ភ្នំពេញ ៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ បានធ្វើការបក ស្រាយ ពីការប្រកាសតែងតាំងលោក សាយ ឈុំ ជាប្រធានថ្មីជំនួស សម្តេច ជា ស៊ីម ដែលទើបតែទទួលមរណភាព មានភាពលឿនពេកហួសពីការស្មាន ។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ជ្រើសរើស ប្រធានព្រឹទ្ធសភាថ្មី ។
លោកអ្នកនាំពាក្យបានបកស្រាយបញ្ជាក់ថា « យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១១១ បានចែងយ៉ាងច្បាស់ថា ពេលប្រធានព្រឹទ្ធសភាទទួលមរណភាព យើងត្រួវការបោះឆ្នោតជ្រើសរើសប្រធានថ្មី ព្រោះស្ថាប័នព្រឹទ្ធសភានេះ ជា ស្ថាប័នជាតិដ៏កំពូលមួយ មិនអាចរង់ចាំពេលវេលាយូរបានទេ ។ តាមបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាត្រូវតែរៀបចំជ្រើស រើសប្រធានថ្មី និងអនុប្រធានទី១ថ្មី »។
ទាក់ទងនឹងសមាជិកព្រឹទ្ធសភា មកបោះឆ្នោតជ្រើសរើសត្រឹមតែ ៥២ រូប ត្រូវបានលោក ម៉ម ប៊ុននាង លើកឡើងថា មកពីពួកសមាជិកផ្សេងៗទៀត ជាប់បេសកកម្មនៅក្រៅប្រទេស ។
លោកអ្នកនាំពាក្យ ក៏បានលើកឡើង ពីវីរៈភាពដ៏អង់អាចក្លាហានរបស់សម្តេច ជា ស៊ីម ដែលបានរួមចំណែកកសាង ប្រទេសរហូតដល់រីកចម្រើនដល់សព្វថ្ងៃនេះ ។
សូមបញ្ជាក់ថា លោក សាយ ឈុំ ដែលជាអនុប្រធានទី១ នៃព្រឹទ្ធសភា បានក្លាយទៅជាប្រធានព្រឹទ្ធសភាពេញសិទ្ធិ ហើយបន្ទាប់ពីការបោះឆ្នោតគាំទ្រ ដោយសំឡេងគាំទ្រ៥២លើ៥២ នៃសមាជិក ដែលបានចូលរួមបោះឆ្នោត នៅ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ ។
ចំណែកលោក លោក នៃ ប៉េណា ក៏បានក្លាយជាអនុប្រធានទី១ នៃព្រឹទ្ធសភាផងដែរ ដោយសំឡេងគាំទ្រ ៥២ លើ ៥២ សំឡេង ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល