CamNews

តារា 

ឈិត សុវណ្ណ​បញ្ញា ​នៅ​ទ្រឹង​ទាំង​ផ្នែក​សិល្បៈ ស្នេហា​ជំនួញ​និង​ការ​សិក្សា


ភ្នំពេញ: តារា​ស្រី​ល្បី​គួរ​សម​នាង ឈិត សុវណ្ណ​បញ្ញា ​ហាក់​មិន​សូវ​លេច​ចេញ​ផ្លែ​ផ្កា​ណា​មួយ​ទាល់​តែ​សោះ នៅ​ក្នុង​ឆាក​ជីវិត។ ភាព​មិន​ដល់​ត្រើយ​ទាំង​អាជីព​សិល្បៈ រឿង​មុខ​ជំនួញ បញ្ហា​ស្នេហា និង​បរិញ្ញាបត្រ ដែល​ត្រូវ​បាន​តារា​រូប​នេះ ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​នៅ​ទ្រឹង​ដូច​​ទូក​មិន​ទាន់​រក​ឃើញ​ច្រាំង​អ៊ីចឹង​មែន ប៉ុន្តែ​អ្វី​ដែល​នាង​រំពឹង​ចង់​បាន​នា​ពេល​នេះ គឺ​ឱកាស​​បញ្ចប់​ការ​សិក្សាដែល​បាន​ព្យួរ​ចោល​អស់​ច្រើន​ឆ្នាំ​​នោះ​ច្រើន​ ជាង​។

រយៈ​ពេល​​ច្រើន​ឆ្នាំ​លើ​មាគ៌ា​សិល្បៈ ឈិត សុវណ្ណ​ បញ្ញា បាន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ក្រុម​ស្រទាប់​មហាជន​ស្គាល់​ច្បាស់​ថា ខ្លួន​ជា​តារា​ចម្រៀង​យុវវ័យ​មួយ​រូប​ក្នុង​ចង្កោម​តារា​លេច​ធ្លោ​នៅ​​ ក្នុង​ផលិតកម្ម​ហង្ស​មាស​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​និយាយ​ដល់​ចំណុច​កំពូល​ដូច​តារា​ក្រោម​ដំបូល​ ​រួម​មាន សុគន្ធ​ និសា និង ​ឱក សុគន្ធកញ្ញា​ នា​ពេល​នេះ គឺ​​នាង​មិន​ទាន់​អាច​ក្រសោប​បាន​ឱកាស​នោះ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​នាង​ប្រឹង​លេង​ស្ទីល និង​រាំ​កញ្ជ្រោក​ស្ទើរ​រញ្ជួយ​ឆាក​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​លាន់​មាត់​ជា អន្លើ​ក្ដី​។

ក្នុង​ជំនួប​ចុង​ក្រោយ ​​នៅ​ពហុកីឡ​ដ្ឋាន​អូឡាំពិក នាង ​ឈិត សុវណ្ណ​បញ្ញា ទទួល​ស្គាល់​ថា ក្នុង​ចំណោម​តារា​ស្រី​ល្បី​ឈ្មោះ​នៅ​ហង្ស​មាស គឺ​មាន​តែ​រូប​នាង​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ស្ទើរ​លើ​គ្រប់​ជំហាន ទាំង​ប្រវត្តិ​នៃ​ការ​សិក្សា រឿង​រ៉ាវ​​ស្នេហា​ និង​មិន​មាន​លទ្ធភាព​បើក​ជំនួញ ដើម្បី​លើក​មុខ​មាត់​ដូច​គេ​ឯង​អ៊ីចឹង​មែន។ ​ទោះ​យ៉ាង​ណា តារា​ស្រី​រូប​នេះ​ មិន​ចាត់​ទុក​ថា​ខ្លួន​ឯង​ជា​បុគ្គល​បរាជ័យ​ឡើយ ពោល​គឺ​វា​គ្រាន់​តែ​ជំហាន​ដែល​​ត្រូវ​នាង​ចាត់​ថា ជាង​ការ​ចាប់​ផ្ដើម​តែ​ប៉ុណ្ណោះ។

នាង​និយាយ​ថា៖ ខ្ញុំ​ទើប​តែ​អាយុ​២៤​ប៉ុណ្ណឹង​ បាន​ប៉ុណ្ណឹង​ក៏​មិន​មែន​ជា​រឿង​ធម្មតា​ដែរ សំខាន់​គឺ​ប្រឹង​ប្រែង​ទៀត​ទៅ ពិត​ជា​ល្អ​ជា​នេះ​ហើយ

តារា​ហង្ស​មាស​រូប​នេះ បាន​បញ្ជាក់​ដោយ​សំនួន​វា​ចា​បែប​ស្រទន់​ថា រឿង​ឯកជន ដែល​គ្មាន​មុខ​ជំនួញ ឬ​គ្មាន​ស្នេហា​មិន​ចោទ​ជា​ដុំ​កំភួន​ចំពោះ​នាង​ឡើយ ប៉ុន្តែ​អ្វី​ដែល​នាង​ឈោង​មិន​ដល់​ក្នុង​អាជីព​ចម្រៀង និង​គ្មាន​ឱកាស​បញ្ចប់​មហា​វិទ្យាល័យ ទើប​ជា​រឿង​ដែល​ធ្វើ​ឲ្យ​នាង​ស្មុគ​ស្មាញ​ក្នុង​ចិត្ត​។

ឈិត សុវណ្ណ​បញ្ញា ​បាន​ព្យួរ​ការ​សិក្សា​ក្នុង​ឆ្នាំ​២០០៨ ក្នុង​ពេល​ដែល​នាង​ទើប​ឈាន​ចូល​រៀន​ផ្នែក​ពាណិជ្ជកម្ម​ឆ្នាំ​ទី​ពីរ នៅ​សាកល​វិទ្យាល័យ​ន័រតុន។

មូល​ហេតុ​នៃ​ការ​ព្យួរ​ការ​សិក្សា​នេះ ត្រូវ​បាន​នាង​អះ​អាង​ថា​ ដោយ​សារ​ភាព​មមាញឹក​ក្នុង​អាជីព​សិល្បៈ ខណៈ​ដែល​ប្រភព​ខ្លះ​បាន​អះ​អាង​ថា មក​ពី​មាន​បុរស​ទ្រព្យ​ស្ដុក​មួយ​រូប តាម​អុក​ឡុក​នាង​ដល់​ថ្នាក់​រៀន ក្នុង​ពេល​ដែល​នាង​កំពុង​ល្បី​ខ្លាំង ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​មិន​ចូល​បន្ត​វិញ​ដល់​បច្ចុប្បន្ន​នោះ។

តារា​រូប​នេះ និយាយ​ថា៖ រឿង​អ្នក​តាម​ស្រឡាញ់​យើង វា​ចេះ​តែ​មាន​ហើយ តែ​គ្មាន​អ្នក​ហ៊ាន​មក​អុក​ឡុក​យើង​ដល់​ថ្នាក់​ហ្នឹង​ទេ ការ​ពិត​គឺខ្ញុំ​ចូល​សាលា​មិន​កើត​ព្រោះ​តែ​រឿង​រវល់​ហ្វឹក​ហាត់​ក្បាច់​រាំ និង​ថត​បទ​ចម្រៀង​ពេក​ទេ​តើ

មក​ដល់​ឆ្នាំ​ថ្មី​នេះ ឈិត សុវណ្ណ​បញ្ញា ហាក់​រយាល​ការ​ងារ​អាជីព​នេះ​ច្រើន ពិសេស​ក្រោយ​ពេល​ដែល​នាង​បញ្ចប់​ដំណើរ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស ដែល​ក្ដាប់​បាន​ម្នាក់​ឯង ​ដល់​ទៅ​ពីរ​បី​ដង កាល​ពី​ឆ្នាំ​២០១០។

