ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ មករានេះ សពលោក ហែម ថុន ត្រូវបានបូជាហើយ នៅវត្តពោធិសក្ថារាម ហៅ វត្តពោធិ៍ចិនតុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកខ្មែរ និងលោករដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមន្ដ្រីស្ថាប័នកីឡាជាតិ និងកីឡាករ-កីឡាការិនីជាច្រើននាក់ទៀត ។
ថ្ងៃបូជាសពអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអតីតកីឡាករហែលទឹកដ៏ឆ្នើមរូបនេះ មិនត្រឹមតែធ្វើឲ្យសមាជិកគ្រួសារទាំងមូលរបស់លោក ហែម ថុន មានទុក្ខយ៉ាងក្រៀមក្រំ និងមានការសោកស្ដាយចំពោះ ការបាត់បង់ជំហរគ្រួសារដ៏រឹងមាំនោះទេ សូម្បីតែថ្នាក់ដឹកនាំកីឡាគ្រប់ជាន់ថ្នាក់ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងប្រជាជនកម្ពុជាទាំងមូល ក៏បានសម្ដែងនូវសេចក្ដី សោកសង្រេងយ៉ាងខ្លាំងផងដែរ ចំពោះការបាត់បង់ធនធានដ៏មានសមត្ថភាពរូបនេះ ។
ក្នុងឱកាសថ្ងៃបូជាសពលោក ហែម ថុន នោះដែរ ក្រៅពីមានការយំស្ដាយស្រណោះ ពីសំណាក់សមាជិកគ្រួសារនៃសពនោះ ថ្នាក់ដឹកនាំដែលចូលរួម គឺមានលោក ថោង ខុន, លោក ស៊ុន ចាន់ថុល និងមន្ដ្រីក្រោមឱវាទ កីឡាករ-កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតផ្ទះលោក ហែម ថុន និងរស់នៅជិតកន្លែងបូជាសព (វត្តពោធិ៍ចិនតុង) ក៏បានបង្ហូរទឹកភ្នែកបង្កប់អត្ថន័យគោរពស្រលាញ់ និងការសោកស្ដាយនូវការបាត់បង់មនុស្សដែលមានឆន្ទៈខ្ពស់ ដែលធ្លាប់ចូលរួមលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យមានការរីកចម្រើនតាំងពីទសវត្សរ៍ទី៦០ រហូតដល់បច្ចុប្បនេះ ។
គួរបញ្ជាក់ថា លោក ហែម ថុន បានទទួលមរណភាពកាលពីវេលាម៉ោង ៦៖៤៥នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយរោគាពាធ ក្នុងវ័យ ៧២ឆ្នាំ ។ ប៉ុន្ដែសពទើបត្រូវបានបូជា នៅរសៀលថ្ងៃទី១៥ មករានេះ ។ ដូច្នេះសូមទស្សនិកជន និងបងប្អូនប្រជាជនខ្មែរ ទស្សនាទិដ្ឋភាពដ៏សោកសង្រេងបំផុត នាថ្ងៃបូជាសពលោក ហែម ថុន ដែលមានដូចខាងក្រោម៖
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល