CamNews

ព័ត៌មានជាតិ 

ទណ្ឌិត៥នាក់ ចាប់មន្ត្រីអនុរក្ស ពន្ធនាគារ ខេត្តឧត្តរមានជ័យ ជាចំណាត់ខ្មាំង ចង់រំដោះខ្លួន

ឧត្តរមានជ័យៈ ទណ្ឌិត៥នាក់ ដែលជាប់ពីបទប្លន់ប្រដាប់អាវុធ ហើយត្រូវបានតុលាការ សម្រេចឃុំខ្លួន នៅពន្ធនាគារ  ខេត្តឧត្តរមានជ័យនោះ បានចាប់មន្ត្រីអនុរក្សពន្ធនាគារ ធ្វើជាចំណាត់ខ្មាំង ចង់រំដោះខ្លួន ប៉ុន្តែត្រូវបានកម្លាំងអន្តរាគម ទាំងនគរបាល ទាំងមន្រ្តីអនុរក្សពន្ធនាគារផ្សេងទៀត ជួយទាន់ពេលវេលា។

ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ  បានកើតឡើងកាលពី ៤ និង ៣០នាទី រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នៅពន្ធនាគារខេត្តឧត្តរមានជ័យ បន្ទាប់ពីមន្ត្រីអនុរក្សពន្ធនាគារ បានបើកទ្វារ ដើម្បីឲ្យអ្នកទោស ចេញមកហូបបាយ។

យោងតាមប្រភពព័ត៌មានពី មន្ត្រីសមត្ថកិច្ចខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅវេលាម៉ោងកើត ហេតុនេះ មន្ត្រីអនុរក្សពន្ធនាគារ បានបើកទ្វារដើម្បីឲ្យអ្នកទោសចេញមកហូបបាយ ស្រាប់តែពេលនោះ ទណ្ឌិតចំនួន៥នាក់ បានចាប់មន្រ្តីអនុរក្សពន្ធនាគារ ដែលមាន៥នាក់ដូចគ្នា ក្នុងគោលបំណងធ្វើជាចំណាត់ខ្មាំង ដើម្បីរំដោះខ្លួនចេញ។

ក្រោយពីមានករណីនេះកើតឡើងកម្លាំងនគរបាលអន្តរាគម នៃស្នងការដ្ឋាននគរបាលខេត្ត ឧត្តរមានជ័យ និងកម្លាំងមន្រ្តីអនុរក្ស និងពន្ធនាគារ បានចេញមកអន្តរាគមភ្លាមៗ ទើបកន្លះម៉ោងក្រោយមក អាចគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង ពោលជនរងគ្រោះទាំងនោះ ត្រូវបានរំដោះមកវិញ រីឯទណ្ឌិតទាំង៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ វាយខ្នោះ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ម៉ែន លី បានបញ្ជាក់តាមទូរស័ព្ទមកថា ពិតជាមានករណី នេះកើតឡើងមែន ប៉ុន្តែ៥ទល់៥ មានន័យថា អ្នកទោស ៥នាក់ និងមន្ត្រីអនុរក្សពន្ធនាគារ៥នាក់ដូចគ្នា ហើយស្ថានការណ៍បានគ្រប់គ្រងទាំងស្រុង អត់មានបញ្ហាអីនោះទេ។

ដោយឡែកលោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបាន បញ្ជាក់យ៉ាងខ្លីថា អត់មានបញ្ហាអីនោះទេ ពួកអ្នកទោសមកចាប់គ្រៀកមន្ត្រីអនុរក្សពន្ធនាគារ ហើយយើងបានធាក់ផ្តួលទៅវិញ គ្មានបញ្ហាអ្វីឡើយ។

តាមរយៈករណីនេះ គឺជាមេរៀនមួយសម្រាប់មន្រ្តីអនុរក្សពន្ធនាគារនៅទូទាំងប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្ន កាន់តែខ្លាំងជាមួយអ្នកទោស ជៀសវាងមានការលួចហែកគុករត់ ឬចាប់ជាចំណាត់ខ្មាំងដូចករណីខាងលើនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអ​ម្ពិល


Tags: Social News Cambodia Banteay meanchey