CamNews

ព័ត៌មានជាតិ 

គួរឲ្យអាសូរណាស់! នាំគ្នាទៅលេងបុណ្យសមុទ្រ និងលក់ប៉េងប៉ោង ស្រាប់តែក្រឡាប់រថយន្តបណ្តាលឲ្យ...

(ព្រះសីហនុ)៖ ពិតជាគួរឲ្យសង្វេគប្រជាពលរដ្ឋមួយរថយន្ត បានធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីចូលរួមសប្បាយក្នុងពិធីបុណ្យសមុទ្រ និងយកប៉េងប៉ោងទៅលក់ ស្រាប់តែជួបគ្រោះអកុសលក្រឡាប់រថយន្ត បណ្តាលឲ្យស្លាប់ និងរបួសរហូតដល់ ២២នាក់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវបេតុងចុះពីវត្តលើត្រង់ចំណុច មហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ រងរបួសធ្ងន់ ៤នាក់ (ស្រី ២នាក់) និង រងរបួសស្រាល ១៧នាក់ (ស្រី ៣នាក់)។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពត្រូវបានកម្លាំងជំនាញទំនាក់ទំនង ទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍មួយនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «រថយន្តមានទិសដៅពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ​គោលបំណងដើម្បីមកកម្សាន្តលេង​ និងយកប៉េងប៉ោងមកលក់ក្នុងឱកាសបុណ្យសមុទ្រ​។ លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវចុះចំណោត អ្នកបើកបររថយន្តពុំស្គាល់ស្ថានភាពផ្លូវ ស្មានតែផ្លូវត្រង់ទៅមុខទៀតក៏ចុះ លុះដល់ចំណុចរបងមហោស្រពចាស់ ឃើញថាទៅមុខមិនរួច ក៏ជាន់ហ្រ្វាំងតែហ្រ្វាំងមិនស៊ីបណ្ដាលឲ្យបុករបងតែម្តង»

សម្រាប់រថយន្ត ត្រូវបានកម្លាំងជំនាញស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៤ នេះត្រូវប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅទីរួមខេត្តព្រះសីហនុ ដោយគេរំពឹងថា នឹងមានមនុស្សចូលរួមរាប់ម៉ឺននាក់។ ជាមួយគ្នានេះទាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរជាយថាហេតុ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh