CamNews

ព័ត៌មានជាតិ 

បញ្ជូនគ្រូពេទ្យ ចម្លងមេរោគអេដស៍ នៅបាត់ដំបង ទៅតុលាការ

បាត់ដំបង៖ មន្រ្តីនគរបាល នៃស្នងការដ្ឋាន ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ជនសង្ស័យជាគ្រូពេទ្យ ដែលចម្លង មេរោគអេដស៍ នៅខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត បាត់ដំបងហើយនៅរសៀលម៉ោង២ ថ្ងៃអាទិត្យទី២១ ខែធ្នូឆ្នាំ២០១៤នេះ។

លោកវរៈសេនីយ៍ឯក កុយ ហ៊ាង ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា គ្រូពេទ្យភូមិ ឈ្មោះ យ៉ែម ជ្រិន ត្រូវបានសមត្ថកិច្ចនគរបាល ដឹកនាំដោយលោកព្រះរាជអាជ្ញា នួន សាន បញ្ជូនទៅកាន់តុលាការសាលាដំបូង ខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីច្បាប់។

លោកវរៈសេនីយ៍ឯក បានឲ្យដឹងទៀតថា ការបញ្ជូនបានធ្វើឡើង បន្ទាប់ពីជនសង្ស័យ បានសារភាពចំពោះ ទង្វើ របស់ខ្លួន ដោយលើកឡើងថា “ជាការធ្វេសប្រហែស” ក្នុងការ មិនបានប្តូរម្ជុល និងសឺរ៉ាំង នៅពេលចាក់ថ្នាំដល់ អ្នកជំងឺ។

សមត្ថកិច្ចដែលចូលរួមនៅក្នុងការងារស៊ើបអង្កេត ដឹកនាំដោយព្រះរាជអាជ្ញានោះ មានលោក ជេត វណ្ណី ស្នងការរង លោក កុយ ហ៊ាង  និង លោកវរៈសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យ ព្រហ្មទណ្ឌ និងកម្រិតធ្ងន់។

តាមសេចកី្តរាយការណ៍នានា ឲ្យដឹងថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជាង១០០នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ជិត១០០០នាក់ ដែលបានទៅធ្វើតេស្តឈាម ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគអេដស៍៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Batambong