ភ្នំពេញ : ខណៈដែលការគាំទ្រក្នុងពិភពសិល្បៈកំពុងនៅទ្រឹងនោះ តារាចម្រៀងពីរនាក់ប្ដីប្រពន្ធនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ស្រាប់តែប្រឹងសង្វាតរកការគាំទ្រពីការប្រគំតន្ត្រីនៅតាមខេត្ត ក្រុងទៅវិញ។ តារាពីរដួងរូបនេះ អះអាងថា ការសម្ដែងតាមខេត្ត មិនត្រឹមតែអាចឲ្យនាងនិងស្វាមី ប្រមូលប្រាក់យកមកដាក់ហោប៉ៅតែមួយមុខទេ ពោលគឺអាចឲ្យពួកគេស្រូបពិន្ទុឲ្យល្បីក្នុងចង្កោមមហាជនរាប់ ម៉ឺននាក់ ដែលចូលចិត្តពិភពចម្រៀងថែមទៀតផង។
ចូលមកដល់ដើមឆ្នាំ២០១១ នេះ អ្នកនាង យក់ ឋិតរដ្ឋា ដែលនាំមុខស្វាមី ក្នុងនាមជាអ្នកចម្រៀងលក់សំឡេងតាំងពីឆ្នាំ២០០៣ ហាក់មិនសូវរក្សាលំនឹងកេរ្តិ៍ឈ្មោះបានខ្ពស់ប៉ុន្មានទេ បន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសជាមួយផលិតកម្មដែលនាងជ្រកកោន ដោយសារតែពួកគេមិនព្រមបញ្ចេញបទដែលនាងបានថតរួច ដាក់លក់លើទីផ្សារឲ្យបានច្រើន។
តារារូបនេះ ទទួលស្គាល់ថា រយៈពេលពីរឆ្នាំនៅប៊ិកមែន នាងមានបទថ្មីតែប៉ុន្មានបទប៉ុណ្ណោះ ដែលបានដាក់លក់ក្នុងឌីស។ ម្ល៉ោះហើយ ទើបធ្វើឲ្យតារាកូនមួយរូបនេះ ស្ងប់ស្ងាត់ប្រជាប្រិយភាព ក្រោយពីល្បីបទ
ស្រឡាញ់គ្នាឲ្យស្លាប់ចុះ បានមួយខ្យល់ធំ។
ទោះយ៉ាងណា នាងស្រាប់តែដណ្ដើមបានទីផ្សារតាមខេត្តច្រើន ស្ទើរតែរកពេលឡើងឆាកទូរទស្សន៍មិនចង់ឃើញ បន្ទាប់ពីបានកុងត្រាជាមួយក្រុមហ៊ុនចំនួន៤ ខណៈដែលមួយក្រុមហ៊ុន គឺនាងអាចច្រៀងពីចន្លោះ១០ ទៅ១៣ ខេត្តក្រុង។
តារារូបនេះនិយាយថា៖
ខ្ញុំមិនសូវមមាញឹកឡើងឆាកទេ ព្រោះសង្វាតសកម្មភាពចេញតាមខេត្ត ដោយមិនទាន់គិតដល់ការប្រគំតន្ត្រីលក់សំបុត្រ ដែលមិនជាប់កុងត្រាផង!។
អ្នកចម្រៀងវ័យ២៧ឆ្នាំរូបនេះ និយាយថា មូលហេតុដែលនាងទទួលបានការងារច្រើននៅគ្រប់ការប្រគំតន្ត្រីតាម ខេត្ត ក្នុងពេលភាពល្បីល្បាញនៅទ្រឹងនេះ គឺដោយសារមហាជនតាមខេត្តក្រុងបានផ្ដល់ពិន្ទុឲ្យនាងច្រើនរួចទៅ ហើយ។
