ព្រៃវែង ៖ មានករណីផ្ទុះអាវុធមួយកើតឡើង នៅចំណុចរង្វង់មូល ក្នុងទីរួមខេត្តព្រៃវែង ដោយសារ តែឈ្មួញ ទុច្ចរិតបានដឹកឈើខុសច្បាប់ ពេញមួយរថយន្ត សមត្ថកិច្ចឃាត់មិនព្រមឈប់ បានបណ្តាលឲ្យសមត្ថកិច្ចបាញ់ ៥គ្រាប់ ទុកជាការគម្រាម ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ដោយឈ្មួញទុច្ចរិត បានបើករថយន្តដែល ផ្ទុកទៅដោយឈើខុសច្បាប់ មករបងដែកនិងដើមឈើនៅជិត ចំណុចរង្វង់មូល។
សេចក្តីរាយការណ៍បន្តថា មុនដំបូងសមត្ថកិច្ចមានការសង្ស័យទៅ លើរថយន្តមួយ ហើយក៏បានចុះទៅឃាត់ ដើម្បី ធ្វើការត្រួតពិនិត្យ ប៉ុន្តែអ្នកបើកបរមិនព្រមឈប់នៅតែជំនះ បើកទៅមុខទៀត សមត្ថកិច្ចក៏បាញ់បីគ្រាប់ ទុកជាការគម្រាម ប៉ុន្តែអ្នកបើកបររូបនោះ នៅតែមិនព្រមឈប់ទៀត ទើបសមត្ថកិច្ចតាមប្រមាញ់រហូតមក ដល់មុខផ្ទះយាយផា ដែលជាថៅកែលក់ឈើ ហើយបានបាញ់ពីរគ្រាប់ឡើងលើទៀត បណ្តាលឲ្យអ្នកបើករ រថយន្តភ័យរេចង្កូតជ្រុលទៅដើមឈើ និងរបងដែកតែម្តងទៅ ។
សមត្ថកិច្ចបានបន្ថែមថា រថយន្តដឹកឈើនេះបាន ធ្វើដំណើរចេញពីទីរួមខេត្តក្រចេះ ដោយបន្តដំណើរមក ស្រុកពញាក្រែក សំដៅមកស្រុកកំចាយមារ រួចបន្តមកទីរួមខេត្តព្រៃវែង ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល