CamNews

ព័ត៌មានជាតិ 

អ្នកទោសម្នាក់ជាប់ពាក់ព័ន្ធនឹងការដាក់បង្កៃគ្រាប់បែក នៅមុខក្រសួងការពារជាតិ រត់គេចខ្លួន

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចាន់ គឹមសេង អគ្គនាយកពន្ធនាគារ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ អ្នកទោសម្នាក់ ឈ្មោះ សោម ឯក បានរត់គេចខ្លួនបាត់ បន្ទាប់ពីមន្រ្តីអនុរក្សពន្ធនាគារយករូប លោកទៅពិនិត្យជំងឺនៅមន្ទីរពេទ្យរុស្ស៊ី។

អគ្គនាយកពន្ធនាគាររូបនោះបានបញ្ជាក់ទៀតថា ការរត់គេចខ្លួនរបស់អ្នកទោសនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១យប់មិញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ អ្នកទោសឈ្មោះ សោម ឯក ខាងលើនេះ គឺជាប់ពាក់ព័ន្ធនឹងការដាក់បង្កៃគ្រាប់បែក​ នៅខាងមុខក្រសួង ការពារជាតិនាពេលកន្លងទៅ។  

​លោក សោម ឯក ហៅ ជា គឹម​ហ៊ួ​ន ជា​អតីត​ទាហានចូល​បំរើការ​នៅ​ក្រសួងការពារជាតិ តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​២០០៣​។ លោក សោម ឯក ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន៤៦ឆ្នាំ​។ ក្នុងនោះករណី​ទី​១ ពីបទ​បង្កើត​ចលនា​កងទ័ពក្បាល​ខ្លា ដោយ​ខុសច្បាប់ ដែល​ត្រូវ​តុលាការផ្តន្ទាទោស​ដាក់ពន្ធនាគា​រចំនួន១៨​ឆ្នាំ និង​មួយ​ករណី​ទៀត ពីបទ​បំផ្ទុះ​គ្រាប់ធ្វើ​ភេវ​រកម្ម នៅមុខ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០០៩ ដោយ​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ចំនួន២៨​ឆ្នាំ៕

 

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Social news Phnom Penh