CamNews

តារា 

តួ​សំខាន់​ក្នុង​រឿង​រស​ជាតិ​ជីវិត​ ចាំ​ថ្ងៃ​ចេញ​ទៅ​អូស្ត្រាលី​ជា​មួយ​ស្វាមី


ភ្នំពេញ : តារា​សម្ដែង​ក្នុង​ខ្សែ​រឿង​អប់រំ រស​ជាតិ​ជីវិត នាង​ ណុប សោភ័ណ្ឌ ​បាន​វេច​បង្វេច ត្រៀម​​ចាក​ចេញ​ពី​ទឹក​ដី​កំណើត ​ហើយ​ប្ដូរ​ឈ្មោះ​ ប្ដូរ​សញ្ជាតិ​ទៅ​រស់​នៅ​លើ​ទឹក​ដី​អូស្ត្រាលី តាម​បុរស​ស្បែក​ស​ជា​ស្វាមី​ ​រួច​ធីប​ចោល​សិល្បៈ ស្រប​ពេល​ដែល​នាង​ក៏​ទើប​តែ​បន្សាប​បាន​ពាក្យ​អកុសល​ជុំវិញ​រឿង​មាន​កូន​ មុន​រៀប​ការ​ផង​នោះ​។

បើ​និយាយ​ពី​កេរ្តិ៍​ឈ្មោះ តារា​ស្រី​រូប​នេះ មិន​សូវ​មាន​គេ​ស្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​និយាយ​ដល់​ស្នាដៃ​សិល្បៈ ណុប សោភ័ណ្ឌ បាន​សាង​ស្នាដៃ​ច្រើន​គ្រាន់​បើ​ដែរ​។ តារា​ស្រី​រូប​នេះ បាន​រំលេច​ចេញ​ស្នាដៃ​ចំនួន​៨​រឿង ដែល​ក្នុង​នោះ​រួម​មាន ​ភាព​យន្ត​ខ្នាត​ធំ​រឿង​​ រាជិនី​ពស់ បាត់​ខ្លួន គ្រួសារ​សាប៊ូ និង​រឿង​ប្រភេទ​អប់​រំ​មួយ​ចំនួន​ទៀត។

យ៉ាង​ណា​មិញ គោល​ដៅ​ក្នុង​ការ​ដណ្ដើម​ភាព​ល្បី​ល្បាញ​ក្រោយ​សាង​ភាព​លេច​ធ្លោ​ ក្នុង​វិស័យ​ភាព​យន្ត​ ហាក់​មិន​លេច​ចេញ​ផ្លែ​ផ្កា​ចំពោះ​ខ្សែ​ជីវិត​នាង​ឡើយ​។ ម្ល៉េះ​ហើយ​ ទើប​ធ្វើ​ឲ្យ​នាង​រសាត់​ខ្លួន​បាត់​ឆ្ងាយ​បន្តិច​ម្ដង​ៗ​ពី​វិថី​សិល្បៈ រហូត​ដល់​មាន​រឿង​រសើប​ទាក់​ទង​នឹង​ការ​ដែល​នាង​មាន​កូន​មួយ​ស្ងាត់​ៗ​ហើយ​ ទើប​តែ​ដឹក​ដៃ​បុរស​កំណាន់​ចិត្ត​ចូល​រោង​ការ​។

ជួប​ជា​មួយ ភ្នំពេញ​ប៉ុស្ដិ៍​ នាង ណុប សោភ័ណ្ឌ ដែល​បែក​សាច់​ធាត់​ ក្រោយ​ពេល​ក្លាយ​ជា​ម្ដាយ​ទារក​វ័យ​ជាង​បី​ខែ​នោះ​ បាន​រៀប​រាប់​ពី​ជីវិត​ស្នេហា​ខុស​ប្រក្រតី​​របស់​ខ្លួន​ថា នាង​​បាន​លោត​រំលង​រនាំង​ប្រពៃណី​ខ្មែរ ដោយ​សារ​តែ​បុរស​អូស្ត្រាលី​ឈ្មោះ ម៉ាឌែន ប៉ូលដាម៉ែន​ ដែល​បច្ចុប្បន្ន​ជា​ស្វាមី​ស្រប​ច្បាប់ ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​។

នាង​និយាយ​ថា ​ខ្លួន​បាន​ស្គាល់​បុរស​វ័យ​ជាង​​សែ​​រូប​នោះ នៅ​ពេល​ដែល​នាង​កំពុង​លេច​ធ្លោ​ក្នុង​សិល្បៈ​។ ទោះ​យ៉ាង​ណាក្ដី​ ក្រោយ​ពី​សម្រេច​ចិត្ត​រួម​រស់​ជា​មួយ​បុរស​នោះ រហូត​ពពោះ​ខ្ទាត​ធំ ​នាង​ក៏​ប្រឈម​នឹង​ភាព​ប្រថុយ​ប្រថាន​ដែរ​ ក្នុង​ពេល​កន្លង់​វ័យ​ជ្រេ​នោះ​ ស្រាប់​តែ​ចាក​ចេញ​ចោល​នាង ​ហើយ​ទៅ​សម្ងំ​នៅ​អូស្ត្រាលី​បាត់​​ឈឹង ដែល​រុញ​ច្រាន​ឲ្យ​នាង​អស់​សង្ឃឹម​ជា​ច្រើន​អន្លើ។

ណុប សោភ័ណ្ឌ និយាយ​ថា៖ មុន​រៀប​ការ​ជា​មួយ​គាត់ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ខ្ញុំ​ពិត​ជា​រែក​ពន់​ភាព​អាម៉ាស់​តែ​ម្នាក់​ឯង​អ៊ីចឹង​មែន ពិសេស​ពេល​គាត់​ស្រាប់​តែ​មិន​ព្រម​ចុះ​មក​ស្រុក​ខ្មែរ​ក្នុង​ពេល​ពោះ​ខ្ញុំ ​​ជិត​គ្រប់​ខែ

យ៉ាង​ណា​មិញ តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ អះ​អាង​ថា ភាព​អាស្រូវ​ដែល​នាង​បាន​បង្កាត់​ឡើង បាន​លាង​ជម្រះ​ដោយ​ចំណង​អាពាហ៍​ពិពាហ៍​នោះ​បាន​ជ្រះ​ស្រឡះ​ហើយ ពិសេស​ក្រោយ​ពេល​ដែល​ស្វាមី​នាង​ដែល​ជា​បុគ្គលិក​​ផ្នែក​អេឡិចត្រូនិក​រូប នោះ ​ផ្ដល់​លិខិត​ឲ្យ​នាង​ចេញ​ទៅ​រស់​នៅ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​នៅ​​លើ​ ទឹក​ដី​អូស្ត្រាលី។

តារា​រូប​នេះ​និយាយ​ថា៖ ពួក​ខ្ញុំ​អត់​ទាន់​មាន​អេតាស៊ីវិល​អី​ទេ ប៉ុន្តែ​ស្វាមី​ខ្ញុំ​ប្រាប់​ថា ចាំ​ទៅ​ដល់​ស្រុក​កំណើត​គាត់​ចាំ​ធ្វើ​លិខិត​ក៏​បាន​ដែរ​!

ណុប សោភ័ណ្ឌ​ បញ្ជាក់​ថា នាង​ត្រូវ​តែ​ត្រៀម​បង្វេច​នាំ​កូន​ប្រុស​ឡើង​​ទៅ​កាន់​ទឹក​ដី​ថ្មី ជា​មួយ​លោក ​ប៉ូលដាម៉ែន ​ក្នុង​ពេល​ឆាប់​ៗ ដ្បិត​ចង់​យក​តំណក់​ឈាម​របស់​ខ្លួន​រូប​នេះ ​ទៅ​ចុះ​បញ្ជី​​នៅ​ទឹក​ដី​ថ្មី ដើម្បី​ទទួល​បាន​សញ្ជាតិ​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី។

នាង​​និយាយ​ថា៖ ខ្ញុំ​មិន​ទាន់​កំណត់​ពេល​ចាក​ចេញ​ទេ ​ប៉ុន្តែ​វា​អាស្រ័យ​​លើ​សុខភាព​កូន​ខ្ញុំ​ ហើយ​បើ​តាម​ខ្ញុំ​ស្មាន​មិន​អាច​យូរ​ទៀត​ទេ ព្រោះ​ស្វាមី​ខ្ញុំ​ក៏​ប្រញាប់​ចាក​ចេញ​ទៅ​វិញ​ដែរ!

យ៉ាង​ណា​មិញ វិថី​សិល្បៈ​របស់​នាង​មិន​ទាន់​ដល់​ទី​បញ្ចប់​នៅ​ឡើយ​ទេ។ នាង​អាច​ទទួល​សម្ដែង​ម្ដង​ម្កាល នៅ​អូស្ត្រាលី ឬ​នៅ​ពេល​នាង​ឡើង​ចុះ​ស្រុក​ខ្មែរ ប្រសិន​បើ​មាន​សំណើ ដោយ​សារ​ស្វាមី​របស់​នាង ចូល​ចិត្ត​ការងារ​សិល្បៈ​ណាស់ ទើប​លោក​សម្រេច​ដើរ​ផ្លូវ​ជីវិត​មួយ​នេះ​ជា​មួយ​នាង។

តារា​ដែល​កំពុង​តែ​កក់​ក្ដៅ​ពី​ចំណង​ស្នេហ៍​ ដែល​ធ្លាប់​ត្រូវ​បាន​គេ​ពេប​ជ្រាយ​មួយ​នេះ បាន​និយាយ​​​បិទ​បាំង​តម្លៃ​បណ្ណាការ​​ ថា៖ ធម្មតា​គាត់​ស្រឡាញ់​យើង អ្វី​ដែល​គាត់​ផ្ដល់​ គាត់​ឲ្យ​យើង​បាន​ប្រាកដ​ជា​ខំ​ទិញ​ឲ្យ​តែ​ទាំង​អស់​ហ្នឹង តែ​ខ្ញុំ​មិន​ចង់​រៀប​រាប់​ទេ កុំ​ឲ្យ​គេ​ថា ខ្ញុំ​ទទួល​យក​គាត់​ដោយ​សារ​ប្រាក់

នាង​យល់​ថា ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កម្ពុជា​ ​ទៅ​រស់​នៅ​លើ​ទឹក​ដី​ថ្មី គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​នឹង​​ធ្វើ​ជីវិត​នាង​កាន់​តែ​មាន​សុភមង្គល ស្រប​ពេល​ដែល​នាង​ក៏​គ្រោង​បង្កើត​កូន​​ពីរ​បី​នាក់​ទៀត ទុក​ជា​ចំណង​ដៃ​ផង​ដែរ៕

http://khmer.phnompenhpost.com/index...tyle&Itemid=79

Tags: