រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយកើតឡើង ដោយសារតែរថយន្តឡង់គ្រីស័រ បើក បុកគោយន្ត កែច្នៃ ដឹកដំឡូងពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា លើផ្លូវជាតិលេខ៧៨ បណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និងរបួសធ្ងន់៦នាក់ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង ១៩.០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ត្រង់ចំណុចមុខផ្ទះលោក វ៉ាន់ ហា ស្ថិតក្នុង ភូមិត្រពាំងច្រែស ឃុំត្រពាំច្រែស ស្រុក កូនមុំ ខេត្តរតនគិរី ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ត រតនគិរី ។
សាក្សីនៅក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគាត់ឃើញគោយន្តកែច្នៃដឹកដំឡូង មានទិស ដៅពីលិច មកកើតនោះ ដែលមានរថយន្តឡង់គ្រីស័រ ធ្វើដំណើរស្របទិសគ្នា ក៏បុកគោយន្តដឹក ដំឡូងពីក្រោយពេញ ទំហឹង ឫសំឡេងដូចរន្ទះបាញ់ បណ្តាលឲ្យជ្រុះដំឡូងរាយប៉ាយលើផ្លូវ និងរថយន្តឡង់គ្រីស័រ រួញចូលគ្នា តែម្តង ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ត បានបា្រប់ឲ្យដឹងថា រថយន្តឡង់គ្រី ស័រ ពាក់ ស្លាកលេខភ្នំពេញ 2I-0809 បើកបរដោយឈ្មោះ ហួ គីមស៊ឺង អាយុ៣៦ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅ ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង របួសធ្ងន់ អ្នករួមដំណើរ ទី១-ឈ្មោះ វៀង វ៉ាន់ទីង ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម របួសធ្ងន់ ទី២ ឈ្មោះ ឡេ វាំងទៀង ភេទប្រុស អាយុ៤២ឆ្នាំ ជន ជាតិវៀតណាម របួសធ្ងន់ ទី៣ ឈ្មោះ ឡេ វ៉ាន់ហា ភេទ ប្រុសអាយុ ៣១ឆ្នាំ ជនជាតិវៀតណាម(ស្លាប់) និង ទី៤ឈ្មោះ វៀង ប៉ាធិន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិវៀតណាម (ស្លាប់) អ្នកទាំង ៤នាក់ខាងលើនេះ មានទីលំនៅខេត្តយ៉ាឡាយ ប្រទេស វៀតណាម ។
ចំណែកឯអ្នបើកគោយន្ត កែច្នៃមានឈ្មោះ ទ្រី គឹមសុង ភេទប្រុស អាយុ៣៥ឆ្នាំ រួមដំណើរជាមួយ ទី១ ឈ្មោះ វឹង បូពា ភេទស្រី អាយុ ៤២ឆ្នាំ និងទី២ ឈ្មោះ សុខ សុភា ភេទស្រី អាយុ២៦ឆ្នាំ (អ្នកទាំង ៣នាក់ រងរបួសធ្ងន់ ហើយស្នាក់នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ជាមួយគ្នា )។
មន្ត្រីនគរបាលចរាចរណ៍ខាងលើ ប្រាប់បន្តទៀតថា បច្ចុប្បន្នអ្នករងរបួសជនជាតិខ្មែរ សម្រាក ព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ ដោយឡែកជនជាតិវៀតណាម ចំនួន៥នាក់ រួមជាមួយអ្នកស្លាប់២នាក់ផង នោះ ត្រូវបញ្ជូនទៅព្យាបាល និងធ្វើបុណ្យនៅប្រទេសវៀតណាម ។
មន្ត្រីនគរបាលចរាចរណ៍បន្ថែមឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នក បើកបរ រថយន្តឡង់គ្រីស័រតែម្តង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល