CamNews

ព័ត៌មានជាតិ 

ស្រ្តីកម្មករសំណង់ កើតពិសធ្យូង ស៊ីរូងអស់សាច់ជើងម្ខាង សល់តែឆ្អឹង ដង្ហោយរកជំនួយសង្រ្គោះ

ត្បូងឃ្មុំ៖ ស្ត្រីប្រកបរបរជាកម្មករសំណង់ម្នាក់ រស់នៅភូមិកំរ៉ែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានកើតជំងឺចម្លែក ដែលអ្នកភូមិហៅថាជំងឺ «ពិសធ្យូង» ស៊ីរូងអស់សាច់ជើងម្ចាងសល់តែឆ្អឹងមើលទៅខ្លោចផ្សាជាទីបំផុត។ ដោយសារកង្វះខាតក្នុងជីវភាពគ្មានលទ្ធភាពស្វែងរកសេវាព្យាបាលនោះ ស្រ្តីកើតជំងឺចម្លែក រួមនិងក្រុមគ្រួសារបានលើកដៃសំពះដង្ហោយរកអ្នកមានទឹកចិត្តសម្បុរសផ្តល់ជំនួយជួយព្យាបាលជំងឺបន្ទាន់ បើទុកយូរអាចគ្រោះថ្នាក់ ដល់អាយុជីវិត។

ស្រ្តីកម្មករសំណង់កើតជំងឺស៊ីរូងសាច់ជើងសល់តែឆ្អឹងក្នុងរយៈពេល ២ខែនេះ មានឈ្មោះ ស្រេង ស្រីអាង អាយុ ៤០ឆ្នាំ មានស្វាមីឈ្មោះ សុខ ស្រ៊ៀង មានកូនពីរនាក់ក្នុងបន្ទុក មានមុខរបរជាកម្មករសំណង់។

អ្នកស្រី វេត សុខនី ត្រូវជាបងស្រីជីដូនមួយរបស់នារីរងគ្រោះ បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះ ស្រេង ស្រីអាង បានកើតជំងឺចម្លែកនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ទាំងមិនដឹងមូលហេតុ។ បើតាមអ្នកស្រី វេត សុខនី ដំបូងឡើយជើងបានឡើងហើម ហើយមានពណ៌ខ្មៅ។ ក្រោយឃើញអាការៈបែបនេះ លោក សុខ ស្រ៊ៀង ជាស្វាមី បាននាំទៅព្យាបាលនៅមណ្ឌលសុខភាពឃុំ។ ភ្លាមៗនោះ មន្រ្តីពេទ្យក្នុងមណ្ឌលសុខភាព បានព្យាយាមតាមដានស្ថានភាពជំងឺជាមួយការផ្តល់ថ្នាំលេបបំបាត់ឈឺចាប់បន្តិចបន្តួច។

ដោយស្ថានភាពជំងឺមិនមានការធូរស្រាល ក៏សម្រេចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ពេលទៅដល់មន្ទីរពេទ្យខេត្ត ក្រុមគ្រួពេទ្យ បានទាមទារកាត់ជើងម្ខាង ដោយសារពិសបានស៊ីជ្រៅក្នុងជើង ហើយបើមិនកាត់ទេមិនជាឡើយ។

ស្រ្តីជួបជំងឺចម្លែកនេះ ដោយសារស្តាយជើង គួបផ្សំនឹងជីវភាពខ្វះខាតផងនោះ មិនបានឲ្យក្រុមគ្រូពេទ្យវះកាត់ជើង និងព្យាបាលឡើយ ហើយក៏ត្រឡប់មកផ្ទះជ្រើសយកការព្យាបាលជាមួយគ្រូខ្មែរបុរាណ ព្យាបាលដោយការស្តោះផ្លុំ ជំនួសវិញ។

ការព្យាបាលស្តោះផ្លុំរបស់គ្រូខ្មែរបុរាណ មិនបានធ្វើឲ្យស្ថានភាពជំងឺធូរស្បើយនោះឡើយ ផ្ទុយទៅវិញត្រឹមរយៈពេលប្រមាណ ២ខែប៉ុណ្ណោះ ជើងរបស់អ្នកស្រី អាង ត្រូវរលេះអស់សាច់សល់ឆ្អឹងប៉ុណ្ណោះ។

បើតាមការបញ្ជាក់ថា របស់អ្នកស្រី វេត សុខនី ជាបងស្រី បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០ ១៥នេះ គេមិនទាន់ដឹងថា ស្ថានភាពជំងឺក្លាយជាយ៉ាងណានោះទេ តែជើងមួយកំណាត់ (ត្រឹមកំភួនជើង) ត្រូវបានដាច់ទៅហើយ។

ជាមួយនឹងស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ គ្រាដែលជីវភាពកាន់តែដុនដាបនោះ ក្រុមគ្រួសារ ក៏ដូចជាស្រ្តីរងគ្រោះផ្ទាល់ បានលើកដៃសំពះដង្ហោយស្វែងរកសប្បុរសជនមានទឹកចិត្តសណ្តោសប្រណី ជួយយកខ្លួនទៅព្យាបាលជំងឺ ព្រោះបើទុកយូរបន្ថែមទៀត អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខាន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Tbong Khmum