ភ្នំពេញ ៖ អាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបុរសមន្ត្រីនគរបាលម្នាក់ បន្ទាប់ពី មន្ត្រីរូបនោះ បានប្រើកាំភ្លើងខ្លីរបស់ ខ្លួន បាញ់មួយគ្រាប់ ដោយមិនដឹងមូលហេតុ នៅចំណុចជាប់នឹងក្លឹបស៊ីធូ ស្ថិតតាមបណ្តោយផ្លូវ១០៥ ក្នុងសង្កាត់ បឹងព្រលិត ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតដល់ ផ្អើលអាវុធហត្ថជាច្រើនខណ្ឌ ត្រៀមធ្វើការ ស្ទាក់ ចាប់ខ្លួន តាមបណ្តោយផ្លូវនានា ក្នុងមូលដ្ឋាន ។
រហូតមន្ត្រីនគរបាលខាងលើ បើករថយន្តរបស់ខ្លួន ម៉ាកមែកសឺដែស មកដល់ចំណុចស្តុបផ្សារទួលទំពូង ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ទើប ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមន ស្ទាក់ចាប់បានតែបានម្តងទៅ ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួន បុរសជាមន្ត្រីនគរបាលខាងលើ គឺដំបូងនគរបាលរូបនោះ បានបើករថយន្តមួយគ្រឿង ម៉ាកមែកសឺដែស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N-0425 បានបើកមកដល់ចំណុចមុខ ក្លឹប C2 រូបគេក៏បានលើកកាំភ្លើង ហើយបាញ់មួយគ្រាប់ឡើងលើ បង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកដែលនៅជិតកន្លែង កើតហេតុ។
ហើយក្រោយមកនគរបាលរូបនោះ បានបើករថយន្តចេញពីកន្លែងកើតហេតុយ៉ាងព្រងើយ ទើបត្រូវកម្លាំង សមត្ថកិច្ច ជាពិសេស កម្លាំងអាវុធហត្ថខណ្ឌ ៧ មករា បានឡើងហៅកម្លាំងគ្រប់ផ្នែកទាំងអស់តាមវិទ្យុទាក់ទងឲ្យ ត្រៀម ស្ទាក់ចាប់នគរបាលរូបនេះ។
រហូតបុរសខាងលើបើករថយន្ត កដល់ចំណុចស្តុបផ្សារទួលទំពូង ទើបត្រូវកម្លាំង អាវុធហត្ថខណ្ឌចំការមន ស្ទាក់ចាប់បានតែម្តង រួចធ្វើការឃាត់ខ្លួនទាំងមនុស្ស និង រថយន្តប្រគល់ទៅឲ្យកម្លាំងអាវុធ ហត្ថខណ្ឌ ៧ មករា ដើម្បីយកទៅសាកសួរព័ត៌មាន បន្ថែមជុំវិញការបាញ់បោះ សេរីខាងលើនេះ ព្រោះទីតាំងកើតហេតុ ដំបូង គឺកើតហេតុនៅក្នុងភូមិសាស្ត្រខណ្ឌ ៧ មករា ។
មន្រ្តី អ.ហ ខណ្ឌ៧មករា មួយរូបបានថ្លែងឲ្យដឹងថា មន្រ្តីនគរបាល ឆម សីហារិទ្ធ អាយុ៣៤ឆ្នាំ មុខរបរនាយរងផ្នែក នាយកដ្ឋាន អនុវត្តវិន័យ នៃក្រសួងមហាផ្ទៃ ស្នាក់នៅ ផ្ទះលេខ៧Eo ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រើប្រាស់អាវុធខ្លីម៉ាក BERETTA បង់១ គ្រាប់១៤ ។
មន្រ្តី អ.ហ បានបន្តទៀតថា នៅម៉ោងខាងលើ ជនសង្ស័យ បានចេញពីក្លឹបស៊ីធូ ជាមួយស្រ្តីម្នាក់ ដើរសំដៅទៅ រថយន្តរបស់ខ្លួនពេលចូល ក្នុងរថយន្តបាន
ធ្វើសកម្មភាព បាញ់ផ្ជុចដីចំនួនមួយគ្រាប់ តែមិនបណ្ដាលឲ្យរបួស អ្នកណាម្នាក់ទេ ។ ក្រោយពីបាញ់រួច ជននេះបានបើករថយន្តគេចខ្លួន តែត្រូវបានកម្លាំងល្បាត អ.ហ ដេញតាមដល់ភ្លើងស្តុប ទូលទំពូងទើបឃាត់បាន។
សមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ គួរមានវិធានការ ឬចំណាត់ការយ៉ាងតឹងរឹងណាមួយ ទៅលើមន្ត្រី នគរបាល រូបនេះ ព្រោះនេះគឺជាការបង្កភាពអសន្តិសុខ ក្នុងសង្គមជាតិ និងជាទង្វើដែលប្រាសចាកទៅនឹងច្បាប់ ( ល្មើលច្បាប់ ) ទោះជាមន្ត្រីនគរបាលរូបនេះ មានឋានន្តរស័ក្តិខ្ពស់ប៉ុណ្ណា ឬជាកូនអ្នកមានអំណាចណានោះទេ គឺត្រូវតែមានការដាក់ ទោស តាមកម្រិតសមរម្យណាមួយ ដូចមនុស្សធម្មតា ពីសំណាក់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជាគំរូដល់មន្ត្រី នគរបាលដទៃទៀត ចំពោះការប្រើប្រាស់អាវុធខុសកាលៈទេសៈបែបនេះ ។
ប្រជាពលរដ្ឋ សំណូមពរឲ្យសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាគិតគូឡើងវិញ និងធ្វើការពិចារណាឲ្យបានខ្ពស់ មុននឹងផ្តល់អាវុធខ្លីដល់នគរបាលណាម្នាក់ ក្នុងការបំពេញបេសកកម្ម មិនមែនផ្តល់អាវុធខ្លីឲ្យយកមក ដើរបាញ់បោះ សេរីតាមទីសាធារណៈ បង្កឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ មានការភិតភ័យបែបនេះនោះទេ ។
ជាពិសេស គឺបង្កអសន្តិសុខ ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ ហាក់ដូចជាជនបង្កមើលស្រាលចំពោះមុខច្បាប់ ។ ហើយក្នុង ករណីខាងលើ នេះ មិនបានបណ្តាលឲ្យមានមនុស្សរងរបួសឡើយ គ្រាន់តែបង្កការភ្ញាក់ផ្អើលតែប៉ុណ្ណោះ ៕
ផ្ដល់សិទ្ធដោយ ដើមអម្ពិល