ទាក់ទិនត្រង់ចំណុចនេះ លោក គង់ វិសាលអ្នករៀបចំកម្មវិធីដ៏ល្បីមួយរូប និយាយថា អ្នកនាង យក់ ឋិតរដ្ឋា រមែងទទួលបានការចាប់អារម្មណ៍ច្រើន បើទោះជានាង គ្មានបទលេចធ្លោស្មើតារាឡើងកប់ពពកឯទៀតក្ដី។
លោកបាននិយាយថា៖
នៅតាមខេត្ត គេមិនសូវគិតដល់ចំណុច ល្បីកប់ពពកអីទេ ប៉ុន្តែគេគិតត្រង់ទេពកោសល្យដែលនាងអាចច្រៀងបានល្អនិងអាច ច្រៀងបទរាំវង់រាំក្បាច់បានល្អ ជាងអ្នកចម្រៀងយុវវ័យឯទៀត!។
ទោះយ៉ាងណា លោក វិសាល បញ្ជាក់ថា ឱកាសនេះនឹងអាចបាត់បង់វិញ បើនាងគ្មានបទថ្មីយកទៅប្រជែងនៅទីផ្សាររបៀបនេះ យូរអង្វែងទៀត។
រីឯលោក បណ្ដូល អ្នករៀបចំកម្មវិធីផ្សព្វផ្សាយប្រចាំខេត្តក្រុងមួយរូបទៀត ក៏បានបញ្ជាក់ដូចគ្នាថា យក់ ឋិតរដ្ឋា និងស្វាមី រមែងទាមទារលក្ខខណ្ឌចេញច្រៀងរួមគ្នា ដោយមិនដាក់កំហិតតម្លៃខ្លួនខ្ពស់កប់ពពកដូចពេលឡើងកូដឡើយ ដើម្បីប្រមូលយកការគាំទ្រដែលបាក់ស្រុតនៅក្រុងមកជួសដោយសន្ទុះ ពីជនបទ។
លោកនិយាយថា៖
ខ្ញុំគិតថា រដ្ឋា និង ដែត មិនសូវខ្លាំងរឿងបទថ្មីទេ ប៉ុន្តែពួកគេមានការពេញនិយមច្រើន ព្រោះពួកគេចេះក្លែមពាក្យពេចន៍និងមានសារអប់រំច្រើនដល់អ្នក ទស្សនា។
អ្នកនាង យក់ ឋិតរដ្ឋា ថ្លែងថា៖
ខ្ញុំមិនតឹងរ៉ឹងទេ ព្រោះដំណាក់កាលនេះ សំខាន់គឺពួកគាត់ (អ្នករៀបចំកម្មវិធី) ទទួលយកខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធឲ្យចេញច្រៀងរួមគ្នា ម្យ៉ាងតារាចម្រៀងស្រុកខ្មែរបើរឹងថ្លៃពេកក៏មិនជាអំណោយផលដែរ។
ដោយសារការមមាញឹកនេះហើយដែលរុញច្រានឲ្យនាង លុបចោលដំណើរចេញនៅក្រៅប្រទេសដែលស្នើឡើងដោយក្រុមស្ពុនស័រនៅឯ នាយសមុទ្រ។
តារាស្រីរូបនេះនិយាយថា៖
ខ្ញុំមិនហ៊ានចេញច្រៀងក្រៅប្រទេសទេ ព្រោះពេលនេះកេរ្តិ៍ឈ្មោះនៅក្នុងស្រុកមិនសូវល្អ អ៊ីចឹងហើយទើបខ្ញុំប្រឹងចេញច្រៀងតាមខេត្ត មិនថា សៅរ៍ អាទិត្យ។
នាងរំពឹងថា នឹងអាចរកឃើញលំនឹងក្នុងសិល្បៈឡើងវិញ បើខាងផលិតកម្ម ដែលនាងជ្រកកោន មានវិធានការលើកស្ទួយដល់នាង និងស្វាមីជាថ្មី៕
http://khmer.phnompenhpost.com/index...tyle&Itemid=79