CamNews

ព័ត៌មានជាតិ 

ក្មេងស្រីអាយុ១៣ឆ្នាំ សំណាងល្អ រត់រួចពីក្រុម ប្រម៉ាត់ប្រម៉ង់ ពេលចាប់ពី ខេត្តតាកែវ ដល់ភ្នំពេញ

ភ្នំពេញ ៖ ក្មេងស្រីកំព្រា ឪពុកម្តាយម្នាក់ ត្រូវជនខិលខូចមិនស្គាល់អត្តសញ្ញាណចំនួន៤ នាក់
ចាប់រូបនាង ពីខេត្ត តាកែវ ដឹកឆ្ពោះមករាជធានីភ្នំពេញ ក្នុងបំណង យកនាងមកជួញដូរ ប៉ុន្តែ
សំណាងល្អ ត្រូវក្មេងស្រីរង គ្រោះដឹងខ្លួន រត់រួចពីកណ្តាប់ដៃក្រុមជនពាល កាលពីវេលាម៉ោង
៧ និង ២០ នាទីយប់ថ្ងៃទី២៤ ខែមករាឆ្នាំ ២០១៣ នៅចំណុច ផ្ទះគ្មាន ដំបូលមួយកន្លែងស្ថិត
ភូមិបាគូ  ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះខាងលើនេះមានឈ្មោះកែង ស្រីចិន   អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យា
ល័យ ជា ស៊ីម តាកែវ មានស្រុកកំណើតនៅភូមិខ្នា សង្កាត់ដូនកែវ ក្រុង ដូនកែវ ខេត្តតាកែវ ។
ក្មេងស្រីរងគ្រោះ បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលមានការភ្ញាក់ផ្អើលនេះគឺរូប
នាងបានជិះកង់ម្នាក់ឯង ចេញពីសាលារៀន ម៉ោង ជិតបួន ហើយជិះមិនទាន់បានឆ្ងាយ ពីសាលា
ប៉ុន្មានផង ស្រាប់តែមានជន សង្ស័យបួននាក់ បើករថយន្តសាំងយ៉ុង ពណ៌ ឈាមជ្រូក មួយគ្រឿង
មកឈប់ក្បែរកង់នាង ហើយគំរាមនាងមិនឲ្យស្រែក ។ កុមារីរងគ្រោះបាន បន្តថាក្រោយមកជន
សង្ស័យពីរនាក់ ចាប់ក្របួចនិងបិទមាត់នាង ឡើងមកលើរថយន្តបើកសំដៅ មកកាន់រាជធានី
ភ្នំពេញ ដោយបាន យកក្រណាត់បិទភ្នែកនាងថែមទៀតផង ។ 

ប្រភពដដែលបានបន្តថាខណៈបើកមកដល់រាជធានីភ្នំពេញជនសង្ស័យ បាននាំខ្លួនគេទៅផ្ទះ
មួយកន្លែង ស្ថិតក្នុង ស្ថានភាពស្ងាត់ច្រងំតែម្តង ពេលនោះជនសង្ស័យទាំងបួននាក់ បានស្រាយ
ចំណងចេញពីភ្នែក របស់នាង ហើយ ពួកគេបានឈរនិយាយគ្នា នៅខាងក្រៅផ្ទះ ពេលនោះរូប
នាងដឹងខ្លួនឡើង មិនដឹងថា ខ្លួននៅកន្លែងណាឡើយ ក៏ស្រវេស្រវាផ្លោះចេញពីក្នុងផ្ទះ តាមបង្អួច
មកក្រៅ រត់គេចខ្លួន មកដល់ផ្លូវលំ មួយកន្លែងបានជួប និងស្រ្តីម្នាក់ វ័យ ជាង៣០ឆ្នាំ   កុមារីរង
គ្រោះក៏ស្រែកឲ្យស្រ្តីរូបនោះ ជួយនាងផង ។ ដោយសារតែនាងស្រែកឆោឡោ បង្កឲ្យមាន ការ
ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ជនខិលខូចទាំងអស់នាំគ្នា រត់ទៅបើករថយន្ត
គេចខ្លួន បាត់អស់ តែម្តងទៅ។ ចំណែកកុមារីរងគ្រោះត្រូវបានប្រជាពលរដ្ឋនាំ ទៅដាក់បណ្តឹង
នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ។

ពេលទទួលបានបណ្តឹងភ្លាមៗនោះ នគរបាលខណ្ឌដង្កោ បានចុះទៅពិនិត្យដល់ផ្ទះគ្មាន ដំបូល
ដែលក្រុម ជន សង្ស័យយកក្មេងស្រីមក ទម្លាក់នោះពុំឃើញមានស្លាក ស្នាម អ្វីគួរឲ្យកត់សម្គាល់
ឡើយ ។ ជុំវិញករណីខាងលើ នគរបាលខណ្ឌដង្កោបានសន្និដ្ឋានថា ក្មេងស្រីនេះត្រូវក្រុមជន
ខិលខូចចាប់យកមកលក់ នៅក្នុងរាជធានី ភ្នំពេញ ។ ប៉ុន្តែប្រជាពលរដ្ឋបានសន្និដ្ឋានថា ប្រហែល
ជារឿងគំនុំហើយ ព្រោះក្រុមជនសង្ស័យដឹកនាងពីខេត្តតាកែវយក មកទម្លាក់ចោលក្នុងព្រៃស្ងាត់
ច្រងំបែបនេះ ។

ទាក់ទិននឹងហេតុការណ៍ ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចបានទំនាក់ទំនងទៅ មីងមារបស់កុ
មារីខាងលើនេះ ឲ្យមកទទួលយកទៅវិញហើយ ។ ចំពោះករណីនេះ លោក ប៉ុស ថុន អធិការរង
នគរបាលខណ្ឌដង្កោបានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរទទួលបានចម្លើយពីក្មេងស្រីរងគ្រោះ
សមត្ថកិច្ចសន្និដ្ឋានថា ក្រុមជនសង្ស័យ ចាប់ ខ្លួនក្មេង ស្រីអាយុ ១៣ ឆ្នាំនេះមកជួញដូរផ្លូវភេទ
នៅភ្នំពេញនេះតែម្តង ព្រោះខណៈដែលក្មេងរត់រួចនាង បានស្តាប់លឺសម្លេង ជនសង្ស័យ កំពុង
និយាយទូរស័ព្ទ តថ្លៃគ្នា រវាងតម្លៃខ្លួននាង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