តារា​រូប​នេះ​និយាយ​ថា អាជីព​នាង​អាច​ថា​ ដក​ឃ្លា​បាន​មែន ប៉ុន្តែ​ការ​សិក្សា​មិន​ទាន់​អាច​វិល​ឈោង​ចាប់​វិញ​បាន​ភ្លាម​ៗ​ឡើយ​ ​ព្រោះ​នាង​មិន​ទាន់​ត្រៀម​ខ្លួន​រួច។

ឈិត សុវណ្ណ​បញ្ញា​ និយាយ​ថា៖ ​ខ្ញុំ​រក​គិត​ថា ទំនេរ​អី​មិន​កើត​ទេ ព្រោះ​ការងារ​សិល្បៈ​ថ្មី​ៗ ចេះ​តែ​មាន​មិន​ដាច់ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ទ្រឹង​ត្រឹម​ឆ្នាំ​ទី​ពីរ​ហ្នឹង​ទេ គឺ​ប្រាកដ​ជា​រក​ពេល​ចូល​សាលា​ ដើម្បី​សន្សំ​ជំនាញ ​ទៅ​ថ្ងៃ​អនាគត

ឈិត សុវណ្ណ​បញ្ញា ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ក្នុង​បទ​ចុង​ក្រោយ ​​ចំណង​ជើង​ថា ខ្លាច​ពាក្យ​ឈឺ​ចាប់ ​បន្ទាប់​ពី​ឡើង​កូដ​ជា​មួយ​វ៉ុល​ ​យំ​កំដរ​ភ្នែក និង​ យល់​អារម្មណ៍​អូន​ខ្លះ​ផង។ ​​សន្ទស្សន៍​នៃ​​ភាព​ល្បី​​ល្បាញ​​ដែល​នៅ​មាន​កម្រិត​នេះ ​គេ​ត្រូវ​ចាំ​អ៊ុត​មើល ក្នុង​វ៉ុល​បន្ត​បន្ទាប់​ទៀត ដែល​ក្នុង​នោះ​បូក​រួម​ទាំង​ការ​បង្ហាញ​ស្ទីល​ប្លែក​ដែល​នាង​គ្រោង​នឹង បង្ហាញ​ក្នុង​វេទិកា​ប្រគំ​តន្ត្រី របស់​ហង្ស​មាស នា​ថ្ងៃ​១៤ ខែ​កុម្ភៈ ខាង​មុខ​នេះ​។

តារា​រូប​នេះ​មិន​រំពឹង​ថា​ អាច​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​នាម​ជា​តារា​ចម្រៀង​ឡើយ ​ប៉ុន្តែ​នាង​អះ​អាង​ថា ខ្លួន​នឹង​មិន​អាច​ទើរ​នៅ​កណ្ដាល​ទី​បែប​នេះ​គ្រប់​ចំណុច​ឡើយ គឺ​​ដាច់​ខាត​ត្រូវ​តែ​ឈោង​ឲ្យ​បាន​កោះ​ត្រើយ​នៃ​ការ​សិក្សា​ដែល​នាង​អះ​ អាង​ថា ត្រូវ​តែ​កើត​មាន​មុន​គម្រោង​ជួប​គូ​ព្រេង​នោះ។

តារា​រូប​នេះ​និយាយ​ថា៖ រឿង​បើក​ជំនួញ ឬ​ចេញ​ធ្វើ​ការ ខ្ញុំ​ក៏​កំពុង​តែ​គិត​គូរ ដែរ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ចង់​វិល​ចូល​រៀន​មហា​វិទ្យាល័យ​វិញ ព្រោះ​យើង​មិន​អាច​ពឹងពាក់​តែ​សិល្បៈឬ​ការ​ទំនុក​បម្រុង​ពី​ស្វាមី​ក្រោយ​ រៀប​ការ​បាន​ទេ

http://khmer.phnompenhpost.com/index...tyle&Itemid=79

Tags: