CamNews

តារា 

អាលីហ្សាៈ ស្នេហាខ្ញុំ ដំណើរការធម្មតា


ភ្នំពេញៈ ថ្មីៗនេះតារាចម្រៀង និងជាតារាសម្តែង ដែលកំពុងតែសាងភាពល្បាញល្បី ក្នុងស្រទាប់យុវវ័យ សាច់សខ្ចី សម្តីក៏ស្រទន់ រាង្គ និងកែវភ្នែកស៊ិចស៊ី កញ្ញា អាលីហ្សា ត្រូវបានគេឃើញនាង បណ្តើរបុរស ម្នាក់យ៉ាងបើកចំហរ ថែមទាំងមានភាពសិទ្ធស្នាល និងផ្អែមល្ហែមនឹងគ្នា ដោយមិនខ្ចីខ្វល់ពីអ្នក ដទៃឡើយ។

នៅក្នុងពិធីខួបកំណើតរបស់អ្នកនាង យ៉ាន លីនដា ដែលជាភរិយារបស់លោក យ៉ែម សំអូន កាលពីពេលថ្មីៗនេះ កញ្ញា អាលីហ្សា ដែលមានវ័យ២៦ឆ្នាំ តែប្រៀបដូចឃ្មុំឡើងក្បាលទឹកនោះ បានបណ្តើរបុរសដែលមានរូបរាងសង្ហាម្នាក់ យ៉ាងស្និទ្ធស្នាលជាទីបំផុត ហើយកន្លងមកកញ្ញាក៏ធ្លាប់បណ្តើរបុរសសង្ហារូបនេះ ទៅចូលរួមក្នុងពិធីឡើងផ្ទះរបស់អ្នកនាង លី ម៉ារីណា ផងដែរ ធ្វើឱ្យទស្សនិកជន ដែលនិយមគាំទ្រកញ្ញាភ្ញាក់ផ្អើល និងគិតថា ប្រហែលជាសង្សារបណ្តូល ចិត្តរបស់នាងហើយមើលទៅ។

ពេលជួបជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា អាលីហ្សា បានប្រាប់ថា ស្នេហារបស់ខ្ញុំដំណើរការជាធម្មតា។ ស្នេហារបស់នាងមានភាពល្អូកល្អើននឹងគ្នា គ្មានបញ្ហាអ្វីនោះទេ ។ និយាយបែបនេះច្បាស់ណាស់ថា អ្នកដែលនាងតែងតែបណ្តើរនោះជា សង្សារនាងហើយ។

បើនិយាយពីការសម្តែងរបស់ អាលីហ្សា វិញ បច្ចុប្បន្ននេះនាងកំពុងតែមមាញឹកក្នុងសិល្បៈ ទាំងការសម្តែង និងច្រៀងពេលរាត្រី នៅក្នុងមជ្ឈមណ្ឌលមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ នាងក៏ធ្លាប់ដើរតួនៅក្នុងខ្សែភាពយន្តរឿង ល្បិចស្រីៗ ផងដែរ។

អាលីហ្សា ប្រាប់ឱ្យដឹងទៀតថា ឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ គ្មានគម្រោងទៅកម្សាន្តឆ្ងាយៗពីផ្ទះ ដូចតារាមួយចំនួននោះទេ គឺត្រឹមតែជួបជុំជាមួយក្រុមគ្រួសារនៅផ្ទះប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ អាលីហ្សា ត្រូវបានគេចាត់ទុកថា ជាតារាសម្បូរស្នេហ៍ម្នាក់នៅក្នុងចំណោម តារាស្រីផ្សេងទៀតផងដែរ ប៉ុន្តែ ជារឿយៗ នាងតែងតែជួបប្រទះនូវស្នេហាមិនសមបំណងជាច្រើនដង ហើយកន្លងមកនាងធ្លាប់ប្រាប់ថា មានគូស្នេហ៍នៅប្រទេស បារាំង ហើយកំពុងស្វែងយល់ ចិត្តថ្លើមគ្នាទៅវិញទៅមក តែក៏ត្រូវស្ងៀមស្ងាត់ទៅវិញ។

http://dap-news.com/index.php?option...news&Itemid=50

Tags: