CamNews

ព័ត៌មានជាតិ 

គ្រូវិទ្យាល័យ១០មករា ធ្វើកូដកម្មបណ្តេញ គ្រូម្នាក់ចេញពីសាលា

សៀមរាប៖ គ្រួវិទ្យាល័យ «១០ មករា ១៩៧៩» កណ្តាលក្រុងសៀមរាប ជាង១០០នាក់ បាននាំគ្នាធ្វើកូដកម្ម មិនចូលបង្រៀន ដើម្បីទាមទារឲ្យមន្ទីរអប់រំខេត្ត បណ្តេញលោកគ្រូបង្រៀនម្នាក់ចេញពីសាលា ដោយពួកគាត់ បានអះអាងថា លោកគ្រូបង្រៀនភាសាខ្មែររូបនេះ បានបង្កបញ្ហាជាច្រើននៅក្នុងសាលា និងធ្លាប់ផ្ទុះអំពើហិង្សា វាយតប់គ្នាជាមួយគ្រូៗដទៃទៀតថែមផង។

គ្រូបង្រៀនម្នាក់ ក្នុងចំណោមគ្រូបង្រៀនជាង១០០នាក់ផ្សេងទៀត ដែលបានចូលរួមធ្វើកូដកម្មមិនចូលបង្រៀន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានប្រាប់ឲ្យដឹងថា ការធ្វើកូដកម្ម បានធ្វើឡើងបន្ទាប់ពីសំណើរបស់ ក្រុមគ្រូបង្រៀនឲ្យដកលោក ជាន ស៊ន គ្រូបង្រៀនភាសាខ្មែរនៅក្នុងវិទ្យាល័យ «១០ មករា ១៩៧៩» មិនត្រូវ បានមន្ទីរ ក៏ដូចជានាយកសាលាចាត់ការនោះទេ។

លោក ថន ថុន គ្រូបង្រៀនភូមិវិទ្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា លោកគ្រូ ជាន ស៊ន  ដែលត្រូវបានគ្រូនាំគ្នាតវ៉ា និងធ្វើលិខិតសូមឲ្យដកចេញពីសាលានេះ ដើម្បីជាគ្រូបង្រៀននៅខេត្តប៉ៃលិន ហើយ  ត្រូវបានគេផ្លាស់ប្តូរមកវិទ្យាល័យ ១០ មករា ចំនួន ៤-៥ឆ្នាំមកហើយ។ ការផ្លាស់ប្តូរពីសាលានៅខេត្តប៉ៃលិន មក  វិទ្យាល័យ ១០ មករា ដែលជាវិទ្យាល័យធំជាងគេ និងល្បីល្បាញក្នុងក្រុងសៀមរាប ក៏ដោយសារតែការនៅមិន ចុះសម្រុងជាមួយគ្រូដទៃ ហើយតែងមានជម្លោះជារឿយនោះ។

លោកគ្រូ ថន ថុន បានបន្តថា បន្ទាប់ពីផ្លាស់មកនៅក្នុងវិទ្យាល័យ ១០ មករា លោកគ្រូ ជាន ស៊ន តែងតែមានទំ  នាស់ពាក្យសម្តីជាមួយគ្រូៗបង្រៀនដូចគ្នា ហើយក៏ធ្លាប់មានជម្លោះជាមួយនាយកសាលាថែមទៀតផង។ បើតាម  លោកគ្រូ ថន ថុន លោកគ្រូ ជាន ស៊ន មិនដែលត្រូវជាមួយគ្រូៗក្នុងវិទ្យាល័យនេះឡើយ គាត់តែងក្រអើតក្រទម  និងតាំងខ្លួនជាអ្នកចេះជាងគេជានិច្ច។

លោកគ្រូ ថន ថុន បានបញ្ជាក់ថា «លោកគ្រូហ្នឹងពេលឈ្លោះប្រកែកជាមួយគេ តែងយកទាហ៊ានមកសំឡុត  គំរាមគ្រូដទៃទៀត ហើយថែមទាំងយកឈ្មោះ លោក ហ៊ុន ម៉ានី និងលិខិតសរសើររបស់នាយករដ្ឋមន្រ្តីអួតក្អេង  ក្អាង។ គាត់ (ជាន ស៊ន) ធ្លាប់បោះសម្តីទៀតថា ប្រសិនបើគ្រូណាចង់បានធំត្រូវតែដើរតាមគេ»។

ក្រៅពីជម្លោះពាក្យសម្តី លោកគ្រូ ជាន ស៊ន ក៏បានបង្កការវាយតប់ជាមួយគ្រូដទៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កិត្តិយសវិទ្យាល័យ ១០ មករា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងខេត្តនោះ។ នេះបើតាមការបញ្ជាក់  របស់លោក ថន ថុន។

ឆ្លើយតបការចោទប្រកាន់នេះ លោកគ្រូ ជាន ស៊ន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា  លោកនឹងមិនចាកចេញពីសាលានោះឡើយ ព្រោះលោកមិនបានធ្វើខុសនឹងច្បាប់រដ្ឋបាលការងារ ដូចជាការមិន គោរពម៉ោងបង្រៀន ប្រើពាក្យសម្តីមិនល្អណាមួយទៅលើសិស្សនោះឡើយ។ តែលោកក៏ទុកឲ្យមន្ទីរអប់រំ និងគ ណៈអភិបាលខេត្តជាអ្នកសម្រេចទៅលើរឿងនេះ ត្បិតរូបលោក ក៏មានលោកគ្រូ អ្នកគ្រូចេញមុខគាំទ្រផងដែរ។

លោក ជាន ស៊ន បានបង្ហើបផងដែរថា ការធ្វើកូដកម្មនេះ គឺផ្តើមចេញពីក្រុមគ្រូបង្រៀន ដែលដឹកនាំដោយលោក  គ្រូ ប៉ោ គៀ ដេញភាស៊ីផ្ញើកង់-ម៉ូតូ មិនឈ្នះរូបលោក។ លោកគ្រូ ជាន ស៊ន ក៏គ្រោងនឹងប្តឹងបកទៅក្រុមគ្រួ បង្រៀនតវ៉ាផងដែរ ដែលធ្វើឲ្យប៉ះពាល់ ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស។

លោកគ្រូ ថន ថុន បានអះអាងថា ក្រុមគ្រូបង្រៀនទាំងអស់ នឹងបន្តធ្វើកូដកម្មមិនចូលបង្រៀនរហូតមានការដក  លោកគ្រូ ជាន ស៊ន ចេញពីវិទ្យាល័យ ១០ មករា។

ប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក អ៊ុង សេរីឌី បានឲ្យដឹងថា សំណើរបស់គ្រូបង្រៀន និងបញ្ហាទាំងអស់ ត្រូវ  បានលោកធ្វើរបាយការណ៍ជូនទៅគណៈអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង រួចរាល់ហើយ តែមិនទាន់  ទទួលបានលទ្ធផលនៅឡើយនោះទេ។ លោកបានបញ្ជាក់ថា ដំណោះស្រាយនឹងមានក្នុងពេលឆាប់ៗនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Siem Reap