(អាមេរិក)៖ តារាទូរទស្សន៍ដ៏ល្បី របស់អាមេរិក Kim Kardashian ដែលទើបនឹងរងផល ប៉ះពាល់ផ្លូវចិត្ត បន្ទាប់ពីនាងត្រូវក្រុមចោរប្លន់ អស់ទ្រព្យសម្បត្តិ និងចាប់នាងចងកំឡុងពេល ស្នាក់នៅប៉ារីស កាលពីខែកញ្ញា កន្លងទៅ ពេលនេះនាងបានសាងភាពភ្ញាក់ផ្អើល និងការស្វាគមន៍ជាថ្មីម្តងទៀត ខណៈដែលអ្នកគាំទ្រឃើញ តារាហូលីវូតរូបនេះ បង្ហោះរូបភាពរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកឡើងវិញ កាលពីថ្ងៃទី៣១ តុលា ២០១៦ នេះ។
តារាវ័យ៣៦ឆ្នាំរូបនេះ ខានបង្ហោះរូបភាពពាក់ព័ន្ធ នឹងជីវិតនាងមួយរយៈមកហើយ បន្ទាប់ពីត្រូវចោរប្លន់ ដែលជាទម្លាប់ គឺ Kim Kardashian តែងចូលចិត្តបង្ហោះ រូបភាពសិចស៊ីរបស់ខ្លួន មិនលោះថ្ងៃឡើយ តែក្រោយពីក្រុមអ្នកគាំទ្រ បានឃើញរូបភាពនាងជាថ្មី ទោះបីមិនមែនជារូប ក្នុងប្រពៃណី Halloween ក៏ពួកគេសម្តែងក្តី ត្រេកអរដែរ ព្រោះនាងទើបតែបញ្ចេញ សកម្មភាពឲ្យឃើញឡើងវិញ បន្ទាប់ពីបាត់មុខ ស្ទើរតែមួយខែហើយនោះ។
ក្រុមអ្នកគាំទ្រ តារាចម្រៀង និងជាតារាទូរទស្សន៍ Kim Kardashian ពិតជារីករាយណាស់ ដោយមានម្នាក់សរសេរសារថា «ស្វាគមន៍ Kim ត្រលប់មកវិញ ដែលវាពិតជារឿងរំភើបណាស់ ពេលបាត់មុខនាងមួយរយៈធំទៅហើយ!»។ ប៉ុន្តែអ្នកខ្លះបែរជាគិត អវិជ្ជមានទៅវិញថា មិនដឹងគណនីហ្វេសប៊ុក ដែលបង្ហោះរូប Kim នោះ ពិត ឬក្លែងក្លាយទេ តាំងពីនាងលេងប្រើមួយខែទៅហើយ ប៉ុន្តែគេសង្ឃឹមថា វាពិតជាហ្វេសប៊ុកនាងពិតមែន ចៀសវាង ធ្វើឲ្យអ្នកគាំទ្រខកចិត្ត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង