រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២រសៀលថ្ងៃទី៩ កុម្ភៈ នាយក្រិន និងភរិយាដែលមានគំរោងលែងលះគ្នានឹងត្រូវបានកំណត់ជួបគ្នានៅ សាលាដំបូងរាជធានីភ្នំពេញ ប្រយោជន៍ដើម្បីផ្សះផ្សាទៅលើបណ្តឹងលែងលះតាមនីតិវិធីរបស់ តុលាការ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ កុម្ភៈ នាយក្រិនបានធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមការ អញ្ជើញរបស់លោកចៅក្រមស៊ិន វិសាល ក្នុងនាមនាយក្រិនជាដើមបណ្តឹងសុំលែងលះភរិយា។ ប៉ុន្តែពេលនាយក្រិនទៅដល់តុលាការមិនត្រូវបានមន្ត្រីតុលាការ ប្រាប់ដើម្បីផ្សះផ្សាជាលើកទី១នោះទេ ដោយសារខាងស្រីសុំពន្យារពេលមករសៀលថ្ងៃនេះ ព្រោះក្នុងក្រុមគ្រួសារមានធុរៈ។ តុលាការបានប្រាប់នាយក្រិនពីកាលបរិច្ឆេទថ្មី ដោយកំណត់ថា គឺត្រូវជួបគ្នានៅវេលាម៉ោង២រសៀលថ្ងៃទី៩ កុម្ភៈ នេះជាការជួបផ្សះផ្សាគ្នា។
នៅព្រឹកនោះដែរ គេសង្កេតឃើញនាយក្រិនជិះរថយន្តកូរ៉ូឡាពណ៌ឈាមជ្រូកមកកាន់តុលា ការដោយមានអ្នកបើកបរម្នាក់ផង។ នាយក្រិនបានដើរចូលតុលាការដោយគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ទេ ដោយសារតែមាឌតូចល្អិត លុះពេលចេញមកវិញទើបមានការភ្ញាក់ផ្អើលគ្រប់គ្នាពិសេសអ្នកកាសែត ដែលប្រចាំការយកព័ត៌មាននៅតុលាការបាននាំគ្នាតាមប្រមាញ់ថតរូប នាយក្រិន និងសុំធ្វើបទសម្ភាសន៍ ប៉ុន្តែសូម្បីតែថតរូបក៏ថតមិនទាន់ផង ព្រោះនាយក្រិនរត់លោតជើងពីរឡើងរថយន្តយ៉ាងរហ័សបំផុត មិនបានជួបសន្ទនាជាមួយអ្នកកាសែតឡើយ។
គួររំលឹកថា ២ទៅ៣លើកមកហើយដែលនាយក្រិនបានចូលខ្លួនទៅតុលាការដើម្បីដាក់ ពាក្យប្តឹងសុំលែងលះប្រពន្ធ។ នាយក្រិនហាក់ដូចជាខ្លាចម៉ាស៊ីនថតអ្នកកាសែតណាស់ ព្រោះខ្លួនគេជាតារាកំប្លែងលោតហក់លើឆាក ៕
http://kohsantepheapdaily.com.kh/art...08-044528.html