បាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានចាប់បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ពីបទពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែកន្លងទៅ។
លោក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍ប្លន់ប្រដាប់នេះ បានកើតឡើងមក លោក ស ថេត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក លោកបានដឹកនាំប្រើប្រាស់ កម្លាំងសរុប មានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការកម្លាំងនគរបាលស្រុកសង្កែ បានចុះស្រាវជ្រាវយ៉ាដុតដៃដុតជើង និងដោយមានការសហការ ចង្អុលបង្ហាញពីជនរងគ្រោះផង រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វិន វុធ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។
លោកស្នងការរងបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននេះ គឺជាមុខសញ្ញាចាស់ ហើយធ្លាប់ជាប់ពន្ធនាគារអស់រយៈ៥ឆ្នាំ ទើបនិងចេញពីពន្ធនាគារក្នុងពេលថ្មីៗផង។
គួររំលឹកថា ក្រុមចោរប្រដាប់ដោយអាវុធអាកា និងអាវុធខ្លីមានគ្នា៣ទៅ៥នាក់ បានធ្វើសកម្មភាពប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិរួចគេចខ្លួនបាត់ កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ មានករណីប្លន់ប្រដាប់អាវុធមួយ បានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់មុខ មានគ្នាពី៣ទៅ៥នាក់ អាវុធ២ដើម អាកា១ដើមនិងកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាព ដំបូងចូលពីក្រោយផ្ទះ យកកន្រៃ្តកាត់លួសបន្លារបងផ្ទះ ដើម្បីចូល តែដោយសារឆ្កែម្ចាស់ផ្ទះបានព្រុសផ្អើលម្ចាស់ ក៏បានបើកទ្វារក្រោយមើល ស្រាប់តែជនល្មើសបានយកដែកស្បែង វាយលើជនរងគ្រោះឈ្មោះ ស៊ុម ភី ភេទប្រុស អាយុ៣៨ឆ្នាំ បណ្តាលឲ្យផុងលលាដ៍ក្បាល ដួលសន្លប់បាត់ស្មារតី ភ្លាមៗនោះពួកជនល្មើស បានចូលក្នុងផ្ទះតាម ទ្វារក្រោយ ចាប់ម្ចាស់ឈ្មោះ គីម ភួន ភេទប្រុស អាយុ៥៨ឆ្នាំ ចងដៃចងជើងជាប់ ហើយយកដែកស្បែងវាយចំស្មាខាងស្តាំ និងវាយទៅស្រ្តី ម្នាក់ទៀតឈ្មោះ ទិត្យ ព្រឿត អាយុ ៥៩ឆ្នាំ ត្រូវចិញ្ចើមឆ្វេង និងម្ចាស់ផ្ទះ២នាក់ទៀតឃើញ ក៏បានរត់គេចខ្លួនទៅក្រៅផ្ទះ រួចទូរស័ព្ទប្តឹង សមត្ថកិច្ចតែម្តង បន្ទាប់ពីបានវាយទៅលើម្ចាស់ផ្ទះ ឲ្យរងរបួស៣នាក់ហើយ ជនល្មើសក៏នាំគ្នារើកកាយឥវ៉ាន់ក្នុងផ្ទះ យកទ្រព្យសម្បត្តិក្នុងផ្ទះ យកលុយថៃ អស់ចំនួនជាង១ម៉ឺនបាត ខ្សែក៣ខ្សែ និងគ្រឿងមាសផ្សេងទៀត ទម្ងន់ជាង១០តម្លឹង ប្រាក់ដុល្លារជិត២ម៉ឺនដុល្លារ រួចបាញ់ គំរាម២គ្រាប់ មុននិងចេញទៅវិញតាមក្រោយផ្ទះ សំដៅទិសខាងត្បូងបាត់អស់ទៅ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់រួចរាល់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល