(ភ្នំពេញ)៖ កញ្ញា ហង្ស ម៉ារីនី ជាតារាសម្តែងស្រីច្រមុះស្រួច រាងតូចច្រឡឹងចង្កេះអង្ក្រង កាលពីថ្មីៗនេះ បានសរសេរបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់ខ្លួន ជុំវិញការប្រើល្បិចបោកប្រាស់ ពីសំណាក់ជនអនាមិកតាមទូរស័ព្ទ និងអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន ចំពោះជនខិលខូចទាំងនេះ ខណៈម្តាយរបស់នាងប៊ិះស៊យ ត្រូវចាញ់បោកពួកនេះ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី កញ្ញា ហង្ស ម៉ារីនី បានសរសេរបញ្ជាក់ថា «សំបូរណាស់ហ្ន៎ សំបូរអ្នកតេមកបោកម៉ាក់ខ្ញុំម្ល៉េះ ២ថ្ងៃហើយ តេមកលេខប្តូររហូត រកនេះរកនោះ មានការប្រយ៉ាប់បន្ទាន់ ខ្លះថាពួកម៉ាក់ប៉ាខ្ញុំចង់ខ្ចីលុយ ព្រោះមានធុរៈបន្ទាន់ តែពេលខ្ញុំសួរថា ប៉ាខ្ញុំឈ្មោះអី លេខទូរស័ព្ទប៉ាខ្ញុំលេខប៉ុន្មាន ឆ្លើយមួយខ្ញុំអត់រួច!»។
កញ្ញា ហង្ស ម៉ារីនី បានបន្តថា «ពេលខ្ញុំសួរដេញដោលយូរទៅ បែរជាប្រាប់ខ្ញុំវិញថា មិនបាច់ចេះចង់ដឹងអីទេរឿងចាស់ៗទេ យីចេះនិយាយមករួច ម៉ាក់ប៉ាខ្ញុំអត់ឲ្យខ្ញុំចេះដឹងម៉េច។ ស្ទីលបោកចឹងៗហួសសម័យហើយ លោកពូសូមអរគុណ សូមព្យាយាមម្តងទៀត ឬព្យាយាមជាតិក្រោយម្តងទៀតទៅពូ លើសហើយពូៗៗៗ។ សូមប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទ 087 79 12 58 ទាំងអស់គ្នាណា!»។
សូមបញ្ជាក់ថា ករណីឆបោកតាមទូរស័ព្ទនេះ មិនមែនទើបតែកើតមានលើម្តាយ របស់តារាស្រីកញ្ញា ហង្ស ម៉ារីនី នោះឡើយ ពោលគឺជារឿយៗតែងតែ កើតមានជាបន្តបន្ទាប់ លើប្រជាពលរដ្ឋស្លូតត្រង់។ ពិសេសអ្នកដែលឆាប់ជឿស្លុង លើការនិយាយលួងលោម ពីសំណាក់ជនខិលខូចទាំងនេះ តាមរយៈការផ្ញើលុយឲ្យជាថ្នូរ នឹងអ្វីមួយ ឬក៏ប្រើល្បិចខ្ចីលុយជាដើម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង