CamNews

តន្រ្តី តារា 

ព្រាប សុវត្ថិ សាយ​ប្រជាប្រិយ​ភាព​ដល់​បង​ប្អូន​ខ្មែរ​ក្រោម​នៅ​វៀត​ណាម


ភ្នំពេញ : នៅ​ក្នុង​រថយន្ត​ក្រុង​ដែល​កំពុង​តែ​ដឹក​ភ្ញៀវ​ទេសចរ​ខ្មែរ​ ទៅ​ទស្សនា​ទីក្រុង​ស្នេហ៍​ដ៏​ត្រជាក់​ស្រេប​នៃ​ប្រទេស​វៀត​ណាម បទ​ ខ្លុយ​ស្នេហ៍​ត្នោត​ទេរ ត្រូវ​បាន​បង្ហើរ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​​ចេញ​ពី​មាត់​មគ្គុទ្ទេសក៍​ទេសចរ​ មួយ​រូប ឈ្មោះ​ ទ្រី ដែល​មាន​ដើម​កំណើត​ជា​កម្ពុជា​ក្រោម តាម​ការ​សំណូម​ពរ​​របស់​ភ្ញៀវ​ទេសចរ ដែល​ចង់​ទទួល​សណ្ដាប់​ចម្រៀង​ជាតិ បើ​ទោះ​ជា​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​​ប្រទេស​ជិត​ខាង​ក្ដី។

ក្រោយ​ពី​ច្រៀង​គោក​ជា​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​ ដោយ​មិន​មាន​សាច់​ភ្លេង ឬ​ខារ៉ា​អូខេ​អម​មក បុរស​មគ្គុទ្ទេស​ក៍​មាឌ​ក្រអាញ​ម្នាក់​ក្នុង​វ័យ​ល្បាក់​សាម​ស្ដើង​រូប​នេះ បាន​បញ្ជាក់​ជា​ភាសា​ខ្មែរ​រាង​ប៉ៃឡាំ​បន្តិច​ថា៖ នៅ​ក្នុង​ចំណោម​អ្នក​ចម្រៀង​ខ្មែរ​យើង​ទាំង​អស់ ខ្ញុំ​ចូល​ចិត្ត​បទ​លោក​ ព្រាប សុវត្ថិ ជាង​គេ ព្រោះ​គាត់​នេះ​ល្បី​ណាស់​សម្រាប់​បង​ប្អូន​ខ្មែរ​ក្រោម​យើង ហើយ​ខ្ញុំ​ចេះ​ច្រៀង​តែ​បទ​គាត់ និង​បទ​លោក ស៊ីន ស៊ីសាមុត​ ទេ

រំពេច​នោះ ភ្ញៀវ​ទេសចរ​ខ្មែរ​មួយ​រូប​ដែល​ស្ថិត​ក្នុង​វ័យ​ទើប​តែ​ម្ភៃ​ឆ្នាំ​ ហើយ​កំពុង​អង្គុយ​កៀក​កើយ​ជាមួយ​ស្វាមី​ទើប​នឹង​រៀប​ការ​បាន​បី​ថ្ងៃ​នោះ​ ក៏​បាន​ស្រែក​សួរ​ពី​កៅ​អី​ខាង​ក្រោយ​ថា៖ ហេតុ​អ្វី​បាន​ជា​លោក​ ព្រាប សុវត្ថិ​ ល្បី​នៅ​កម្ពុជា​ក្រោម​អ៊ីចឹង​បង?

នេះ​មិន​មាន​អ្វី​ចម្លែក​ទេដែល​យុវវ័យ​ខ្មែរ​ចោទ​សួរ​ដូច្នេះ ដោយ​សារ​តែ​នៅ​ប្រទេស​កម្ពុជា​​សម្បូរ​តារា​ចម្រៀង​ស្ទើរ​តែ​គរ​ជើង​គ្នា និង​ផលិត​កម្ម​ព្រោង​ព្រាត។ ម៉្យាង​ដោយ​សារ​តែ​បទ​ពិសោធ​ដ៏​ជ្រាល​ជ្រៅ​របស់​តារា​​ ព្រាប សុវត្ថិ​ លោក​ទំនង​ជា​កញ្ឆក់​បាន​បេះដូង​យុវជន​វ័យ​លើ​ម្ភៃ និង​សាម​ក្រាស់​ទៅ​វិញ ខណៈ​ដែល​តារា​ចម្រៀង​ស្រករ​ក្រោយ​ ដូច​ជា​ ខេមរៈ សិរីមន្ត ហេង ពិទូ និង ឆាយ វីរៈយុទ្ធ ជា​ដើម​កំពុង​វាយ​លុក​ទីផ្សារ​យុវវ័យ​។

យ៉ាង​ណា​មិញ ​លោក​ ទ្រី ដែល​រស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់​ពី​មូលហេតុ​ថា៖ បង​ប្អូន​កម្ពុជា​ក្រោម​យើង គាត់​ចូល​ចិត្ត​អ្នក​ចម្រៀង​ណា​ច្រៀង​ច្បាស់ៗ ហើយ​យើង​ស្គាល់​លោក​ ព្រាប សុវត្ថិ តាំង​ពី​ដើម​ឆ្នាំ​ពីរ​ពាន់​មក​ម្ល៉េះ ដោយ​សារ​តែ​គាត់​ច្រៀង​ខ្មែរ​ម៉ាម៉ាត់ៗ​ច្បាស់​ៗ​ផស​គាត់​

ដូច​គ្នា​នេះ​ដែរ អ្នក​ស្រី​ ញ៉ា ដែល​មាន​ស្វាមី​ឈ្មោះ​លោក​ ទ្រឿង​ ជា​អ្នក​ប្រកប​របរ​លក់​ចាប់ហួយ ​នៅ​ខេត្ត​អានយ៉ាង បាន​ឲ្យ​ដឹង​ថា គ្រួសារ​អ្នក​ស្រី​ធ្លាប់​ឡើង​ចុះ​ភ្នំពេញ​ទៅ​លេង​បង​ប្អូន ហើយ​ក៏​បាន​ឲ្យ​ឆ្លៀត​ទិញ​ឌីស​របស់​លោក ព្រាប សុវត្ថិ​ មក​ចាក់​ស្ដាប់ ដោយ​សារ​តែ​លោក​ច្រៀង​ភាសា​បាន​ច្បាស់​ល្អ ហើយ​សំឡេង​គាត់​ឲ្យ​គ្រលួច​តែ​ម្ដង ជា​ពិសេស​គឺ​បទ​សម័យ​ និង​បទ​យក​មក​ច្រៀង​ឡើង​វិញ​ ដូច​ជា​បទ​ ថ្ងៃ​បាក់​រសៀល ឱ​ស្នេហ៍​មាស​បង​ និង​ អារុណោទ័យ ជាដើម។

ស្ត្រី​វ័យ ២៨ ឆ្នាំ រូប​នេះ​បាន​បន្ត​ថា៖ ខ្ញុំ​និយាយ​ខ្មែរ​មិន​សូវ​ដូច​បង​ប្អូន​ខ្មែរ​យើង​នៅ​ឯ​ណោះ​មែន ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​បទ​ខ្មែរ​ណា​ដែល​ច្រៀង​ច្បាស់​ៗ​។ ខ្ញុំ​ឃើញ​មាន​តែ​គាត់​ហ្នឹង​ទេ (ព្រាប សុវត្ថិ) ដែល​ច្រៀង​បទ​សម័យ​យើង​ច្បាស់

លោក ព្រាប សុវត្ថិ​ បាន​ថ្លែង​ក្នុង​សំឡេង​គ្រលរ​ៗ​ ដោយ​សារ​លោក​ទើប​ក្រោក​ពី​ទម្រេត​ថ្ងៃ​រសៀល​នោះ​ថា​៖ ខ្ញុំ​អត់​ដែល​ដឹង​ថា ចម្រៀង​របស់​ខ្ញុំ​មាន​ភាព​និយម​ខ្លាំង​ទេ នៅ​ទឹក​ដី​កម្ពុជា​ក្រោម។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ខ្មែរ​ក្រោម​ដែល​គាត់​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ខ្លះ ពួក​គាត់​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​របស់​ខ្ញុំ

យ៉ាង​ណា​មិញ តារា​ចម្រៀង​វ័យ ៣៦ ឆ្នាំ​ដែល​ល្បី​ខាង​រួស​រាយ​ជា​មួយ​មហាជន​នោះ​មិន​មាន​អំណួត​លើ​ការ​សរសើរ​ នេះ ហើយ​បន្តុះ​បង្អាប់​តារា​ចម្រៀង​​ស្រ​ករ​ក្រោយ ដែល​សឹង​តែ​ជាន់​ពន្លិច​ខ្លួន​បាន​ម្ដង​ម្កាល​នោះ​ទេ។

លោក​ ព្រាប សុវត្ថិ បែរ​ជា​ថ្លែង​លើក​ទឹក​ចិត្ត​តារា​ចម្រៀង​យុវវ័យ​ទាំង​នោះ​ថា៖ សម្រាប់​រូប​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់​ចំពោះ​អ្នក​ចម្រៀង​សម័យ​ថ្មី​នេះ គឺ​គាត់​មាន​ទេពកោសល្យ​ល្អ​ពី​ធម្មជាតិ​រីក​ដុះ​ដាល​ច្រើន

ម្ចាស់​បទ Call មក​បង​ពេល​គេ​បោះបង់​អូន រូប​នេះ បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​រីករាយ ដោយ​សារ​តែ​លោក​ទទួល​បាន​ជ្រុង​មួយ​ថ្មី​ទៀត​នៃ​ប្រជា​ប្រិយភាព​របស់​ ខ្លួន ពី​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​វៀត​ណាម។

លោក ព្រាប សុវត្ថិ ក៏​បាន​បង្ហើប​គំនិត​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ​ថា៖ ខ្ញុំ​គិត​ថា ថ្ងៃ​ណា​មួយ​នឹង​មាន​កម្មវិធី​ជួប​គ្នា​នៅ​កម្ពុជា​ក្រោម ក្នុង​ផ្នែក​ណា​មួយ​។

ឆ្លៀត​ឱកាស​នេះ​ផង​ដែរ លោក​ក៏​បាន​កំពុង​ត្រៀម​ខ្លួន​ហ្វឹក​ហាត់​ទឹក​ដម​សំឡេង និង​ក្បាច់​រាំ​ថ្មី​ៗ ដើម្បី​យក​ទៅ​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ហង្សមាស Best of the Best នា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ​ខាង​មុខ​នេះ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ អូឡាំពិក ផង​ដែរ៕

http://khmer.phnompenhpost.com/index...tyle&Itemid=79

Tags: