ក្រោយកម្មវិធី ឋានសួគ៌ ឬឋាននរក បានធ្វើការដាក់សំនួរ ជាមួយនឹងចម្លើយខុសធ្វើឲ្យអ្នកគាំទ្រផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះម្ចាស់កម្មវិធីក៏បានចេញមុខទទួលកំហុស ជាសាធារណៈហើយ ហើយក៏បានអះអាងថា អ្នកនាង កែវ ចាន់និមល គ្មានកំហុសនោះទេ ។
តាមរយៈរឿងរ៉ាវទាំងនេះ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងកែវ ចាន់និមល ក៏បានទទួលរងនូវការតិះដៀលពីមនុស្សមួយចំនួន ខណៈពេលដែលនាងកំពុងតែមានដំណើរកម្សាន្តលើទឹកដីអាមរិកជាមួយកូនស្រី។ ក្រោយពីបាននិយាយចប់សព្វគ្រប់ មានការទទួលកំហុសរៀងៗខ្លួន តារាស្រីរូបនេះ ក៏បានធ្វើការបង្ហោះសារម្តងទៀតលើបណ្តាញសង្គមជាមួយនឹងការអរគុណ និងសុំទោសផងដែរ។ អ្នកនាង កែវ ចាន់និមល ក៏បានធ្វើការរៀបរាប់ថា៖
«នាងខ្ញុំសូមអរគុណដល់បងប្អូនទស្សនិកជនទាំងអស់ដែលបានយកចិត្តទុកដាក់តាមដាន និងរិះគន់ក្នុងន័យស្ថាបនាគ្រប់យោបល់ អរគុណដល់ក្រុមការងារក្រុមហ៊ុនហង្សមាស ដែលបានបកស្រាយការពិតពីក្រោយខ្នងនៃរឿងទាំងអស់នេះ ក្នុងនាមនាងខ្ញុំ និងបង Producer ព្រមទាំងបុគ្គលិកទាំងអស់ក្នុងស្ថាបន័ផ្សព្វផ្សាយ និងកម្សាន្ត គឺតែងតែព្យាយាមអស់ពីលទ្ធភាព ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដូច្នេះយើងខ្ញុំពិតជាសោកស្តាយ និងសុំការអធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនាមួយនេះ ទោះបីជានាងខ្ញុំត្រូវអានសំណួរ និងឆ្លើយចម្លើយ ទៅតាមអ្វីដែលកម្មវិធីបានរៀបចំឲ្យក៏ពិតមែន ក៏នាងខ្ញុំហ៊ានអះអាងថា បង Producer គ្មានបំណងសាងកំហុសនេះឡើយ ដូច្នេះសូមការយោគយល់ពីបងប្អូនផងចុះ យើងខ្ញុំមិនបានគេចវេសពីកំហុសឡើយ គ្រាន់តែការងារមួយចំនួនយើងត្រូវការជជែកវែកញែកជាមួយក្រុមការងារដើម្បីរកដំណោះស្រាយមួយដ៏ល្អបំផុត សម្រាប់បងប្អូនទាំងអស់គ្នា ព្រោះបងប្អូនខឹងក៏ដោយសារបងប្អូនមិនចង់ឲ្យយើងខ្ញុំខុស ហើយក៏សូមអរគុណសម្រាប់ការលើកទឹកចិត្តរបស់ក្រុមគ្រួសារបងប្អូនមិត្តភក្កិទាំងអស់ ក្នុងពេលប៉ុន្មានថ្ងៃនេះមកលើនាងខ្ញុំ ខ្ញុំមានថ្ងៃនេះក៏ដោយសារហង្សមាស និងបងប្អូនទាំងអស់គ្នា ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនចុះចាញ់»។
តាមរយៈសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន និងសិល្បករ សិល្បការនីជាច្រើន បាននាំគ្នាលើកទឹកចិត្តដល់នាងគ្រប់គ្នា ៕