ភ្នំពេញ៖ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ បានឲ្យដឹងថា ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ មិនមែនជាថ្ងៃ បូជាខ្លួនប្រាណ ឲ្យសង្សារឡើយ។
ប្រភពខាងលើបន្តថា ក្រសួងមានការសោកស្តាយយ៉ាងខ្លាំង ដោយសង្កេតឃើញយុវជន យុវនារី សិស្សានុសិស្សមួយចំនួនតូច បាននិងកំពុងភ្លើតភ្លើនខ្លួន ទន់ទោរតាមការអូសទាញរបស់មិត្ត មិនល្អ ចម្លងវប្បធម៌បរទេស ដោយខ្វះការពិចារណា ឲ្យបាន គ្រប់ជ្រុងជ្រោយ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំដដែលបន្ថែមថា “ក្រសួងអប់រំ យុវជន និងកីឡា សូម ឆ្លៀតយកឱកាសនេះ ដើម្បីអំពាវនាវដល់មាតា បិតា អ្នកអាណាព្យាបាលទាំងអស់ សូមជួយទប់ ស្កាត់ និងអប់រំយុវជន យុវនារី សិស្សនុសិស្ស ជាកូនចៅ ទាំងអស់ ឲ្យប្រកាន់ខ្ជាប់ឥរិយាបថថ្លៃថ្នូរ ប្រុងប្រយ័ត្នជានិច្ច កុំបណ្តោយខ្លួនឲ្យចាញ់បោកមិត្តមិនល្អ ជនខិលខូច ឬឱកាស និយម នាំឲ្យ ខូចខ្លួនប្រាណ បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រុមគ្រួសារ និងធ្វើឲ្យអាប់ឱនដល់ ទំនៀម ទម្លាប់ ប្រពៃណី ជាតិយើងផង”។
គួរបញ្ជាក់ថា យើងសង្កេតឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជន យុវនារីកម្ពុជា ដូចជាទទួល យក វប្បធម៌បរទេសមួយនេះ ហើយមិនតែប៉ុណ្ណោះទេ ថែមទាំងធ្វើអ្វីឲ្យខុសពីអត្ថន័យ នៃកម្មវិធី បុណ្យ នៃក្តីស្រឡាញ់ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទៅ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល