ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមសោកស្តាយចំពោះ គ្រោះទឹកជំនន់ទឹកភ្លៀងដែលបាន ធ្វើឲ្យជនលិចពេញរាជធានីភ្នំពេញ រយៈពេល២ថ្ងៃជាប់គ្នា។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចបានឲ្យដឹងថា “ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នាជាទ្រង់ទ្រាយធំតាំងពីម្សិលមិញ គឺយើងសង្កេតឃើញមាន ទឹកលិចនៅតាម ដងផ្លូវ និងវិថីមួយចំនួនដែលបណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ក៏មានផ្ទះប្រជាពលរដ្ឋមួយចំនួន បានរងគ្រោះដោយសារ ទឹកលិចចូល ក្នុងផ្ទះផងដែរ។ សូមចូលរួមសោកស្តាយ ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់”។
សម្តេចបានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកាកបាទក្រហមកម្ពុជា បានត្រៀមជួយប្រជាពលរដ្ឋ ប្រសិនបើត្រូវការជំនួយ ចាំបាច់ជាបន្ទាន់ណាមួយ។
សម្តេចបន្តថា ជាមួយគ្នានេះផងដែរ សូមប្រជាពលរដ្ឋយោគយល់ នឹងចូលរួមទាំងអស់គ្នា។ ដូចបានឃើញស្រាប់ហើយ គឺសាលាក្រុងកំពុងរៀបចំ ដាក់ប្រព័ន្ឋលូធំថ្មីដើម្បីបញ្ចៀសគ្រោះ ទឹកជំនន់ក្នុងទីក្រុងអោយ បានឆាប់រហ័ស។ បញ្ហាទឹកជំនន់ក្នុងរាជធានីនឹងទប់ស្កាត់ បាននៅពេលដែល ប្រព័ន្ឋលូធំថ្មី ត្រូវបានរៀបចំរួចស្រេចនៅពេលខាងមុខ។ ទន្ទឹមនឹង នេះសូមប្រជាពលរដ្ឋ និងអាជីវករចូលរួមថែរក្សា អនាម័យ ទុកដាក់សំរាមឲ្យត្រឹមត្រូវ ល្អកុំទម្លាក់ចូលតាមប្រឡាយ និងលូទឹក ដើម្បីសុខភាពរស់នៅ និងចៀសវាងបញ្ហាកក ស្ទះលូទៅថ្ងៃក្រោយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល