រាជធានីភ្នំពេញ ៖ កញ្ញា ផូ មុន្នីពៅ ជាតារាសម្តែងកាយវិការខារ៉ាអូខេ និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN ជាច្រើនកម្មវិធីបានរកគូព្រេងឃើញហើយ ខណៈនាងមានអាយុច្រើន ហើយភ័យខ្លាចអត់ប្តីតែងតែរកគ្រូទស្សន៍ទាយរកគូព្រេងនោះ ។ នៅព្រឹកថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ នាងទទួលផ្កាស្លាពីគូព្រេងរបស់នាងដែលបានរង់ចាំជាយូរមកហើយ នោះ គឺកំលោះមកពីប្រទេសបារាំង ។ ចាប់ពីពេលនេះតទៅ ផូ មុន្នីពៅ មិនមានឈ្មោះថាខ្វះគូ គឺបេះដូងរបស់នាងលែងទំនេរគួរជាទីប្រាថ្នានៃបុរសទាំងឡាយទៀត ហើយ។ នាងបានប្រគល់បេះដូងទៅឱ្យកន្លង់ឆ្លងដែនមក ពីបារាំងឈ្មោះអេរិច ដែលមានវ័យ៣៣ឆ្នាំ។ នៅថ្ងៃជ័យសិរីសួស្តីរបស់នាងនឹងមានការចូលរួមពីញាតិមិត្ត ជិតឆ្ងាយ រួមទាំងសិល្បករ សិល្បការិនីរួមអាជីពយ៉ាងច្រើនកុះករ ។ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ កុម្ភៈ គូស្វាមីភរិយាថ្មីនេះនឹងឈរទទួលភ្ញៀវនៅមុខសាលមហោស្រពចេនឡា (វិមានចរណៃ) ជាកន្លែងដែលរៀបចំពិធីជប់លៀងមង្គលការរបស់នាង ។
ផូ មុន្នីពៅ រំលឹកឱ្យដឹងថា នាងនិងអេរិចបានស្គាល់គ្នាអស់រយៈពេល១ឆ្នាំមកហើយ ទើបសម្រេចចិត្តរៀបការជាមួយគ្នា។ នាងរំពឹងក្នុងចិត្តថា នឹងផ្ញើជីវិតនឹងលោកអេរិច ប័រសូណូ អាយុ៣៣ឆ្នាំ ដែលជាមន្ត្រីកុងស៊ុល ប្រចំានៅស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញបាន ។
ពិធីការិនី ធ្មេញច្រពើសរូបនេះមានអាយុ២៧ឆ្នាំ បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាមរយៈការប្រឡងហ្វ្រេស៊ី ហ្គើលកាលពីឆ្នាំ២០០១ ជាប់ចំណាត់លេខ៤ ។ បន្ទាប់មកនាងត្រូវស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ជ្រើសរើសឱ្យធ្វើជាពិធីការិនី តែក្រោយមកនាងប្តូរទៅធ្វើពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN ជាច្រើនកម្មវិធីវិញ។ ទន្ទឹមនោះនាងក្លាយជាតារាសម្តែងកាយវិការខារ៉ាអូខេឱ្យគ្រប់ ផលិតកម្មទាំងក្នុង និងក្រៅប្រទេសរហូតមានកេរ្តិ៍ឈ្មោះល្បី ។ ពេលនេះនាងផូ មុន្នីពៅ រៀបការជាមួយជនជាតិបារាំង ដោយមិនទាន់ដឹងថា នាពេលអនាគតនឹងទៅរស់នៅប្រទេសបារាំងតាមស្វាមី ឬយ៉ាងណាទេ ៕
http://kohsantepheapdaily.com.kh/art...19-184957.html