CamNews

ព័ត៌មានជាតិ 

កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញមុខ ជនសង្ស័យ៤១នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នេះ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហាញមុខ ជនសង្ស័យចំនួន ៤១នាក់ ពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន លួច ឆក់ ប្លន់ ក្នុងនោះដកហូតគ្រឿងញៀន ចំនួន២៤កញ្ចប់ គ្រាប់បែក១គ្រាប់ កាំភ្លើងខ្លី១ដើម ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ ការិយាល័យ គ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន១៦នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅផ្ទះសំណាក់ណាណា ផ្លូវលេខ២៥ ក្រុម១៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់បន្ថែមទៀតនៅថ្ងៃបន្ទាប់ ក្នុងបន្ទប់ជួល លេខ៤០Dក្រុម៧ ភូមិព្រៃព្រីងខាងត្បូង និងបន្ទប់ជួលលេខK9 ក្រុម៤ ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតបានគ្រាប់បែក១គ្រាប់ កាំភ្លើខ្លី១ដើម និងវត្ថុតាងគ្រឿងញៀនមួយចំនួន។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ អាវុធហត្ថខណ្ឌចំការមនសហការជាមួយការិយាល័យ គ្រឿងញៀន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញឃាត់បានជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនដែរ នៅវិទ្យាល័យទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន និងនៅផ្ទះសំណាក់កេសីវល័ក្ខ ផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ អាវុធហត្ថខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅចំណុចផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អាវុធហត្ថខណ្ឌច្បារអំពៅបានឃាត់ខ្លួនបាន១នាក់ នៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅផ្លូវបេតុង ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង៤១នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP