ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោក នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បានបង្រា្កប ក្រុមចោរកាច់ករម៉ូតូចំនួន ០៤នាក់ ទាន់ពេលវេលាបន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូ ម៉ាកស្កូបពី ពណ៌មួយគ្រឿង ពីនារីជាបុគ្គលិកក្រុមហ៊ុនម្នាក់ឈ្មោះ ចាន់ ដាណេ ភេទស្រី អាយុជាង ២០ឆ្នាំ ដែលទុកនៅកន្លែងធ្វើការខាងក្រោយអគារ ៤២ជាន់ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន និងបានចាប់ខ្លួនជនសង្ស័យមួយរូបទៀត ក្នុងករណីប្លន់កាលពីខែធ្នូ ឆ្នាំ២០១៣។
អាជ្ញាធរខណ្ឌទួលគោកបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ១រសៀល ក្រុមចោរមាន គ្នាទំាងអស់ ០៤នាក់ បានធ្វើសកម្មភាពកាច់ករម៉ូតូម៉ាក ស្កូបពី ពណ៌ស ដែលទុកមុខកន្លែងធ្វើការ តែ ត្រូវបងប្អូនប្រជាជនឃើញទាន់ នាំគ្នាព្រួតចាប់បានម្នាក់ឈ្មោះ ទិត្យ រ៉ាម៉ន អាយុ ២៤ឆ្នាំ មុខ របរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ចំណែកគ្នីគ្នាចំនួន ០៣នាក់ទៀត បានជិះម៉ូតូជនរង គ្រោះគេច រហូតដល់អតីតស្នាក់ការប៉ុស្តិ៍បឹងកក់ ស្ថិតនៅផ្លូវលេខ ៥២៨ កែងផ្លូវលេខ ២៨៩ ទល់ មុខសណ្ឋាគារ ផ្លាសា ខណ្ឌទួលគោក រួចសំងំលាក់ខ្លួននៅទីនោះ។
សមត្ថកិច្ចបន្តថា ពេលកំពុងលាក់ខ្លួន សមត្ថកិច្ចបានឡោមព័ទ្ធចាប់បានបក្សពួកក្រុមចោរចំនួន ០៣នាក់ទៀត រួចក៏នាំខ្លួនមកសាកសួរនៅអធិការដ្ឋានខណ្ឌទួលគោក។
ជនសង្ស័យដែលប៉ូលីសក្របួចបានទាន់ពេលវេលានោះ ទី១ឈ្មោះ ទិត រ៉ាម៉ន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ រើសអេតចាយ ទីលំនៅមិនពិតប្រាកដ, ទី២ ឈ្មោះ ចាន់ រឿន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ទី៣ ឈ្មោះ ហុង ពៅ ហៅ ចយ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅម្តុំបឹងត្របែក និងទី៤ ឈ្មោះ អ៊ឹង វុត្ថា ភេទប្រុស អាយុ ៣០ឆ្នាំ។
ដោយឡែកករណីមួយទៀត អាជ្ញាធរខណ្ឌក៏បានស្រាវជ្រាវ ចាប់បានជនសង្ស័យមួយរូបទៀត ឈ្មោះ គង់ និមិត្ត ហៅ ស្ទីក អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល នៅខណ្ឌសែន សុខ ក្នុងករណីប្លន់ម៉ូតូមួយគ្រឿង ម៉ាកស្កូបពីពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ 1BJ-8585 កាលពីវេលាម៉ោង១ និង៣០នាទី ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ជនរងគ្រោះ ឈ្មោះ សួង សារ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្រ្តីពន្ធដារខេត្តកណ្តាល ស្នាក់នៅផ្ទះលេខ ១១១ ផ្លូវលេខ ៦១២ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈជនរងគ្រោះ និង មិត្តភក្តិ ចេញពីច្រៀងខារ៉ាអូខេ នៅហាងឈ្មោះ ហេង ហេង២ ដែលមានទីតំាងនៅផ្លូវលេខ ២២១ កែងផ្លូវលេខ ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ស្រាប់តែជនសង្ស័យដែលមានគ្នា ៥នាក់ ឈរនៅពីមុខហាង បាននាំគ្នាយកដប និងដុំថ្ម ស្ទុះទៅវាយជនរងគ្រោះ។ ដោយឃើញសភាព ការណ៍មិនស្រួល ជនរងគ្រោះបានរត់ចោលម៉ូតូ រួចជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។
បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការ ស្រាវជ្រាវ ហើយរហូតមកដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង កម្លំាងសមត្ថកិច្ច បាន កំណត់អត្តសញ្ញាណជនសង្ស័យ និងបានបើកប្រតិបត្តិការ ដោយសហការជាមួយកម្លំាង ការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ឈ្មោះ គង់ និមិត្ត ហៅ ស្ទីក រួមទំាងម៉ូតូម៉ាក សង់សេ ១២៥មួយគ្រឿងរបស់ ជនសង្ស័យ ហើយរហូតមកដល់រសៀលថ្ងៃទី០៥ ខែកុម្ភៈនេះ ជនសង្ស័យត្រូវឃុំខ្លួន បណ្តោះ អាសន្ននៅអធិការដ្ឋាន ដើម្បីរង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលារតាមនិតិវិធីច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល