពិតប្រាកដមែន !...ប្រពន្ធរបស់លោកវណ្ណរ័ត្ន ឈ្មោះម៉ារ៉ា និងកូនស្រីម្នាក់ឈ្មោះស៊ីណា ប្រកបមុខរបររែកមឹកអាំង បង្គា ស្រុស ក្ដាមស្ងោរលក់តាមឆ្នេរសមុទ្រ...ពួកគេនៅរួមរស់ជាមួយគ្នានៅឡើយ ទេ...គឺកន្លះខែលោកវណ្ណរ័ត្នឡើងទៅក្រុងព្រះសីហនុម្ដង ដើម្បីរួមរស់ជាមួយ ប្រពន្ធ-កូនរបស់គេ !...
-ប្រពន្ធរបស់លោកវណ្ណរ័ត្នមានដឹងថា លោកវណ្ណរ័ត្នមាន បំណងរៀបការជាមួយធារីទេ...ហើយធារីមានដឹងរឿងនេះទេ ?...(សូលីដាសួរ)
-អត់ទេ !...លោកវណ្ណរ័ត្នព្យាយាមលាក់រឿងនេះទាំងអស់... ប្រពន្ធរបស់លោកវណ្ណរ័ត្នមិនដឹងថា លោកវណ្ណរ័ត្នធ្វើការនៅសណ្ឋាគារទេ បែរជាដឹងថាធ្វើអង្គរ័ក្សទៅវិញ...ឯអ្នកនាងធារីរឹតតែមិនដឹងរឿងអីទៅទៀត !... (សំណាង)
-ហេតុអីក៏បងពិសិដ្ឋ មិនប្រាប់ធារីឱ្យដឹងរឿងនេះទៅ ?... (សូលីដាបន្លឺសំណួរបែបឆ្ងល់)
-ហ៊ឺយ !...ពិសិដ្ឋនេះលំបាកណាស់ !...គូប្រជែងរបស់ខ្លួនលោភ លន់ដណ្ដើមស្រី២-៣ម្នាក់ឯងហើយ នៅប្រកាន់សច្ចធម៌ទៀត...គេថាប្រកួត ប្រជែងជាមួយលោកវណ្ណរ័ត្នដោយយុត្ដិធម៌ គេមិនប្រាប់រឿងនេះដល់ធារីទេ... គេទុកឱ្យធារីងាកមករកគេដោយខ្លួនឯង !... (សំណាង)
-មិនកើតទេ !...អ្វីៗនឹងជ