CamNews

ព័ត៌មានជាតិ 

រាជរដ្ឋាភិបាល គ្រោងបិទចរាចរណ៍យានយន្តផ្លូវមាត់ទន្លេរ ចាប់ពីវត្តភ្នំដល់មុខព្រះបរមរាជវាំង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការនោះ គ្រោងរៀបចំបិទចរាចរណ៍យានយន្ត តាមផ្លូវមាត់ទន្លេ ចាប់ពីចំណុចវត្តភ្នំ រហូតដល់មុខព្រះបរមរាជវាំង ក្នុងពេលឆាប់ៗខាងមុខ សម្រាប់ឲ្យភ្ញៀវទេសចរថ្មើរជើង បានដើរទស្សនាកម្សាន្ត នៅតាមមាត់ទន្លេ នាថ្ងៃសៅរិ៍-អាទិត្យ។

ថ្លែងក្នុងពិធីប្រកាស ការប្រឡងប្រណាំង «ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១» និងការប្រឡងប្រណាំង «ទីក្រុងស្អាតថ្នាក់ជាតិលើកទី២ (២០១៨-២០២១)» នៅព្រឹកថ្ងៃទី២៧ ខែតុលា នាសណ្ឋារគារភ្នំពេញ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា «ផ្លូវនេះ គេបិទតែថ្ងៃសៅរិ៍ ថ្ងៃអាទិត្យទេ ដើម្បីឲ្យទេសចរដើរលេងមាត់ទន្លេ ហើយក៏មានការគិតគូរកន្លែងចតឡានផងដែរ ដើម្បីឲ្យទេសចរដើរលេង បានស្រួលមិនមានការកកស្ទះ ពីមុខព្រះបរមរាជវាំងរហូតដល់ប៉ុស្ដិ៍ប្រៃសណីយ៍ (វត្តភ្នំ) និងមានរៀបចំហាងសម្រាប់ភ្ញៀវទៀតផងដែរ»

លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងទេសចរណ៍បានស្នើឲ្យសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់លើការរៀបចំ ផ្លូវថ្មើរជើងនេះឡើងវិញ និងប្រព្រឹត្តទៅឲ្យបានឆាប់រហ័សបំផុត ដែលកាលពីពេលកន្លងទៅ កិច្ចការនេះក៏ធ្លាប់មានការរៀបចំ ម្ដងរួចមកហើយដែរ។ ការរៀបចំផ្លូវទេសចរថ្មើរជើងនេះ ក៏មានដាក់ឆ័ត្រសម្រាប់ឲ្យទេសចរជ្រកម្លប់ និងបរិភោគអាហារផ្សេងៗផងដែរ ដែលតម្រូវឲ្យដាក់រៀបចំចាប់ពី ព្រឹកថ្ងៃសៅរ៍ រហូតដល់យប់ថ្ងៃអាទិត្យត្រូវដកចេញវិញ។

លោករដ្ឋមន្រ្តី ថោង ខុន បានសង្កត់ធ្ងន់ថា «ទីក្រុងទាំងអស់នៅក្នុងអាស៊ាន ក៏ដូចជាពិភពលោក ពិបាករកទីក្រុងណា ដែលមានទីតាំងល្អ ដូចទីក្រុងភ្នំពេញយើងណាស់ ព្រោះមានទន្លេ៤មុខប្រសព្វគ្នា ដែលទេសចរមានការចាប់អារម្មណ៍ច្រើន»

ក្រៅពីនេះ លោករដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាបង្គន់អនាម័យផងដែរ ដែលក្រសួងទេសចរណ៍នឹងចាត់ឲ្យមានការប្រកួតប្រជែងដាច់ឡែក សំដៅធ្វើឲ្យបញ្ហាសំខាន់មួយនេះ លែងចោទជាបញ្ហាដល់ភ្ញៀវទេសចរ និងមហាជននានា។ ហើយនៅទីក្រុងនានាក្នុងប្រទេសកម្ពុជា ក៏មានការរៀបចំបង្គន់អនាម័យ និងផ្លូវទេសចរថ្មើរជើងដូចគ្នានេះដែរ ពិសេសក្រុងសៀមរាប និងក្រុងព្រះសីហនុ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh